​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ អគារ​បុរាណ​របស់​រដ្ឋ ឋិត​នៅ​កណ្តាល​ក្រុង​បាត់ដំបង ដែលមាន​អាយុ​មិនតិចជាង ១០០ ឆ្នាំ បាន​កែ​ប្រែជា​សារមន្ទីរ​ធនាគា​ជាតិ លើកដំបូង​ ។​

​ ដោយសារ​ការវិវឌ្ឍ​ន៍​លើ​ផ្នែក​ហិរញ្ញវត្ថុ នៅក្នុង​ខេត្តបាត់ដំបង ក៏ដូចជា ក្របខ័ណ្ឌទូទាំងប្រទេស ថ្មីៗ​នេះ រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ ឲ្យ​ធនាគា​ជាតិ​នៃ​កម្ពុជា រៀបចំ​កសាង​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ នៅលើ​ទឹកដី​ខេត្តបាត់ដំបង ជា​ផ្លូវការ លើកដំបូង ទុក​សម្រាប់​ជា​មជ្ឍមណ្ឌល​ឯកសារ រូបិយវត្ថុ​ជាតិ ប្រចាំ​តំបន់​ពាយ័ព្យ និង​ជា​កេរ្តិ៍ដំណែល ដល់​កូនចៅ អ្នកជំនាន់ក្រោយ បាន​ស្គាល់ សិក្សា​ស្វែងយល់​។​

​លោក ជា សុធន ប្រធាន​ធនាគារជាតិ​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ ២០២២ នេះ​ថាៈ ការបង្កើតឡើង​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង បានបញ្ជាក់​ពី​ការអភិវឌ្ឍន៍ ប្រព័ន្ធ​សេដ្ឋកិច្ច និង​រូបិយប័ណ្ណ ដែល​ដើរតួ​យ៉ាងសំខាន់​របស់​ខេត្ត ពិសេស​ជាការ​ស្តារឡើងវិញ នូវ​រូបិយវត្ថុ និង​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​ជាការ​ប្រមូល​ឯកសារ រូបភាព រូបិយវត្ថុ​បុរាណ ទុកជា​ភស្តុតាង ព្រមទាំង​ផ្តល់​ជាទី​កន្លែង​ផ្តល់​ចំណេះដឹង​ថ្មី​មួយទៀត មាន​លក្ខណៈ ទំនើបកម្ម សម្រាប់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ សិស្ស និស្សិត សិក្សា​ស្រាវជ្រាវ ផងដែរ​។​

​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា សាខា​ខេត្តបាត់ដំបង ជា​មណ្ឌល​ឯកសារ​រូបិយវត្ថុ​ជាតិ​ទី​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ មាន​ទីតាំង​ជា​អគារ​បុរាណ សម័យ​អាណានិគម ឋិត​នៅតាម​កំណាត់​ផ្លូវ​លេខ​១ ក្នុងភូមិ ២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕/V​