ដោយៈ បូកគោ / កំពត​: អភិបាល​ខេត្តកំពត បាន​ក្រើនរំលឹក និង​ផ្តាំផ្ញើ​ដល់​អ្នក ដែលមាន​តួនាទី​ដឹកនាំ​ទាំងអស់ ត្រូវខិតខំ​បម្រើ​រាស្ត្រ រាជរដ្ឋាភិបាល និង​រក្សា​ការពារ​តម្លៃ នៃ​សន្តិភាព ដែលជា​គ្រឹះ​ដ៏​រឹងមាំ ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​។ លោក​បាន​ក្រើនរំលឹក នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាស្រុក​ឈូក ក្នុង​ពិធី​ប្រកាស ចូលកាន់​មុខតំណែង ជា​អភិបាលស្រុក​ឈូក​។​

​ក្នុង​ពិធី​ខាងលើ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ គ្រប់​មន្ត្រី ដែល​រាជរដ្ឋាភិបាល ផ្តល់​ការទុកចិត្ត និង​ប្រគល់​តួនាទី ជា​ថ្នាក់ដឹកនាំ ត្រូវ​បម្រើ​រាស្ត្រ បម្រើ​ប្រទេសជាតិ ពិសេស​រក្សា​ការពារ​តម្លៃ​សន្តិភាព ឱ្យបាន​គង់វង្ស ព្រោះ​ជា​គ្រឹះ​ដ៏ សំខាន់ សម្រាប់​កិច្ច​អភិវឌ្ឍ​សង្គម​។ បច្ចុប្បន្ន កម្ពុ​ជាមាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោយ​ទទួលបាន​សន្តិភាព ក្រោម​ការលះបង់​អាយុជីវិត របស់​ប្រមុខ​រាជរដ្ឋាភិបាល នាពេល​កន្លងមក​។ ដូច្នេះ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត ត្រូវ​សម្តែង នូវ​អំណរគុណ ចំពោះ​សម្តេច​តេ​ជោ ដែល​ប្រឹងប្រែង​ដោយ​លំបាក ដើម្បី​សន្តិភាព ពិតប្រាកដ​។​

​លោក​អភិបាលខេត្ត បាន​រំលឹកថាៈ អ្នក​ដែលមាន​តួនាទី ក្នុង​មូលដ្ឋាន ដូចជា មេឃុំ ចៅសង្កាត់ មេភូមិ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​ប្រើប្រាស់​យន្តការ​ដឹកនាំ ២ ជាសំខាន់​គឺ ទី​១ ត្រូវ​ប្រើប្រាស់​អំណាច​រដ្ឋ និង​អំណាចច្បាប់ ក្នុង​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ តាម​តម្រូវការ​ទាំង​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​។ ទី​២ ត្រូវ​ប្រើប្រាស់ តួនាទី​ជា​លក្ខណៈ​គ្រួសារ គឺ​ធ្វើជា​ឪពុក​ដ៏​ល្អ ដោយ​ដឹង​ពី​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ផ្តល់​ភាពកក់ក្តៅ ជូន​ពួកគាត់​ជាប្រចាំ​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​នេះ ត្រូវបាន​ប្រកាស​ផ្ទេរ និង​តែងតាំង​លោក នាក់ សុ​វណ្ណា​រី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ពី​អភិបាលស្រុក​ទឹកឈូ ជា​អភិបាលស្រុក​ឈូក ជំនួស​លោក ខៀវ រិ​ទ្ធិ​ភ័​ណ្ឌ ដែល​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​ខេត្តកំពត​៕/V​