ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អន្តរជាតិ (Jerusalem International Cooparetion Center, ICC) នៃ​រដ្ឋ​អ៊ីស្រាអែល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​កម្ពុជា​ចំនួន ២០០​នាក់​ដែល​បានបញ្ចប់ វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​កសិកម្ម​រយ​:​ពេល ១១​ខែ នៅ​រដ្ឋ​អ៊ីស្រាអែល (​ឆ្នាំ​សិក្សា​២០២១ -២០២២)​។

​លោក រដ្ឋមន្ត្រី បាន​ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែល បាន ផ្តល់ កិច្ចសហប្រតិបត្តិការ​បាន​យ៉ាង​ល្អជា​មួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយ​:​ទទួលយក​និស្សិត​កម្ពុជា​ឆ្នាំ​ទី​៣ មកពី​តាម​បណ្តា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​នៅ​ទូទាំងប្រទេស​មក​ហាត់​ការ​នៅតាម​បណ្តា​ក្រុមហ៊ុន និង​កសិដ្ឋាន​នៅ​ទូទាំង​រដ្ឋ​អ៊ី​ស្រា អែល​។


​លោក​រដ្ឋមន្ដ្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ​សម្រេចបាន​ក្នុង​រយ​:​ពេលកន្លងមក ហើយ​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ឈាន​ឡើងជា​លំដាប់​។

​លោក រដ្ឋមន្ដ្រី​បានបង្ហាញ​ទឹកចិត្ត​សប្បាយរីករាយ និង​ចូលរួម​អបអរសាទរ​ដល់​និស្សិត​កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា​ប្រកប ដោយ​ជោគជ័យ ហើយ​បញ្ជាក់​ច្បាស់​ថា​ភាពជោគជ័យ​របស់​ក្មួយៗ គឺ​បានមកពី​ការ​ឆក់យក​ឱកាស​ដ៏​ប្រសើរ​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​តាមរយ​:​ការសិក្សា​រៀនសូត្រ ក្រេបជញ្ជក់​នូវ​រាល់​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​នៅក្នុង​មន្ទីរពិសោធន៍ រោងចក្រ​កែច្នៃ ចម្ការ​បន្លែ ផ្លែឈើ ពូជ​ដំណាំ ថ្នាល​ពិសោធន៍ កសិដ្ឋាន​គោ​ទឹកដោះ និង​ផ្កា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​របស់​រដ្ឋ​អ៊ីស្រាអែល​ក្នុង​រយ​:​ពេល ១១​ខែ​កន្លងមក​។ ពិតណាស់​លទ្ធផល​រប​ស់​ក្មួយៗ​នា​ថ្ងៃនេះ បើ​គ្មាន​ការ​អំណត់ អត់ធន់​ព្យាយាម តស៊ូ​រៀនសូត្រ និង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​ក្លាយជា​និស្សិត​មាន​សក្តានុពល​ក្មួយៗ​ក៏​គ្មាន​ថ្ងៃ​នេះដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​របស់​ក្មួយៗ គឺជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​កសាង និង​អភិវឌ្ឍ​ប្រទេស ជាតិ និង​ជាពិសេស​សម្រាប់​កសាង​ជោគវាសនា និង​អនាគត​ដ៏​ភ្លឺស្វាង​របស់​គ្រូ​សារ និង​ខ្លួនឯង​ផ្ទាល់​។

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​និស្សិត​គ្រប់រូប​ត្រូវ​នាំយក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ត្រឡប់​ទៅកាន់​មាតុភូមិ​យើង​វិញ ដើម្បី​នាំគ្នា​ចូលរួម​ទាំង​កាយ ចិត្ត និង​ចំណេះដឹង​បច្ចេកទេស​កសិកម្ម​ល្អៗ​ទៅ​កសាង និង​អភិវឌ្ឍ​ប្រទេស​យើង​ឲ្យ​មានការ​រីកចម្រើន សម្បូរ​សប្បាយ ពិសេស​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ជា​ជំហានៗ​ប្រកបដោយ​ចីរភាព និរន្តរភាព មាន​លក្ខណ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រ​ប្រួល​អាកាសធាតុ និង​នរ​វា​នុ​វត្ត​ន៍ ស្ថិតក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខសន្តិភាព និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ស្ថាបនិក​សន្តិភាព​។

​លោក​រដ្ឋមន្ត្រី បាន​ជូនពរ​ឲ្យ​ក្មួយៗ​និស្សិត​ទាំង ២០០​នាក់​ធ្វើដំណើរ​ត្រឡប់​ទៅ​មាតុប្រទេស​វិញ​ជួបជុំ​គ្រួសារ ប្រកបដោយ​សុខ​សុវត្ថិភាព​។

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​កម្ពុជា​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន AgroStudies (Agriculture Capacity Building) តាំងពី​ឆ្នាំ​២០០៨ ។ គិត​មកដល់​ឆ្នាំ​សិក្សា​២០២១-២០២២ AgroStudies បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​ចំនួន ១ ៤៦៩​នាក់​រួចហើយ​៕​