​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មាន​មនុស្ស​តិចតួច​ណាស់​នៅ​ក្រៅ​ប្រទេស​ឥណ្ឌា​បាន​ស្គាល់​លោក ហ្គោ​តាម អា​ដា​នី (Gautam Adani) កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​ឥឡូវនេះ មហាសេដ្ឋី​ឥណ្ឌា ដែលជា​អ្នក​បោះបង់​ចោល​ការសិក្សា​នៅ​មហាវិទ្យាល័យ ដែល​ប្រថុយ​រកស៊ី​ដំបូង​ក្នុងនាម​ជា​ពាណិជ្ជករ​ពេជ្រ មុន​ពេល​ងាក​មក​រក​រ៉ែ​ធ្យូងថ្ម​ហើយ​ទីបំផុត​បាន​កសាង​ក្រុមហ៊ុន​​ធំ​បំផុត​មួយ បាន​ក្លាយជា​អ្នកមាន​បំផុត​ទី​បី​របស់​ពិភពលោក​។​

​វា​គឺជា​លើកទីមួយ​ហើយ​ដែល​ជនជាតិ​អាស៊ី​បាន​បំបែក​ខ្លួន​ចូលទៅ​ក្នុង​មហាសេដ្ឋី​កំពូល​ទាំង​បី​នៃ​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ផ្លូម​បឺក (Bloomberg) ខណៈ​ជនរួមជាតិ​ឥណ្ឌា​គឺ​លោក មូ​កេស អាម​បា​នី (Mukesh Ambani) នៃ​ក្រុមហ៊ុន Reliance Industries និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក ជែក ម៉ា មិន​ដែល​សម្រេច​បាន​លំដាប់​កំពូល​មហាសេដ្ឋី​ឆ្ងាយ​បែបនេះ​ទេ​។​

​ជាមួយនឹង​ទ្រព្យសម្បត្តិ ១៣៧,៤ ពាន់​លាន​ដុល្លារ​អាម៉េរិក លោក​អា​ដា​នី​បាន​វ៉ា​ដាច់​ប្រធាន​ក្រុមហ៊ុន LVMH លោក បឺ​ណាដ អា​ណុល (Bernard Arnault) ហើយ​ឥឡូវនេះ​កំពុង​តាម​ពី​ក្រោយ​លោក អេ​ឡុន ម៉ាស នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង​ស្ថាបនិក​ក្រុមហ៊ុន Amazon.com លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) នៅក្នុង​តារាង​ចំណាត់​ថ្នាក់​មហាសេដ្ឋី​។​

​លោក​អា​ដា​នី​អាយុ ៦០ ឆ្នាំ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ពង្រីក​ក្រុមហ៊ុន​ពហុ​ផលិត​របស់​គាត់​ពី​ធ្យូងថ្ម​រហូត​ដល់​កំពង់ផែ​ដោយ​រកស៊ី​រួម​ទុន​ក្នុង​គ្រប់​អ្វីៗ​យ៉ាង​រាប់​ចាប់ពី​មណ្ឌល​​ទិន្នន័យ​រហូត​ដល់​ស៊ីម៉ងត៍ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាលុយមីញ៉ូម​។​

​ឥឡូវនេះ​ក្រុមហ៊ុន​របស់​គាត់​បានកា​ន់​កាប់​ប្រតិបត្តិ​ករ​កំពង់ផែ​និង​អាកាសយានដ្ឋាន​ក្នុង​វិស័យ​ឯកជន​ដ៏​ធំ​បំផុត ក្រុមហ៊ុន​ចែកចាយ​ឧស្ម័ន​ក្នុង​ទីក្រុង និង ក្រុមហ៊ុន​រុករក​រ៉ែ​ធ្យូងថ្ម​របស់​ឥណ្ឌា​។​ខណៈ​​ក្រុមហ៊ុន​អណ្តូងរ៉ែ​ធ្យូង​ថ្ម Carmichael របស់​ខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ត្រូវបាន​រិះគន់​ដោយ​អ្នក​បរិស្ថាន ក្រុមហ៊ុន​បាន​សន្យា​កាលពី​ខែ​វិច្ឆិកា​ថា​នឹង​វិនិយោគ​ចំនួន ៧០​ពាន់​លាន​ដុល្លារ​នៅក្នុង​​ថាមពលបៃតង​ដើម្បី​ក្លាយជា​អ្នក​ផលិត​ថាមពល​កកើត​ឡើងវិញ​ធំ​បំផុត​របស់​ពិភពលោក​៕

​លោក​អា​ដា​នី​ក្លាយ​ជា​សេដ្ឋី​មាន​បំផុត​ទី​៣​លើ​ពិភពលោក