​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣០ ខែសីហា បាន​ជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ខ្សោយ ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី បក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ នៅ​ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់ ៥ ខែកញ្ញា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ លើ​ភាគ​ខាងជើង​ថៃ ឡាវ និង វៀតណាម អាច​បង្កឱ្យមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួ រ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី ខ្សោយ​ទៅ​មធ្យម ជាមួយគ្នា​នោះ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត នៅ​ទំនាប​ភាគ​កណ្ដាល និង​ភាគ​​ពាយ័ព្យ អាចមាន​ភ្លៀង​ដោយ​អន្លើរ ក្នុង​កម្រិត​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣២ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ជាមួយគ្នា​នោះ ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ដោយ​អន្លើរ ក្នុង​កម្រិត​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕/V​