អ្នកគាំទ្រ អា​ហ្ស​ង់​ទីន​ម្នាក់​ធ្វើអត្តឃាត​ក្រោយ ចាញ់​ក្រូ​អាស៊ី នៅ World Cup

1215
ចែករម្លែក

​កាសែត The Times of India បាន​ចុះផ្សាយ​គួរឱ្យភ្ញាក់ផ្អើល​ថា បុរស​ម្នាក់​ឈ្មោះ ឌី​នូ អា​ឡិច (Dinu Alex) អាយុ ៣០ ឆ្នាំ​ដែលជា​គណនេយ្យករ​មក​ពី​ភូមិ អា​ម៉ា​នួ (Armanoor) រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា ស្រឡាញ់​ចូលចិត្ត លី​អូ​នែ​ល ម៉េ​ស​ស៊ី (Lionel Messi) តារាបាល់ទាត់ ក្រុម​អា​ហ្ស​ង់​ទីន យ៉ាងខ្លាំង​។

​គួរឱ្យ​សោកស្តាយ អ្នកគាំទ្រ​ផ្កាប់មុខ​ខាងលើនេះ​បាន​បាត់​ខ្លួន​ក្នុង​ទន្លេ មីណា​ជី​ល (Meenachil) កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ គេ​ឃើញ​ជនរងគ្រោះ​រូបនេះ​លើកចុងក្រោយ​ពេល​ទស្សនា​ការប្រកួត World Cup ដែល​ក្រុម​អា​ហ្ស​ង់ ទីន របស់ ម៉េ​ស​ស៊ី ប៉ះ​ជាមួយ​ក្រុម​ក្រូ​អាស៊ី ហើយ​ជា​លទ្ធផល អា​ហ្ស​ង់​ទីន ចាញ់​ក្រូ​អាស៊ី ៣-០​។

​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះបាន​បើក​ប្រតិបត្តិ​ការតាមរក​ជន​រងគ្រោះ​អស់​រយៈពេល​ជិត ៥០ ម៉ោង ហើយ​ទីបំផុត​បាន​ប្រទះឃើញ​សព​ក្នុង​ទន្លេ​ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​អ៊ី​លី​ក​កាល​(Illikkal)​។

​ជនរងគ្រោះ​បាន​បន្សល់ទុក​លិខិត​បណ្តាំ​អត្តឃាត​មួយច្បាប់​ក្នុង​បន្ទប់​គេង​ដែល​ទំនងជា​សំដៅ​ដល់ ការ​ស្លុតចិត្ត ទប់​អារម្មណ៍​មិនបាន​ចំពោះ​ការបរាជ័យ​របស់​កីឡាករ​សំណព្វចិត្ត​របស់ខ្លួន​។ បណ្តាំ អត្តឃាត​នោះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​គ្មានអ្វី​សល់​សម្រាប់​ខ្ញុំ​មើល​ទៀតឡើយ​ក្នុង​លោក​នេះ​។ ខ្ញុំ​លា​ហើយ​…​គ្មាន​អ្នកណា​ជា​អ្នក​ធ្វើឱ្យ​ខ្ញុំ​ស្លាប់​ឡើយ​”​។​

​មនុស្ស​ទូទាំង​ពិភពលោក បាន​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ (Twitter) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការស្លាប់​របស់​អ្នកគាំទ្រ​រូបនេះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម