ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី ចូលកាន់​តំណែង​អភិបាលរង​ខេត្ត​ថ្មី ចំនួន ៥ រូប និង​នាយក​រដ្ឋបាល ១​រូប ដែលនាំឱ្យ​តំណែង​នេះ កើន​ដល់ ១០ រូប ក្នុង​អាណត្តិ អភិបាលខេត្ត​ទី​១១ នៃ​ខេត្តបន្ទាយមានជ័យ គឺ​លោក អ៊ុ រាត្រី ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើ​របាយការណ៍​ស្វាគមន៍ និង​សង្ខេប​ពី ស្ថានភាព​ទូទៅ និង​វឌ្ឍនភាព​លើ​ការងារ​របស់ខ្លួន ក្នុង​រយ​:​ពេល​ចុងក្រោយ ហើយ​មាន​ក្តី សង្ឃឹមថា ធនធាន​ថ្នាក់ដឹកនាំ​ថ្មី បន្ថែមទៀត​របស់​ខេត្ត នឹង​ជួយ​ខេត្ត ឱ្យមាន​ដំណើរការនិង​សម្រេចបាន​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត ។​

​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ក្រសួងមហាផ្ទៃ បាន​អាន​អនុក្រឹត្យ ស្តីពី​ការតែងតាំង មន្ត្រីរាជការ ដែល​បាន​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ប្រកាស ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានកំណត់​តែងតាំង​មន្ត្រីរាជការ គឺ​អភិបាលរង​ថ្មី ខេត្តបន្ទាយមានជ័យ ៥​រូប រួមមានៈ ១-​លោក ប្រាក់ ប៉ូ​លី មន្ត្រី​ក្រសួងមហាផ្ទៃ (​អតីត​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​)​។ ២-​លោក ឈឿង ក្រៃ​យ៉ុង មកពី​នាយក​រដ្ឋបាល​សាលាខេត្ត ។ ៣-​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ។ ៤-​លោក យឹម សំណាង អ ភិ​បាល​ស្រុក​អូរជ្រៅ ។ ៥-​លោក ឃ្លោក ណួ​យ អភិបាលរង​ខេត្ត​ប៉ៃលិន (​ជំនួស​លោក អោម ចន្ថា អភិបាលរង​ខេត្ត ដែល​ផ្ទេរ​ទៅ​បម្រើ​ការងារ នៅ​ក្រសួងមហាផ្ទៃ​) ហើយ​ជាមួយគ្នានេះ ប្រគល់​តំណែង​លោក ណង វុទ្ធី ពី​នាយករង ឡើងជា​នាយក​រដ្ឋបាល សាលាខេត្ត នេះ​ផងដែរ ។​

​លោក ឈឿង ក្រៃ​យ៉ុង ជា​តំណាង​មន្ត្រី​ឡើង​តំណែង ដែល​ទើបបាន​តែងតាំង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ឱ្យបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ ។​

​នាឱកាស​នោះ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំប្រឹងប្រែង របស់​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា មន្ត្រីរាជការ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ ជុំវិញ​ខេត្ត បាន​សហការគ្នា ក្នុងការ​អភិវឌ្ឍ​ឱ្យ​ខេត្ត
​មានការ​រីកចម្រើន គួរឱ្យកត់សម្គាល់​។​

​លោក​ក៏បាន​ជំរុញ​អភិបាលរង​ខេត្ត​ថ្មី ដែល​ទើបបាន​តែងតាំង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត ក្រោយ​រាជរដ្ឋាភិបាល ផ្តល់​សេចក្តីទុកចិត្ត តែងតាំង​ជា​អភិបាលរង​ខេត្ត ត្រូវខិតខំ​ធ្វើការ​ងារទាំង​ក្នុង​រដ្ឋបាលខេត្ត និង​ជាមួយ​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ បន្ថែមទៀត ។​

​សូម​រំលឹកថា ខេត្តបន្ទាយមានជ័យ ត្រូវបង្កើត​ឡើង​ដោយ អនុក្រឹត្យ ច្បាប់​លេខ ៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្តដោយ​អនុក្រឹត្យ​លេខ ១០ អនក្រ ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។​

​ខេត្ត​នេះ ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ ថ្ងៃទី​៧ ខែមករា ឆ្នាំ ១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ។ ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត ៥ ស្រុក ខាងជើង ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨ បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត ខេត្តសៀមរាប – ឧ​ត្ត​រ​មានជ័យ​។ ប៉ុន្តែ​ជា​បន្ត​បន្ទាប់មក ក្រោយ​ឆ្នាំ​១៩៩៣ , ១៩៩៦, ២០០៥ ក៏បាន​បង្កើត​ស្រុក​បន្ថែមទៀត ។​

​ខេត្ត​នេះ មាន​ចម្ងាយ ៣៥៩ គ​.​ម ភាគ​ពាយ័ព្យ រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងកើត ជាប់​នឹង​ខេត្តសៀមរាប ខាងលិច ជាប់​នឹង​ប្រទេស​ថៃ ខាងជើង ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ជាប់​នឹង​ប្រទេស​ថៃ ខាងត្បូង ជាប់​នឹង​ខេត្តបាត់ដំបង ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង ១៥៣ គ​.​ម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ។​

​បច្ចុប្បន្ន ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាលខេត្ត មាន​ផ្ទៃដី​សរុប ៦.៦៧៩ គីឡូម៉ែត្រ​ក្រឡា ។ រដ្ឋបាលខេត្ត ចែកជា ២ ក្រុង គឺ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត និង ៧ ស្រុកគឺ​ស្រុក​មង្គល​បូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក និង ម៉ាឡៃ​។ ក្រុង​-​ស្រុក ទាំង ៩ ចែកចេញ ជា ១០ សង្កាត់ និង ៥៧ ឃុំ​។ គិត​ចាប់តាំងពី​ដំណើរការ រដ្ឋបាលខេត្ត ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ (​ប្រធាន​គណៈកម្មាធិការ​ប្រជាជន , អភិបាលខេត្ត​) ចំនួន ១១ រូប​ហើយ ៕/V