ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ឆ្នាំ​២០២២ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំងនិង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌ របស់​អង្គភាព ដោយ​នាំយក​អង្ករ ចំនួន ៧៥ គីឡូក្រាម មី​១​កេះ ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ អាវ​រងា​១ មុង​១ ម៉ាស់​១​ប្រអប់ ជែ​ល​លាងដៃ ៣​ដប រួម​នឹង​ថវិកា​មួយចំនួន ដែលជា​អំណោយ របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ប្រគល់ជូន​ផ្ទាល់​ដល់ដៃ ប្រជាពលរដ្ឋ​ទីទ័លក្រ មាន​ជំងឺ​ប្រចាំកាយ ពីរ​នាក់ ប្ដី​ប្រពន្ធ នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​លោក សុខ វាសនា ដែលជា​មេភូមិ​ថ្មី បានបញ្ជាក់​ថាៈ ប្រជាពលរដ្ឋ​ទាំង ពីរ​នាក់ ប្តី​ប្រពន្ធ សុទ្ធតែជា​អតីត​មេភូមិ ដោយ​ដំបូង​ប្រពន្ធ ជា​មេភូមិ​បាន ៣ ឆ្នាំ ក៏មាន​ជំងឺលើសឈាមស្លាប់​មួយ​ចំហៀង​ខ្លួន ដោយ​ប្តី ជា​អ្នក​មើលថែ ។ ក្រោយមក ប្តី​របស់​អ៊ុ​ស្រី មេភូមិ​នោះ ដែល​ធ្លាប់ជា​អតីត​យោធា​ស្រុក ផង​នោះ ត្រូវបាន​ថ្នាក់ដឹកនាំ ចាត់តាំង​ឲ្យ​ធ្វើជា​មេភូមិ​ជំនួស​អ៊ុ​ស្រី ជា​ប្រពន្ធ ដែល​ឈឺ​ដើរ​មិន​រួច​។ ក្រោយពី​ធ្វើជា មេភូមិ បាន​មួយ​រយៈពេល ប្រហែលជា ៨​ឆ្នាំ អ៊ុ​ប្រុស​ក៏មាន​ជំងឺ លើសឈាម និង​ស្លាប់​មួយ​ចំហៀង​ខ្លួន បន្តទៀត​ដែរ​។

​បច្ចុប្បន្ន គ្រួសារ​ពួកគាត់ រស់នៅ​ដោយសារ​អ្នកស្រុក អ្នកភូមិ ហុច​ឲ្យ​ស្ទើរតែ​រាល់ថ្ងៃ ដោយសារ​ពួកគាត់ មិនអាច​ចេញទៅ ធ្វើការ រកស៊ី​អ្វី​បានឡើយ ។​

​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​យ៉ាប់យឺន​របស់​ពួកគាត់ ទាំងពីរ​នាក់ ប្តី​ប្រពន្ធ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ឆ្នាំង បានសម្រេច​ផ្តល់​អង្ករ ជូន​ពួកគាត់​ទាំង ពីរ​នាក់ ចំនួន ៥០ គីឡូក្រាម ជា​រៀងរាល់ខែ ដើម្បី​ជួយ​សម្រួល​ដល់ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគាត់ ៕/V​