​ប្រែ​សម្រួលៈ​បំណង​(​ដឹ ណេ​សិន​,​បាងកក​ប៉ុស្តិ៍​)៖​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ជា​លើកដំបូង​ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​ការពារជាតិ ចាប់​តាំង​​ពី​ត្រូវ​តុលាការ​ផ្អាក​ភារកិច្ច​នាយក​រដ្ឋមន្ត្រី​របស់លោក​ក្នុងពេល​រង់ចាំ​ការពិនិត្យ​សំរេច​ថា​តើ​លោក​បាន​រំលោភ​អាណត្តិ​នាយករដ្ឋមន្ត្រី​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់​។​

​តុលាការ​ធម្មនុញ្ញ​កាលពី​ថ្ងៃ​ពុធ​មុន​បាន​ផ្អាក​ភារកិច្ច​របស់​លោក​ជា​នាយករដ្ឋមន្ត្រី តែ​លោក​នៅ​សល់​មុខ​តំណែង​មួយ​ទៀត​ក្នុង​គណៈរដ្ឋមន្ត្រី​គឺ រដ្ឋមន្ត្រី​ការពារជាតិ​។​កាលពី​ថ្ងៃ​ចន្ទ​លោក បាន​ធ្វើ​ជា​អធិប​​តី​នៃ​ការបើក​ពិព័រណ៍​យោធា​និង​សន្តិសុខ​ឆ្នាំ​២០២២ក្នុង​ទីក្រុង​បាងកក​។​លោក​មិន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ដែល​ចោទសួរ​ថា​តើ​លោក​មាន​អារម្មណ៍​យ៉ាងណា​ចាប់តាំងពី​ត្រូវ​បញ្ឈរជើង​ពី​តំណែង​នាយក​​រដ្ឋមន្ត្រី​។​

​ប្រា​យុទ្ធ​សាក​កាំភ្លើង​ក្នុងពេល​បើក​ពិព័រណ៍​យោធា​និង​សន្តិសុខ​ថៃ​ឆ្នាំ​២០២២​កាលពី​ថ្ងៃ​ចន្ទ​

​ក្នុង​ព្រឹត្តិការណ៍​មួយទៀត លោក​ប្រា​វីត វង់​ស៊ូ​វ៉ាន ឧបនាយករដ្ឋមន្ត្រី​និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ក្នុង​ពេល​អវត្តមាន​លោក​ប្រា​យុទ្ធ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ទី៣០សីហា ​តែ​កៅអី​នាយករដ្ឋមន្ត្រី​ទុក​នៅ​ទំនេរ​។​

​លោក​ប្រា​វីត បាន​ញញឹម​និង​ស្វាគមន៍​អ្នកយក​ព័ត៌មាន​ពេល​ធ្វើដំណើរ​ចូល​វិមាន​រដ្ឋាភិបាល​ដើម្បី​ប្រជុំ​ជា​លើកដំបូង​ក្នុងនាម​លោក​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​។​លោក​បាន​និយាយថា​លោក​ចង់ទុក​កៅអី​នាយក​​រដ្ឋមន្ត្រី​នៅ​ទំនេរ ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក​ប្រា​យុទ្ធ ដែល​«​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ទោះ​ជា​លោក​ត្រូវ​តុលាការ​បញ្ឈរជើង​»​។​

​លោក​ប្រា​វីត សុខចិត្ត​អង្គុយ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្នុង​កៅអី​ឧបនាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា ដើម្បី​ផ្ត​លើ​កិត្តិយស​ដល់​ប្រា​យុទ្ធ​

​ក្នុងពេល​ជាមួយគ្នា លោក​ប្រា​យុទ្ធ​ក៏បាន​ចូលរួម​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​តែ​លោកមិន​មក​ផ្ទាល់​ទេ គឺចូលរួម​តាម​វីដេអូ​បន្ត​ផ្ទាល់​ចេញពី​ការិយាល័យ​របស់​លោក​នៅ​ក្រសួង​ការពារជាតិ​៕