ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ីរ៉ង់​បាន​បិទ​ព្រំដែន​ដីគោក​របស់ខ្លួន​ជាមួយ​អ៊ីរ៉ាក់​ខណៈ​ជើងហោះហើរ​ទៅកាន់​ប្រទេស​នេះ​បាន​ផ្អាក​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​ចំពេល​មាន​អំពើ​ហិង្សា​​នៅ​ទីក្រុង​បា​ដា​ត បន្ទាប់​ពី​ការប្រកាស​របស់​បព្វជិត​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ថា​គាត់​នឹង​លាឈប់​ពី​នយោបាយ​។​

​ចំនួន​ជនជាតិ​អ៊ីរ៉ាក់​ស្លាប់​បាន​កើនឡើង​ដល់ ២៣ នាក់​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ភាពចលាចល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​យោង​តាម​មន្ត្រី​ពេទ្យ​ពីរ​នាក់​។​

​យោធា​អ៊ីរ៉ាក់​បាន​និយាយថា គ្រាប់​រ៉ុក្កែត​ចំនួន​បួន​ត្រូវ​បាន​បាញ់​ចូលទៅក្នុង​តំបន់​បៃតង​ដែល​មាន​កំពែង​ការពារ​រឹងមាំ ដែល​វា​ជាទី​តាំង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ជា​កន្លែង​ដែល​ការ​ប៉ះទង្គិច​គ្នា​​ដោយ​ប្រដាប់អាវុធ​បាន​ផ្ទុះឡើង​ពេញ​មួយ​យប់​រវាង​កងជីវពល​ស្មោះត្រង់​នឹង​បុព្វ​ជិត​អ៊ីរ៉ាក់ លោក មុក​តា​ដា អាល់​សាដ (Muqtada al-Sadr) និង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​។​

​ការលាលែង​ពី​តំណែង​ភ្លាមៗ​របស់​លោក​សាដ​បាន​រុញច្រាន​ប្រទេស​អ៊ីរ៉ាក់​ចូលទៅ​ក្នុង​អំពើហិង្សា​និង​ភាពចលាចល ដោយ​គ្មាន​ច្រក​ចេញ​ច្បាស់លាស់​។ បព្វជិត​រូបនេះ​ទទួលបាន​អំណាច​ពី​សមត្ថភា​របស់​​គាត់​ក្នុង​ការប្រមូលផ្តុំ​និង​គ្រប់គ្រង​មូលដ្ឋាន​គាំទ្រ​ធំៗ​របស់គាត់ ប៉ុន្តែ​ជាមួយ​នឹង​ការចាកចេញ​ពី​នយោបាយ គាត់​បានផ្តល់​សិទ្ធិសេរីភាព​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ដែល​ពួកគេ​មើលឃើញ​ថា​ស័ក្តិសម​។​

​មន្ត្រី​សន្តិសុខ​ពីរ​នាក់​បាន​និយាយថា ដើម្បី​សងសឹក​ចំពោះ​ការសម្លាប់​ពួក​អ្នក​ស្មោះត្រង់​គ្មាន​អាវុធ កងជីវពល​របស់លោក​អាល់​សាដ គឺ​កងកម្លាំង​សា​រ៉ា​យ៉ា​សាឡាម (Saraya Salam)​បាន​ប៉ះទង្គិច​​ជាមួយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​នៅក្នុង​តំបន់​បៃតង ដោយ​ប្រើ​អាវុធ​ជា​ច្រើន​ប្រភេទ រួម​ទាំង​កាំភ្លើងត្បាល់​និង​គ្រាប់បេ​។ ​កងជីវពល​នេះ​ក៏​បាន​កាន់កាប់​ទីស្នាក់ការ​កណ្តាល​មួយចំនួន​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ខេត្ត​ភាគខាងត្បូង​ត្រឹម​ពេល​តែមួយ​យប់​ផងដែរ​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​សម្អាង​លើ “​ភាពចលាចល​” និង “​បម្រាម​គោចរ​”​នៅក្នុង​បណ្តា​ទីក្រុង​អ៊ីរ៉ាក់​សម្រាប់​ហេតុផល​បិទ​ព្រំដែន​។​ទូរទស្សន៍​បាន​ជំរុញ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់​ចៀសវាង​ការធ្វើដំណើរ​ណាមួយ​ទៅ​​កាន់​ប្រទេស​អ៊ីរ៉ាក់ ខណៈ​ជំរុញ​ឱ្យ​អ្នក​ធ្វើ​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​តរបស់​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ចៀសវាង​ការធ្វើដំណើរ​បន្ថែមទៀត​រវាង​ទីក្រុង​នានា​។​

​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជាប់គាំង​ចាប់តាំងពី​គណបក្ស​របស់​លោក​អាល់​សា​ដឺ​បានឈ្នះ​ចំណែក​ធំ​បំផុត​នៃ​អាសនៈ​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ខែ​តុលា​ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ធានាបាន​នូវ​រដ្ឋា​ភិ​​បាល​សំឡេង​ភាគច្រើន​។ ការបដិសេធ​របស់គាត់​ក្នុង​ការចរចា​ជាមួយ​គូប្រជែង​និកាយ​ស៊ី​អ៊ី​ត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​ការចាកចេញ​ជា​បន្តបន្ទាប់​ពី​កិច្ចចរចា​បាន​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូលទៅក្នុង​​ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ និង​ភាព​ងាយ​ប្រែប្រួល ចំ​ពេល​មាន​ជម្លោះផ្ទៃក្នុង​និកាយ​ស៊ី​អ៊ី​ត​កាន់តែខ្លាំង​។​

​ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​ខណៈ​ប្រជាជន​អ៊ីរ៉ង់​រាប់លាន​នាក់​កំពុង​ត្រៀម​ធ្វើដំណើរ​ទៅ​អ៊ីរ៉ាក់​សម្រាប់​ធម្ម​យាត្រា​ប្រចាំឆ្នាំ​ទៅកាន់​ទីតាំង​និកាយ​ស៊ី​អ៊ី​ត​ជាច្រើន​កន្លែង​៕

​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដាក់​ក្រុម​អ្នកគាំទ្រ​លោក​អាល់​សា​ដឺ​នៅ​វិមាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ចន្ទ