ដោយ​: ជា សីហៈ / ភ្នំពេញ​: កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ សិល្បករ សិល្បការិនី នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​សម្តែង​សាកល្បង​នូវ​សិល្បៈ​ទស្សនីយភាព​ចម្រុះ​ដើម្បី​សម្ដែង ក្នុង​កម្ម​ពិធី​បើក​កិច្ចប្រជុំ និង​ពិធី លៀង​សាយភោជន៍ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខេត្តសៀមរាប​នា​ខែកញ្ញា​ខាងមុខ​។​

​ការសម្ដែង​សាកល្បង នៃ​សិល្បៈ​ទស្សនីយភាព​ចម្រុះ​នេះ រៀបចំឡើង​នៅ​រោង​មហោស្រព នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ដោយមាន​ការចូលរួម​ដោយ​លោកស្រី ម៉ិ​ញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកស្រី តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ដោយ​អ្នកជំនាញ​ជាច្រើនរូប​។​

​តាម​ការគ្រោងទុក កម្ពុជា​នឹង​រៀបចំ​យក​ខេត្តសៀមរាប​ទទួល​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅក្នុង​ខែកញ្ញា​ដ៏​ខ្លី​ខាងមុខនេះ​៕​