ដោយ​: សុផល / ភ្នំពេញ​: ក្នុងអំឡុងពេល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ខេត្តសៀមរាប ជា​ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ មូលដ្ឋាន​អាជីវកម្ម​នៅក្នុង​ខេត្ត នេះ​ប្រមាណ​៩០% បាន​ផ្អាក និង​បិទ​អាជីវកម្ម​។ ចំណែក​ខេត្ត​គោលដៅ​ទេសចរណ៍​ផ្សេងទៀត រង​ផលប៉ះពាល់​តិចតួច​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​តុ​ប សុភ័ក រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ ក្រសួងទេសចរណ៍​។​

​លោក​រដ្ឋលេខាធិការ បានឱ្យដឹងថា​៖​គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២២ សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ នៅ​កម្ពុ​ជាមាន​សរុប​មាន​ចំនួន​៧៣៩​ទីតាំង ក្នុងនោះ​៥២០​ទីតាំង​កំពុងបើក​ដំណើរការ​, ១៩០​ទីតាំង​បាន​ផ្អាក​អាជីវកម្ម និង ២៩ ទីតាំង​ទៀត​បានសម្រេច​បិទ​អាជីវកម្ម​តែម្តង​។ ដោយឡែក​ភោជនីយដ្ឋាន ដែល​បច្ចុប្បន្ន​មាន​ចំនួន​សរុប ២៥២៩ ទីតាំង ក្នុងនោះ​ជាង​២​ពាន់​កន្លែង​កំពុងបើក​ដំណើរការ និង​៣៦៣​ទីតាំង​ទៀត​បាន​បន្ត​ផ្អាក និង​បិទ​អាជីវកម្ម​។​

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថា ក្រោយ​ពេលដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចាប់ផ្តើម​កើន​ឡើងជា​បណ្តើរៗ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប រួមមាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ​៤៦% ក្នុងចំណោម​អាជីវកម្ម​ដែល​បាន​បិទទ្វារ​ដោយសារ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ កូ​វីដ​១៩ បាន​បើក​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​។​រីឯ​មូលដ្ឋាន​អាជីវកម្ម​ប្រមាណ​ជាង​ពាក់កណ្តាល​ទៀត មិនទាន់​អាច​បើក​ដំណើរការ​នៅឡើយ​ទេ​ដោយសារតែ ចំនួន​ភ្ញៀវទេសចរ ទើបតែ​ចាប់ផ្តើម​ដើរ​កម្សាន្ត និង​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មួយចំនួន​នៅ​ស្ទាក់ស្ទើរ មិនទាន់​បើក​ដំណើរការ​។​

​នាពេល​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​កម្សាន្ត​មក​កម្ពុ​ជាមាន ប្រមាណ​៥០០០​នាក់ ក្នុងនោះ​នៅ​ខេត្តសៀមរាប មាន​ប្រមាណ​ពី​៧០០​នាក់​ទៅ​៨០០​នាក់ នៅក្នុង​មួយថ្ងៃ​។​

​លោក តុ​ប សុភ័ក បាន​បន្ថែមថា «​នៅក្នុង​រដូវ​កាល​មាន​ទេសចរ​ច្រើន ចាប់ពី​ខែតុលា វិច្ឆិកា ធ្នូ អាច​ថា​ដល់ពេល​នោះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​នឹង​ឡើង​ច្រើន ដែល​ធ្វើឱ្យ​ចំនួន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​បាន​បិទ​កន្លងទៅ ក៏​គាត់​អាច​បើក​បន្ត​ថែមទៀត​ដែរ​»​។​

​លោកស្រី ខៃ ចិន្តា អនុប្រធាន​សមាគម​សណ្ឋាគារ និង​ជា​ម្ចាស់​ស​ណ្ឋា​រ​គារ​មាន​ទីតាំងនៅ​ខេត្តក្រចេះ និង​រតនគិរី បាន​ប្រាប់ថា បន្ទាប់ពី​វិស័យ​ទេសចរណ៍ បានចាប់ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរៗ​នេះ វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ បាន​ដំណើរ​ការល្អ​ជាង​មុន ប៉ុន្តែ​យ៉ាងណា​ពួកគេ​នៅតែមាន​បញ្ហា​ប្រឈម ដោយសារ​ខ្វះខាត​បុគ្គលិក និង​ថវិកា ដែល​ធ្វើឱ្យ​ការបម្រើ​សេវាកម្ម​ភ្ញៀវ នៅមាន​ភាពខ្វះ​ចន្លោះ​។​

​លោកស្រី​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​តាម​ការធ្វើដំណើរ​រប​ស់​ខ្ញុំ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឃើញថា​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ពុំទាន់​បាន​បើក​ឡើងវិញ​១០០% ដូច​កាល​មុន​កូ​វីដ​ទេ​។ ការមិន​ទាន់​បើកទ្វារ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន គឺ​ដោយសារ​ទី​១ កត្តា​ខ្វះ​ទុន បើក​ឡើងវិញ ព្រោះថា​ការបើក​សណ្ឋាគារ និង​ផ្ទះសំណាក់ ត្រូវការ​ថវិកា​គួរសម​ដែរ ទៅតាម​ប្រភេទ​អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ​តាម​លំដាប់ ទី​២.​ខ្វះ​បុគ្គលិក​ជំនាញ អ្នកគ្រប់គ្រង​ជាដើម ព្រោះថា​រយៈពេល​ដែល​បិទទ្វារ​ក្នុងពេល​កូ​វីដ​នេះ គឺ​បុគ្គលិក​ជំនាញ​ទេសចរណ៍ គាត់​ទៅធ្វើ​ការ​កន្លែង​ផ្សេង និង​មួយទៀត​ដែរ ភ្ញៀវទេសចរ​បរទេស ដែល​មក​ស្រុក​ខ្មែរ​ក៏មាន​កម្រិត​ដែរ​។ អីចឹង​អ្នក​ដែល​មិនទាន់​បើកទ្វារ ដោយសារ​គាត់​មិនទាន់​សង្ឃឹមថា បាន​ភ្ញៀវ​គួរសម ដើម្បី​ទប់ទល់​នឹង​ចំណាយ ធ្វើឱ្យ​ទន្ទឹង​ចាំមើល​បន្តិចទៀត​។ ហេតុនេះ​បានជា​យើង​ឃើញថា​សណ្ឋាគារ ឬ​ផ្ទះសំណាក់​បើក​ជា​បណ្តើរៗ គឺ​មិនមែន​បើក​ក្នុង​មួយខែ ឬ​បើក​ស្រុះគ្នា​នៅក្នុង​ឆ្នាំនេះ​ទេ​»​។​

​គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​នេះ មូលដ្ឋាន​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​នៅ​កម្ពុ​ជាមាន​ជិត​៨​ពាន់​អាជីវកម្ម ក្នុងនោះ​៦៨១ អាជីវកម្ម ដែល​ស្មើនឹង ៨.៦៣% បាន​កំពុង​ផ្អាក​អាជីវកម្ម និង ៥២៤​អាជីវកម្ម ឬ​ប្រមាណ​៦.៦៤% បាន​បិទ​អាជីវកម្ម​។ ក្នុងនោះដែរ​ខេត្តសៀមរាប ដែលមាន​មូលដ្ឋាន​អាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម​៦៥១ នៅ​បន្ត​ផ្អាក និង​បិទទ្វារ​៕​