ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ព្យុះ​ទី​១១ ឈ្មោះ ហ៊ី​ន​ណា​មណ (HINNAMNOR) ដែល​កំពុងមាន​សកម្ម​ភាព​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​អ​គ្នេ​យ៍​ប្រទេស​ជប៉ុន​ក្នុង​កម្រិត sTS វា​អាច​នឹងមាន​កម្លាំង​ស្រូប​ខ្លាំង​នៅពេល​វា​បង្កើន​ឥទ្ធិពល​ដល់​កម្រិត TY នៅ​អំឡុង​ថ្ងៃទី​០២ ខែកញ្ញា នាំឱ្យ​នៅលើ​លំហ​សមុទ្រ និង​ឆ្នេរសមុទ្រ​របស់​កម្ពុជា​មាន​ខ្យល់​ខ្លាំង​រលក​ខ្ពស់ៗ នៅ​ចុង​សប្តាហ៍​នេះ អាស្រ័យហេតុនេះ​សូមអ្នក​ដំណើរ​ទៅកាន់​បណ្តា​កោះ​នានា​សូមជ្រាប​ជា​ដំណឹង និង​ប្រុងប្រយ័ត្ន​។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹងពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា ព្យុះ​ទី​១១​នេះ នៅពេល​វា​បង្កើន​ឥទ្ធិពល​ដល់​កម្រិត TY នៅ​ថ្ងៃទី​២ ឬ​ទី​៣ ខែកញ្ញា មាន​កម្លាំង​ស្រូប​ខ្លាំង ធ្វើឱ្យ​នៅលើ លំហ​សមុទ្រ និង​ឆ្នេរសមុទ្រ​របស់​ប្រទេស​កម្ពុ​ជាមាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ អ្នកធ្វើដំណើរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ចុង​សប្តាហ៍​នេះ សូមជ្រាប និង​ត្រូវ​ប្រយ័ត្ន​។ ចំពោះ​អំឡុង​ពី​ពេល​ពីរ​បី​ថ្ងៃនេះ​មិន​អី​ទេ ដោយសារ​របប​ខ្យល់មូសុង​និរតី​ខ្សោយ ភ្លៀង​ធ្លាក់​មិន​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ជា​ភ្លៀង​កកើត​ក្នុង​តំបន់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៣ ខែសីហា ក៏បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​ថា ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​
ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣ ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន ពី ៣៣-៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹមនឹងនោះ​ផ្នែក​ខ្លះ​ក៍​អាចមាន​ភ្លៀង​ជា​បង្គួរ​ផងដែរ ។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២ ទៅ​២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ ទៅ​៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ ។ ហើយ​ផ្នែក​ខ្លះ​ក៍​អាចមាន​ភ្លៀង​ជា​បង្គួរ​ផងដែរ ។​

​រីឯ​នៅ​តំបន់​មាត់សមុទ្រ​វិញ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣ ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ ទៅ​៣៣​អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕​