ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ដឹកនាំ​គណប្រតិភូ​ដែលមាន​សមាសភាព​ចម្រុះ ពោលគឺ​ទាំង​យុវជន និង ធុរជន​ផ្នែក​កសិកម្ម ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល​ពីថ្ងៃ​ទី ២៧ ដល់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២​។

​លោក​បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង នាំយក​វិស័យ​ឯកជន​ឈានមុខ​កម្ពុជា និង​ក្រុមយុវជន​មួយចំនួន ទៅធ្វើ​ការសិក្សា​ស្វែងយល់ និង​ដកស្រង់​និង​ផ្លាស់ប្តូរ​បទពិសោធន៍​សំខាន់ៗ​លើ​ការងារ​ដឹកនាំ គ្រប់គ្រង ការអនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​របស់​ប្រទេស​អ៊ីស្រាអែល និង​ការ​ធ្វើក​សិ​-​ធុរកិច្ច ជាដើម​។

​នា​ថ្ងៃទី ២៨ ខែសីហា លោក វេ​ង សាខុន បាន​ជួបពិភាក្សា​ជាមួយ​លោក អូ​ដេ​ត ហ្វ័​រ័​រ ( Oded Forer) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៃ​រដ្ឋ​អ៊ីស្រាអែល និង​លោក ចា​ណា​ថា​ន់ ហ្សេ​ដា​កាស ( Janathan Tzedakah) តំណាង​ឲ្យ​ក្រសួងការបរទេស​នៃ​រដ្ឋ​អ៊ីស្រាអែល​។

​លោក​រដ្ឋមន្ត្រី​បន្ថែមថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​ពិតជា​បាន​រឹត​ថែម​មួ​យក​ម្រឹត​ទៀត​ដោយ​ថ្មីៗ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្កើន​កូតា​និស្សិត​ថែម​ក្នុង​មួយឆ្នាំ ៥០​នាក់​បន្ថែមទៀត​សរុប ២៥០​នាក់​ក្នុងមួយ​ឆ្នាំ​។ បច្ចុប្បន្ន​ពួកគេ​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រួមចំណែក និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ ដែល​ទទួលបាន​ពី​ប្រទេស​អ៊ីស្រាអែល​ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​ស្របតាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​បាន​បន្តថា តាមរយ​:​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ អនុវិស័យ​សាកវប្បកម្ម​កម្ពុជា​បាននិងកំពុង​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ឧទាហរណ៍​ផ្ទះ​សំណាញ់​បាននិងកំពុង​រីកដុះដាល​នៅ​ទូទាំងប្រទេស ប្រព័ន្ធ​ដំណក់ទឹក​សម្រាប់​ដំណាំ និង​បន្លែ​បាននិងកំពុង​អនុវត្ត​យ៉ាង​ទូលំទូលាយ​។

​លោក​រដ្ឋមន្ត្រី​បាន​លើកសំណើ​ជូន​ភាគី​អ៊ីស្រាអែល ឲ្យ​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​បង្ហាញ​បច្ចេកវិទ្យា​កសិកម្ម​ដែល​រដ្ឋ​អ៊ីស្រាអែល​ឈានមុខ​មានដូចជា​ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ដំណក់ទឹក ផ្ទះ​សំណាញ់ និង​ក​សិ​-​ធុរកិច្ច​។

​នាឱកាស​នោះ លោក អូ​ដេ​ត ហ្វ័​រ័​រ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​ន៍​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​៕​សរន