ដោយ​៖​ ដេប៉ូ​/​ភ្នំពេញ​៖ ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានអនុញ្ញាត​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជប៉ុន រយៈពេល​១​ឆ្នាំ តាមរយៈ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង (Young Leaders Program) ជួប​សំណេះសំណាល និង​ទទួល​អនុសាសន៍​។​

​ក្នុង​ពិធី​សំណេះសំណាល​ដែល​បានរៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ លោក រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​ដែលមាន​ឱកាស​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា ក្នុងនាម​យើង​ជា​មន្ត្រីរាជការ ត្រូវ​ស្វែងយល់​ពីអ្វី​ជា​ភាពជា​អ្នកដឹកនាំ រៀន​ស្តាប់​ថ្លឹងថ្លែង​អំពី​បញ្ហា និង​សិក្សា​ស្វែងយល់​អំពី​ដំណោះស្រាយ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។​

​លោក សាយ សំ​អាល់ បន្តថា នេះ​ជា​មោទនភាព​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សង្គមជាតិ​ទាំងមូល ដែលមាន​មន្ត្រីរាជការ​វ័យក្មេង ប្រកបដោយ​សក្កា​នុព​ល ទេពកោសល្យ និង​វិជ្ជាជីវៈ ទទួលបាន​ឱកាស​ដ៏​មានតម្លៃ ដើម្បី​ក្រេប​យក​នូវ​ចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និង​ភាពជា​អ្នកដឹកនាំ សម្រាប់​ជា​ប្រយោជន៍​ដល់​ការ អភិវឌ្ឍ សមត្ថភាព​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ ជាពិសេស ត្រូវ​រៀនសូត្រ​ពី​គេ ដើម្បី យកចំណេះ​ជំនាញ​មក​អភិវឌ្ឍន៍​អាជីព មុខរបរ និង​ការងារ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ឱ្យ​រីកចម្រើន​បន្ថែមទៀត​៕​