​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យាន​អវកាស “​ការពារ​ភពផែនដី​” ដំបូង​គេ​បង្អស់​របស់​អង្គការ​ណា​សា ដែល​ត្រូវបាន​បញ្ជូន​ដើម្បី​រុញច្រាន​អាចម៍ផ្កាយ​មួយ​នៅ​ចម្ងាយ ១១ លាន​គីឡូម៉ែត្រ​ពី​ផែនដី កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការបំបុក​អាចម៍ផ្កាយ​ក្នុង​ល្បឿន ២៤.១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ខែ​ក្រោយ​។​

​យាន​ប្តូរ​ទិស​អាចម៍ផ្កាយ​ទ្វេ (DART) ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ខែវិច្ឆិកា នៅមុន​ការធ្វើដំណើរ​ជិត​មួយ​ឆ្នាំ​ដើម្បី​បំបុក​ចូល​អាចម៍ផ្កាយ ឌី​ម័រ​ហ្វូស (Dimorphos) ដែល​ធ្វើដំណើរ​ជុំវិញ​ភព​ធំ​មួយ ឈ្មោះថា ឌី​ឌី​ម៉ូ​ស (Didymos) ។​

​ការសង្កេត​រយៈពេល​ប្រាំមួយ​យប់​ដោយ​កែវយឹត​ដ៏​មាន​អានុភាព​ចំនួន​ពីរ ពេលនេះ​បាន​បញ្ជាក់ថា គន្លង​របស់​ឌី​ឌី​ម៉ូ​សគឺ​ស្របគ្នា​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​យាន DART តម្លៃ ៣២៥​លាន​ដុល្លារ​របស់​ទី​ភ្នាក់​​ងារ​អវកាស​អាម៉េរិក​។​

​ការសង្កេត​ទាំងនេះ​បាន​បញ្ជាក់​អំពី​ការ​គណនា​គន្លង​កាលពី​មុន​ពី​ឆ្នាំ ២០២១​។​

​ការសង្កេត​ត្រូវបាន​អនុវត្ត​នៅ​ខែ​កក្កដា​ដោយ​កែវ​យឺត Lowell Discovery Telescope នៅ​រដ្ឋ​អា​រី​ហ្សូ​ណា និង​កែវយឹត Magellan Telescope ក្នុងប្រទេស​ស៊ី​លី​។​

​លោក អែន​ឌី រី​វ​គីន (Andy Rivkin) សហប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​យាន DART នៅឯ​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន (Johns Hopkins) បាន​និយាយថា “​ការវាស់វែង​ដែល​ក្រុម​បាន​ធ្វើឡើង​នៅ​ដើមឆ្នាំ ២០២១ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ធ្វើ​ឱ្យ​ប្រាកដថា យាន DART​បាន​មក​ដល់​កន្លែង​ត្រឹមត្រូវ​និង​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​​ការបំបុកដ៏​ខ្លាំង​ទៅក្នុង​អាចម៍ផ្កាយ​ឌី​ម័រ​ហ្វូស​”​។​

“​ការបញ្ជាក់​អំពី​ការវាស់វែង​ទាំងនោះ​ជាមួយនឹង​ការសង្កេត​ថ្មី​បាន​បង្ហាញ​យើង​ថា យើង​មិន​ត្រូវការ​ការផ្លាស់ប្តូរ​ផ្លូវ​ណា​មួយ​ឡើយ ហើយ​យើង​កំពុងស្ថិត​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​បំបុក​លើ​គោលដៅ​រួចហើយ​”៕

​យាន DART កំពុង​ស្ថិត​លើ​ផ្លូវ​ដើម្បី​បំបុក​អាចម៍ផ្កាយ​ឌី​ម័​រ​ហ្វូស