​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អាជ្ញាធរ​នៅ​ទីក្រុង​សិន​ចិន​ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​បិទ​ជា​បណ្តោះអាសន្ន​នូវ​ទីផ្សារ​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​របស់​ពិភពលោក គឺ​ផ្សារ​ហួ​ឈៀង​ប៉ី (Huaqiangbei) និង​ផ្អាក​សេវាកម្ម​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ចំនួន​២៤ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ផ្ទុះឡើង​នៃ​កូវី​ដ​១៩ កាលពី​ថ្ងៃ​ចន្ទ ទី​២៩ សីហា​។​

​អគារ​សំខាន់ៗ​ចំនួន​បី​នៃ​តំបន់​ទីផ្សារ​ដ៏​ធំ​ទូលាយ ដែល​រួមមាន​តូប​រាប់ពាន់​លក់​មីក្រូ​ឈីប គ្រឿងបន្លាស់​ទូរស័ព្ទ និង​គ្រឿងបន្លាស់​ផ្សេង​ទៀត​ដល់​ក្រុមហ៊ុន​ផលិត​នានា នឹង​បិទ​រហូតដល់​ថ្ងៃទី ២ ខែ​កញ្ញា​។​

​មន្ត្រី​សហគមន៍​ក្នុង​តំបន់​បាន​បញ្ជាក់​ពី​ការបិទ​នេះ​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ ខណៈ​មនុស្ស​បី​នាក់​ដែល​ធ្វើការ​នៅ​ទីនោះ​បាន​និយាយថា​អ្នកគ្រប់គ្រង​អគារ​បាន​ប្រាប់​ពួកគេ​​ឱ្យ​ធ្វើការ​ចេញពីផ្ទះ​។​

​បណ្តាញ​ផ្លូវការ​របស់​ក្រុង​សិន​ចិន​ដូចគ្នា​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សេវាកម្ម​រថភ្លើង​ក្រោម​ដី​នៅ​ស្ថានីយ​ចំនួន ២៤ នៅ​កណ្តាល​សង្កាត់​ហ្វ៊ុយ​ធៀន (Futian) និង​លូ​ហ៊ូ (Luohu)​។​

​កាលពី​ថ្ងៃ​ចន្ទ មជ្ឈមណ្ឌល​បច្ចេកវិជ្ជា​ដែលមាន​មនុស្ស​រស់​នៅ ១៨ លាន​នាក់​នេះ​បាន​រាយការណ៍​អំពី​ករណី​កូវី​ដមាន​រោគសញ្ញា​ចំនួន​៩​និង​ករណី​គ្មាន​រោគសញ្ញា​ចំនួន​២​ពី​ការ​ធ្វើតេស្តិ៍​កាល​ពី​មួយថ្ងៃ​​មុននេះ​។​

​ចិន​ក៏​កំពុង​អនុវត្ត​ការ​រឹតបន្តឹង​ការបិទ​ខ្ទប់​នៅក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​ប៉េកាំង​កាន់តែ​ខ្លាំង​ផង​ដែរ ហើយ​នឹង​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​កំពង់ផែ ធៀន​ជីន (Tianjin) នៅ​ជិត​នោះ ដោយ​បង្កើន​ដំណើរ​ស្វះស្វែង​របស់ខ្លួន​ដើម្បី​លុបបំបាត់​កូវី​ដ​១៩​នៅ​មុន​កិច្ចប្រជុំ​សំខាន់​នៃ​មេដឹកនាំ​កំពូល​របស់​បក្ស​កុម្មុយនីស្ត​៕

​ផ្សារ​ហួ​ឈៀង​ប៉ី​បិទ​រហូត​ដល់​ថ្ងៃទី​២​កញ្ញា​