ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការ​វាយ​តំលៃ​ជំហាន​ដំបូង​ប៉ាន់ប្រមាណ​ថា ការខូចខាត​បណ្តាលមកពី​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​នាពេល​បច្ចុប្បន្ន​មាន​តំលៃ​ជាង​១០​ពាន់​លាន​ដុល្លារ​ហើយ​ពិភពលោក​មាន​​កាតព្វកិច្ច​ជួយ​ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ​ក្នុង​ការដោះស្រាយ​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​បង្កឡើង​ដោយ​មនុស្ស នេះ​បើ​តាម​រដ្ឋមន្ត្រី​ផែនការ​របស់​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់​ប្រាប់​កាលពី​​ថ្ងៃ​ចន្ទ​។​

​ជំនន់​ដ៏​អាក្រក់​មិន​ដែលធ្លាប់​មាន​បាន​បង្ក​ការលិចលង់​ផលដំណាំ បំផ្លាញស្ពាន ផ្លូវថ្នល់​និង​ហេដ្ឋារចនាសម្ពន្ធ​ផ្សេងៗ ហើយ​សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ព្រមទាំង​ប៉ះ​​ពាល់​ការរស់នៅ​របស់​មនុស្ស​ជាង​៣៣​លាន​នាក់ ដែល​ស្មើនឹង​១៥​ភាគរយ​នៃ​ប្រជាជន​២២០​លាន​នាក់​របស់​ប៉ា​គី​ស្ថាន​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ខាង​ការ​ប្រែប្រួល​អាកាសធាតុ បាន​ហៅ​ស្ថានការណ៍​នេះ​ថា​ជា​«​គ្រោះមហន្តរាយ​មនុស្សធម៌​បង្កឡើង​ដោយ​មនុស្ស​»​មួយ​។​លោក អា​សាន អ៊ី​កបាល់​(Ahsan Iqbal)​បាន​ប្រាប់​ទី​ភ្នាក់​​ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ខ្ញុំ​គិតថា​វា​ធំធេង​ណាស់​។​តាំងពី​មុន​មក ការ​វាយ​តំលៃ​នៅ​ជំហាន​ដំបូង​បង្ហាញថា​វា​បង្ក​ការខូចខាត​ធំធេង​ណាស់ គឺ​ជាង​ដប់​ពាន់​លាន​ដុល្លារ​។​មនុស្ស​ជាង​១.០០០​នាក់​បាន​ស្លាប់​​។​មានការ​ខូចខាត​ផ្ទះ​ជិត​មួយ​លាន​ខ្នង ប្រជាជន​ស្ទើរបាត់​បង់មធ្យោបាយរស់នៅ​ទាំងស្រុង​»​។​

​លោក​អ៊ី​កបាល់ បានចាត់ទុក​ជំនន់​បច្ចុប្បន្ន​ថា​អាក្រក់​ជាង​ជំនន់​កាលពី​ឆ្នាំ​២០១០ ដែល​ពេលនោះ​អង្គការសហប្រជាជាតិ​បានចេញ​ការអំពាវនាវ​រក​ជំនួយ​គ្រោះមហន្តរាយ​ធំ​បំផុត​របស់​ខ្លួន​។​លោក​បាន​​អះអាងថា វា​ត្រូវការ​ពេល​ប្រាំ​ឆ្នាំ​ដើម្បី​ស្ថាបនា​និង​ស្តារ​ប្រជាជាតិ​នេះ​ឡើង​វិញ ហើយ​នៅ​អនាគត​ដ៏​ខ្លី​ប៉ា​គី​ស្ថាន​ប្រឈម​ការខ្វះខាត​ស្បៀង​យ៉ាង​អត្តខាត់​។​

​ដើម្បី​កាត់បន្ថយ​ការខ្វះខាត​នេះ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​បាន​និយាយថា ប្រទេស​លោក​អាច​ពិចារណា​នាំចូល​បន្លែ​មក​ពី​ឥណ្ឌា ទោះ​ជា​សត្រូវ​នឹង​គ្នា​។​

​សូមបញ្ជាក់​ថា ប្រទេស​មាន​នុយក្លេអ៊ែរ​ទាំងពីរ​នេះ មិន​ធ្វើ​ពាណិជ្ជកម្ម​នឹង​គ្នា​អស់​ពេល​ដ៏​យូរ​។​

​ប៉ា​គី​ស្ថាន​ខាងត្បូង និរតី​និង​ខាងជើង​បាន​និង​កំពុង​រង​ការលិចលង់​ដ៏​អាក្រក់ ដោយ​ទឹក​ពន្លិច​ដី​កសិកម្ម​ធំ​ល្វឹងល្វើយ និង​កាត់ផ្តាច់​តំបន់​ទាំងនោះ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​អស់​ពេល​ជាច្រើន​ថ្ងៃ​។​​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​បាន​ចាកចោល​ផ្ទុះ​របស់​គេ​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព ទៅកាន់​ផ្ទះ​បងប្អូន​ឬ​ទៅកាន់​ជំរំ​គ្រប់គ្រង​ដោយ​រដ្ឋ នៅពេល​មួយចំនួនធំ​ទៀត​ចំណាយពេល​រាប់​ថ្ងៃ​នៅ​កណ្តាល​ទឹក​ដើម្បី​​រង់ចាំ​ជំនួយ ដូច​ជា​ជម្រក​តង់ ស្បៀង​និង​ថ្នាំពេទ្យ​។​

​ប៉ា​គី​ស្ថាន​បាន​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ និង​ប្រទេស​ខ្លះ​បាន​សន្យា​ជួយ​ឬ​បញ្ជូន​ជំនួយ​ទៅ​រួច​ហើយ​៕

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ភ្លៀង​រដូវវស្សា​បង្ក​ការ​ជន់​លិច​នៅ​ទូទាំង​ប៉ា​គី​ស្ថាន​ក្នុង​ទំហំធំធេង​មិនដែល​ធ្លាប់មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ​