ដោយៈ បូកគោ / កំពត​: អនុប្រធាន​ទីមួយ នៃ​អាជ្ញាធរ​មីន​កម្ពុជា បាន​បញ្ជាក់ថាក្រុមការងារ នឹង​ខិតខំ​បោសសម្អាត​មីន ឱ្យ​អស់ពី​ទឹកដី​ខេត្តកំពត អំឡុងពេល ១១ ខែ​ខាងមុខ​។ អាជ្ញាធរ​មីន នឹង​ប្រកាស​ខេត្តកំពត ព្រមទាំង​ខេត្ត​បួន​ផ្សេងទៀត ជា​ខេត្ត​អស់​មីន​នៅ​ឆ្នាំ​២០២៣​។​

​នា​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ មាន​កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​វិស័យ​មីន នៅ​កម្ពុជា និង​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោសម្រាប់​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម ដើម្បី​ខេត្តកំពត​អស់​មីន​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​មានប្រសាសន៍ថា ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេចនាយក​រដ្ឋមន្ត្រី​អាជ្ញាធរ​មីន បានដាក់​ពង្រាយ​កម្លាំង​របស់ មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ក្នុង​ខេត្ត​ចំនួន​ប្រាំដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន លើ​ទំហំ​ផ្ទៃដី​ប្រមាណ ៣១ គីឡូម៉ែត្រ​ក្រឡា​។ខេត្ត​ទាំងនោះ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពត​និង​ខេត្តស្វាយរៀង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា សម្រាប់​ខេត្តកំពត បន្ទាប់ពី​បាន​បោសសម្អាត​មីន​លើ​ទំហំ​ផ្ទៃដី ប្រមាណ​ជិត ១១ គីឡូម៉ែត្រ​ក្រឡា ដែលមាន ១២១ ចម្ការ អាជ្ញាធរ​នឹងត្រូវ​ប្រកាស​ជា​ខេត្ត អស់​មីន នា​ឆ្នាំ​២០២៣ ខាងមុខ​។ ការងារ​នេះ ត្រូវ​ធ្វើឱ្យ​រួចរាល់
​ក្នុង​រយៈពេល ១១​ខែ គិត​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ។​ចំណែក​ខេត្ត​បួន​ទៀត ក៏​នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​២០២៣ខាងមុខនេះ​ផងដែរ​។​

​លោក លី ធុជ បាន​បន្តថា អាជ្ញាធរ​មីន​ដែលជា​សេនាធិការ ឱ្យ​រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​សម្របសម្រួល ជាមួយ​សហគមន៍​ផ្តល់ជំនួយ ដើម្បី​ឆ្ពោះទៅកាន់​កម្ពុជាអស់​មីន នៅ​ឆ្នាំ​២០២៥​។ បោសសម្អាត​មីន ជាការ​ងារ​ដែល​ត្រូវការ​ពេលវេលា សម្ភារ​:​និង​ថវិកា​គាំទ្រ​ច្រើន​។​

​លោក អ៊ុ ភូមិ​រ៉ូ អគ្គនាយករង នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មី​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា​ផ្ទៃដី​មីន ជិត ១១ គី​ម៉ែត្រក្រឡា ដែល​ត្រូវ​បោសសម្អាត ក្នុង​ខេត្តកំពត រួមមាន​ស្រុក​អង្គរជ័យ ជិត ១៧០ ហិកតា ស្រុក​បន្ទាយមាស ជិត ១៦០ ហិកតា ស្រុក​ឈូក ជិត២៥០ ហិកតា ស្រុក​ជុំ​គិរី ជិត ៤០០ ហិកតា ស្រុក​ដងទង់ ជិត ៧០ ហិកតា ​និង​ស្រុក​ទឹកឈូ ជិត ៧០ ហិកតា​៕/V​