​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ កងកម្លាំង​អន្តរាគមន៍​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ត្រូវ​បានប្រគល់​ភារៈកិច្ច​ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ ពិសេស​គ្រោះទឹកជំនន់​ដែល​អាច​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ធាតុអាកាស​ដែល​បាន​កើតមានឡើង​ក្នុង​រយៈពេល​ដែលមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ នឹង​យោធិន​គ្រប់រូប នៃ​កងកម្លាំង​អន្តរាគមន៍​ទាំងអស់ របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ប្រុងប្រៀប​កងកម្លាំង មធ្យោបាយ និង​សម្ភារ តាម​ផែនការ ដើម្បី​រង់ចាំ​អនុវត្តតាម​បទបញ្ជា​ដែល​ថ្នាក់លើ​បានប្រគល់​ជូន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានប្រគល់​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ដល់​កងកម្លាំង​អន្តរាគមន៍​ទាំងអស់ ត្រូវ​ត្រៀមខ្លួន ត្រៀម​មធ្យោបាយ និង​សម្ភារ តាម​ផែនការ ដើម្បី​ធានា​ការអនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ក្នុងការ​បម្រើប្រជាជន​ឲ្យ​ទាន់ពេលវេលា​។

​លោក​មេបញ្ជាការ​កងពល ក៏បាន​អប់រំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ ដល់​កងកម្លាំង​ទាំងអស់​បន្ត​ប្រុងប្រយ័ត្ន​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ ៣​ការពារ និង ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​របស់ ក្រសួងសុខាភិបាល​៕​