​ប្រែ​សម្រួលៈ​បំណង​(ST)៖ ថៃ​និង​វៀតណាម​បាន​យល់ព្រម​សហការគ្នា​នៅក្នុង​ការបង្កើន​ថ្លៃ​អង្ករ​នៅ​ទីផ្សារ​ពិភពលោក នេះ​បើ​តាម​មន្ត្រី​កសិកម្ម​ថៃ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការពិភាក្សា​គ្នា​​អស់​រាប់​ខែ​ក្នុង​បំណង​ធ្វើអោយ​ប្រសើរ​ចំណូល​អ្នក​ជនបទ​។​

​ទីប្រឹក្សា​រដ្ឋមន្ត្រី​កសិកម្ម​និង​សហករណ៍​ថៃ​លោក អា​ឡុងកន ផុន​ឡា​ប៊ូ​ត​(Alongkorn Ponlaboot)​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រោយ​កិច្ចពិភាក្សា​ជុំ​ថ្មី​ជាមួយ​មន្ត្រី​វៀតណាម​ថា «​នេះ​​ជា​លើកដំបូង​ដែល​ថៃ​និង​វៀតណាម​…​បាន​យល់ព្រម​សហការគ្នា​នៅក្នុង​ការដំឡើងថ្លៃ​អង្ករ​នៅក្នុង​ទីផ្សារ​ពិភពលោក​»​។​

​លោក អា​ឡុងកន ផុន​ឡា​ប៊ូ​ត​បាន​និយាយថា «​គោលដៅ​នេះ​នឹង​សំរេច​បាន​ដែរ​ឬ​អត់ ខ្ញុំ​មិន​ធានា​ទេ​។​តែ​ថ្ងៃនេះ​យើង​បាន​ចាត់វិធានការ​ដំបូង​រួមគ្នា ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​កសិកម្ម​»​។​

​សូមបញ្ជាក់​ថា វៀតណាម​និង​ថៃ​បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​អំពី​បញ្ហា​ថ្លៃ​អង្ករ​នេះ​កាលពី​ខែ​ឧសភា​។ អ្នកនាំពាក្យ​ថៃ​ម្នាក់​​នៅពេល​នោះបាន​និយាយ​ថា កម្មវត្ថុ​នៃ​កិច្ច​ពិភាក្សា​គឺ​ដើម្បី​ដំឡើង​ថ្លៃ​​អង្ករ​នាំចេញរបស់​គេ​នៅ​ទីផ្សារ​ពិភពលោក​និង​បង្កើន​ចំណូល​របស់​កសិករ​។​

​ប្រទេស​ទាំង​ពីរ​តំណាងអោយ​ប្រមាណ​១០​ភាគរយ​នៃ​ផលិតកម្ម​អង្ករ​លើ​ពិភពលោក​និង​ប្រមាណ​២៦​ភាគរយ​នៃ​ការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភពលោក នេះ​បើ​តាម​ទិន្នន័យក្រសួង​កសិកម្ម​អាម៉េរិក​។​

​ទោះ​ជា​បាន​ព្រមព្រៀង​ដូច្នេះ​តែ គេ​នៅ​មិនទាន់​ដឹង​ថា​តើ​ប្រទេស​ទាំង​ពីរ​នឹង​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចេញ​របស់​គេ​នៅពេលណា រីឯ​កំណត់ហេតុ​កិច្ចពិភាក្សា​ក៏​នៅ​មិន​ទាន់​បញ្ជូន​ទៅ​កាន់​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​​ពីរ​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា សមាគម​ស្បៀង​និង​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀត​ណា​ម មិន​បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​៕

​វៀតណាម​និង​ថៃ​តំណាងអោយ​ប្រមាណ​១០​ភាគរយ​នៃ​ផលិតកម្ម​អង្ករ​លើ​ពិភពលោក​