​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រញ្ជួយ​ដី​កំលាំង​៦,១​រិ​ច្ឆ​ទ័រមួយ​បាន​វាយប្រហា​រឯនា​យ​ឆ្នេរ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ឥណ្ឌូនេស៊ី​ និង​ជា​រញ្ជួយ​លើក​ទី​បី​ដែល​វាយប្រហារ​តំបន់​នេះ​ចាប់តាំងពី​ដើម​ថ្ងៃ​ចន្ទទី២៩សីហា​។

​ទីភ្នាក់ងារ​ឧតុនិយម​និង​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី បាន​កត់ត្រា​ឃើញ​រញ្ជួយ​នៅ​ជំរៅ​រាក់​នៅ​ឯនាយ​ប្រជុំ​កោះ​មេ​នតា​វ៉ា​យ​(Mentawai)​នៅ​ឯនាយ​ឆ្នេរ​ខាងលិច​កោះ​ស៊ូ​ម៉ា​ត្រា​នៅមុន​ម៉ោង​១០​កន្លះ​ព្រឹក​បន្តិច​​តែ​មិន​បង្ក​រលក​ស៊ូ​ណា​មី​ទេ​។​

​រញ្ជួយ​ដី​បី​បន្តបន្ទាប់​គ្នា​បាន​វាយប្រហារ​តំបន់​នេះ​ជាមួយនឹង​កំលាំង​កាន់តែ​កើនឡើង​ចាប់តាំងពី​ដើម​ថ្ងៃ​ចន្ទ ដោយ​រញ្ជួយ​កំលាំង​៥,២​រិ​ច្ឆ​ទ័រ​ត្រូវបាន​កត់ត្រា​ឃើញ​នៅ​មុនព្រឹក​ព្រលឹម និង​រញ្ជួយ​កំលាំង​៥,៤​រិ​ច្ឆ​ទ័រមួយ​ទៀត​កើត​ឡើង​នៅ​ជិត​មួយ​ម៉ោង​ក្រោយមក​។​

​រញ្ជួយ​កំលាំង​៦,១​រិ​ច្ឆ​ទ័​រអស់ពេល​ប៉ុន្មាន​វិនាទី​ធ្វើអោយ​អ្នកស្រុក​នៅ​កោះ​មេ​នតា​វ៉ា​យ​និង​តំបន់ភ្នំ​ជុំវិញ​មាន​អារម្មណ៍​ថា​ខ្លាំង​ហើយ​ស្វះស្វែង​រក​កន្លែង​មាន​សុវត្ថិភាព​។​

​ទីភ្នាក់ងារ​ខាងលើ​បាន​និយាយថា មិន​មាន​សេចក្តីរាយការណ៍​អំពី​ការស្លាប់ របួស​មនុស្ស​ឬ​ការខូចខាតធំដុំ​បង្ក​ឡើង​ពី​រញ្ជួយ​នេះ​នៅឡើយ​ទេ​។​

​មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​និយាយថា​អ្នកភូមិ​ជា​ច្រើន​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ខ្ពស់ៗ​និង​ព្រះវិហារ សាលារៀន​ព្រមទាំង​មណ្ឌល​សុខភាព​បាន​រង​ការខូចខាត​​តិចតួច​។​

​ទីភ្នាក់ងារ​ឧតុនិយម​និង​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី បាន​ប្រាប់​អ្នកស្រុក​កុំអោយ​ភិតភ័យ​និង​ព្រមាន​អំពី​ការរញ្ជួយ​បន្តទៀត​៕

​សិស្ស គ្រូ​និង​បុគ្គលិក​សាលារៀន​មួយ​ចេញពី​បន្ទប់រៀន​មក​នៅ​កណ្តាលវាល​បន្ទាប់​ពី​រញ្ជួយ​ដី​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​