ដោយ​:​សុខុម​/​ស្ទឹងត្រែង​: នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២២ តុលាការខេត្ត​ស្ទឹងត្រែង បាន​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់ ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដាក់ពន្ធនាគារ ក្រោយពី​មន្ត្រី​យោធា រូបនោះ​បាញ់​ប្រពន្ធ​ធ្លាយ​ពោះ​ពី​ខាងឆ្វេង​និង​ជើង​ម្ខាង​រងរបួស​ធ្ងន់ធ្ងរ​។

ករណី​ប្រើប្រាស់​អាវុធ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ២៦ ខែសីហា​នៅ​ចំណុច​ខ្ទម​ចាំចម្ការ​ស្ថិតក្នុង​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍ឯក ជី​ម​អេ​ន អធិការ​នគរ​ស្រុក​សៀម​ប៉ាង បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​ប្ដី​ដែល​បាញ់​ត្រូវ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ វ៉ៃ​ឆោម អាយុ ៧១ ឆ្នាំ​មុខរបរ​ជាម​ន្ត្រី​យោធា បម្រើ​ការងារ​នៅ​វីរៈ ៣៨២ នៃ​កងពលធំ​អន្តរាគមន៍​លេខ ៣ និង​មាន​ស្រុកកំណើត​នៅ ភូមិរ​ក្សជ័យ ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​

ចំណែក​ប្រពន្ធ​ឈ្មោះ ពាន បូ​វៀន អាយុ ៤៤ ឆ្នាំ​ជា​ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​ជនរងគ្រោះ​ត្រូវ​សាច់ញាតិ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​និង​បន្តទៅ​ព្យាបាល​នៅ​ខេត្តសៀមរាប​។​

លោក​អធិការ​ស្រុក​បញ្ជាក់​បន្ថែមថា មូលហេតុ​នាំ​ឲ្យ​បង្ក​អំពើហិង្សា​ទៅលើ​ប្រពន្ធ នេះ​ដោយសារ​ប្ដី តាម​ទាន់​ប្រពន្ធ​កំពុង​សាង​ស្នេហ៍​ជាមួយ​ប្រុស​ថ្មី នៅលើ​ខ្ទម​ចម្ការ ។

ក្រោយ ហេតុការណ៍​បុរស​ជា​ប្ដី​មិនបាន​រត់គេចខ្លួន​ទេ គឺ​បាន​ទៅ​សារភាព ប្រគល់​ខ្លួន​នឹង​ប្រគល់​កាំភ្លើងខ្លី​K 54 លេខ​សម្គាល់ ១៣៦០ ជូន​សមត្ថកិច្ច នគរបាល​ស្រុក​សៀម​ប៉ាង​ក្រោយពី​ដឹងថា​ខ្លួន​បង្កកំហុស​និង​សុខចិត្ត​ទទួលទោស​ចំពោះមុខ​ច្បាប់​។​
ទាក់ទង​រឿងនេះ​សមត្ថកិច្ច​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បុរស​សាង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះទេ​៕​សរន​