​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី អ៊ី​ណាត ស្លេ​ន ( Eynat Shlein) នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍​អន្តរជាតិ​អ៊ីស្រាអែល និង ជា​អគ្គនាយករង​នៃ​ក្រសួងការបរទេស​នៃ​រដ្ឋ​អ៊ីស្រាអែល ដើម្បី​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ប្រធានបទ​សំខាន់​ចំនួន​ពីរ​ត្រូវបាន​ពិភាក្សា​នៅពេលនោះ គឺ​ទី​១. ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​តាមរយ​:​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឈរលើ​គោលការណ៍​អភិវឌ្ឍ​ធនធានមនុស្ស ដោយបាន​បញ្ជូន​និស្សិត​កម្ពុជា​មក​សិក្សា​រៀនសូត្រ​ទាំង ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​នៅ​រដ្ឋ​អ៊ីស្រាអែល​ជាង​មួយ​ទស្សវត្ស​កន្លងមក​កាន់តែ​ល្អប្រសើរ​ជា លំដាប់​។ ទី​២. ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​ទាក់ ទង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំង​សម្រាប់​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង រួមទាំង​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់​អន្តរជាតិ​លើ​ប្រធានបទ​សំខាន់ៗ​ទាក់ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ក​សិ​-​ធុរកិច្ច ការគ្រប់គ្រង និង​ដឹកនាំ​សហគ្រិន ការប្រែប្រួល​អាកាសធាតុ​។​ល​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ជាពិសេស​តាមរយ​:​ការផ្តល់​ឱកាស​ឲ្យ​និស្សិត​ដែល​រៀន​ជំនាញ​ផ្នែក​កសិកម្ម​បានមក​ធ្វើ​កម្មសិក្សា​នៅតាម​បណ្តា​ក្រុមហ៊ុន និង​កសិដ្ឋាន​ក្នុងប្រទេស​អ៊ីស្រាអែល​តាំងពី​ឆ្នាំ​២០០៨ រហូតមក​ទប់​បច្ចុប្បន្ន​មាន​រយ​:​ពេល ១៤​ឆ្នាំ​ហើយ​ជាពិសេស​ដោយ​ថ្មីៗ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្កើន​កូតា​និស្សិត​ថែម​ក្នុង​១​ឆ្នាំ ៥០​នាក់​បន្ថែមទៀត​សរុប ២៥០​នាក់​/​ឆ្នាំ​។

​លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា លោកស្រី​នឹង​អាច​ពិនិត្យ ពិចារណា​បង្កើន​ចំនួន​សិស្ស​បន្ថែមទៀត​នាពេល​អនាគត​។ ទន្ទឹមនឹងនេះ ស្នើ​ដល់​ភាគី​អ៊ីស្រាអែល​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​លើ​ការឧបត្ថម្ភ​គាំទ្រ និង​រួច​គ្នា​រៀបចំ​គម្រោង​ផ្សេងៗ​ទៀត​ដែល​អាចជា​ប្រយោជន៍​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រទេស​ទាំងពីរ​។

​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់ និង​រីករាយ​នា​ពេលដែល​សង្កេតឃើញថា​កម្ពុជា​បាន និង​កំពុង​ទទួល​អត្ថប្រយោជន៍​យ៉ាង​ល្អប្រសើរ​ពី​កិច្ចសហប្រតិបត្តិការ​នេះ​។ លោកស្រី​បន្ថែមថា ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​កាត់ ឫ​បន្ថយ​ចំនួន​សិស្ស​ពី​បណ្តាល​ប្រទេស លើកលែងតែ​កម្ពុជា​ដែល​ត្រូវបាន​បង្កើន​ទៅវិញ​។ ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​រីក​ថែម​មួយកំរិត​ទៀត លោកស្រី​បានលើកឡើង​ថា​គួរ​រួមគ្នា​រៀបចំ​គម្រោង​ពិនិត្យ ផ្តល់​ប្រឹក្សា​យោបល់ និង​តាមដាន​សកម្មភាព ភាពជោគជ័យ និង​បញ្ហា​របស់​និស្សិត​ដែល​បានបញ្ចប់​ការធ្វើ​កម្មសិក្សា​នៅ​អ៊ីស្រាអែល​។ ហើយ​បើ​អាច ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ទុន​សម្រាប់​និស្សិត​បង្កើត ឫ​ពង្រីក​អាជីវកម្ម​កសិកម្ម ដើម្បី​ធានា​ប្រសិទ្ធភាព និរន្តរភាព​នៃ​កិច្ចសហប្រតិបត្តិការ និង​ជាពិសេស​រួមគ្នា​អភិវឌ្ឍន៍​វិ ស័​យ​កសិកម្ម​កម្ពុជា​ប្រកបដោយ​ចីរភាព​។

​លោក រដ្ឋមន្ត្រី​រីករាយ​ចំពោះ​ការលើកឡើង​របស់លោក​ស្រី ព្រោះនេះ​គឺជា​យន្តការ​មួយ​ដែល​ក្រសួង​បាន និង​កំពុង​រៀបចំ ដូច្នេះ​ស្វាគមន៍​ចំពោះ​ការចូលរួម​ពី​ភាគី​អ៊ីស្រាអែល​។ លោក​បានស្នើ​ដល់​លោកស្រី គួរ​បង្កើត​ក្រុមការងារ​ជំនាញ​រវាង​ក្រសួង​ពាក់ព័ន្ធ ដោយមាន​ការសម្របសម្រួល​ពី​ស្ថានទូត​អ៊ីស្រាអែល ប្រចាំ​កម្ពុជា ដើម្បី​រៀបចំ​សេចក្តីព្រាង​ឯកសារ​អនុស្សរណ​នៃ​ការយោគយល់​គ្នា​៕​