ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ចូលរួម បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ ទី ៣០ ខែសីហា​ឆ្នាំ​២០២២ តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

​ក្នុងឱកាស​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្ដល់នូវ​ការគាំទ្រ និង​កិច្ចសហការ​ដល់​កម្ពុជា​ពី​សំណាក់​អគ្គលេខាធិការដ្ឋាន​អាស៊ាន ដៃគូ​សន្ទនា​របស់​អាស៊ាន (External Partner) និង​បណ្តា​ប្រទេស​ទាំង​១០​របស់​អាស៊ាន ដែល​បាន​រួមគ្នា​ក្នុងការ​សម្រេច​កិច្ចការ​ក្នុង​ស្មារតី​ស្នូល​របស់​អាស៊ាន ចក្ខុវិស័យ​មួយ អត្ត​ស​ញ្ញណ​មួយ និង​សហគមន៍​តែមួយ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងមហាផ្ទៃ ក៏ដូចជា​ជា​ប្រធាន​ប្ដូរ​វេន​នៃ​បណ្តាញ​ទី ក្រុង​ឆ្លាត​អាស៊ាន សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​នូវ​អំណរគុណ​និង​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​មកពី​បណ្តា​
​ប្រទេស​អាស៊ាន អគ្គលេខាធិការដ្ឋាន​អាស៊ាន ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ ដ៏​មាន​សារៈសំខាន់​នាពេលនេះ​។

​សម្ដេច​ក្រឡា​ហោ​ក៏បាន​គូសបញ្ជាក់ថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នា​ថ្ងៃនេះ បានអនុញ្ញាត​ឲ្យ​សម្ដេច​រំលឹក​ឡើងវិញ​អំពី​ដំណើរការ​របស់​អាស៊ាន ដែល​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​៥៥​ឆ្នាំ ហើយ ដោយបាន​ដំណើរការ​ដោយ​ឈរលើ​ស្មារតី​ស្នូល “​ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ និង​សហគម ន៍​តែមួយ​”​។ សន្តិភាព​និង​ស្ថេរភាព​ដែល​អាស៊ាន​ទទួលបាន អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក បានធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​តំបន់​មានការ​រីក ចម្រើន​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន ដោយ​សម្រេចបាន​នូវ កំណើន និង​ការអភិវឌ្ឍ​ខ្ពស់ ដោយបាន​រួមចំណែក​កែលម្អ​ជា​លំដាប់​នូវ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា នៅក្នុង​ឱកាស​ស្វាគមន៍​គណៈ ប្រតិភូ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានលើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​ចំនួន​ពីរ ដែលមាន​សារៈសំខាន់ សម្រាប់ បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​។ គំនិត​ផ្តួចផ្តើម​ទីមួយ គឺ​ការដោះស្រាយ​ចំពោះ​ការគំរាមកំហែង ដល់​ភាព​រស់រាន​នៃ​ជីវិត​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​ការខូចខាត​ផ្នែក​បរិស្ថាន​។ ក្នុង​គំនិត​ផ្តួចផ្តើម​ទីមួយ​នេះ បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន និង​បណ្តា​ទីក្រុង នានា​នៃ​បណ្តា​ប្រទេស​អាស៊ាន នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ប្រែក្លាយ​តំបន់​របស់​យើង ទៅកាន់​អនាគត​បៃតង​ដែល មាន​ចីរភាព ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព ភាព​ធម៌ និង ភាព​ប្រកួតប្រជែង ក្នុង​ផ្នែក​សេដ្ឋកិច្ច គំនិត​ផ្តួចផ្តើម​ទី​ពីរ គឺពាក់ព័ន្ធ​នឹង​វិធានការ​ដើម្បី​ស្ដារ​និង​ងើប ឡើងវិញ​ចេញពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​រី ១៩ ប្រកបដោយ​ប្រសិទ្ធភាព​។ ក្នុងន័យនេះ​បណ្តា​ក្រុង​នានា​នៃ​ប ណ្តា​ប្រទេស​អាស៊ាន ក៏ត្រូវ​បានទទួល​ស្គាល់​ថា​បាន​បំពេញ​តួនាទី យ៉ាងសំខាន់​ផងដែរ​ក្នុងការ​រួមចំណែក​សម្រេច​កិច្ចការ​នេះ ដែល​កន្លងមក​ទីក្រុង​ក៏ដូចជា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្សេងទៀត​ដែរ បាន​បំពេញ​កិច្ច ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បាន​អន្តរាគមន៍​ទាន់ពេល វេលា ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​បង្កដោយ​ជំងឺ​នេះ​៕ N