ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្រុម​សហជីព​សិទ្ធិ និង​ប្រយោជន៍​រួម​នៃ​បុគ្គលិក​ណាហ្គា វើ​ល​ដ៏ បាន​ច្រានចោល​នូវ​ព័ត៌មាន​ខុសពី​ការពិត​របស់​ភាគី​សហ​ជីព​មួយចំនួន ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ឈ្មោះ​សហជីព​។ បន្ថែម​ពីនេះ គ្រោង​នឹងដាក់​ពាក្យបណ្តឹង​ទៅតាម​ផ្លូវច្បាប់ ដើម្បី​រំលាយ​អង្គការ​វិជ្ជាជីវៈ​របស់​ភាគី​សហជីព​ម្ខាង​ទៀត ក្នុងករណី​បើ​នៅតែ​បន្ត និយាយ​ខុសពី​ការពិត​ជាក់ស្តែង​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ នៅ​រាជធានី​ភ្នំពេញ លោកស្រី ហេង សោភិនី ប្រធាន​សហជីព និង​តំណាង​ឲ្យ​បុគ្គលិក​និយោជិត ណាហ្គា​វើ​ល​ដ៏ (Naga World) បាន​ឲ្យ​ដឹងថា អង្គការ​លោកស្រី បាន​បង្កើតឡើង​ដោយ​សមាជិក​ស្ថាបនិក​ចូលរួម​សរុប​ប្រមាណ​ជាង ៤០០​នាក់ ដោយមាន​ការបោះឆ្នោត និង​រៀបចំ​ឯកសារ​ចុះ​បញ្ជិកា​យ៉ាង​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជារួម​សហជីព​ថ្មី​នេះ​បង្កើតឡើង​ដោយ​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព ជាពិសេស​ស្របតាម​ការចង់បានរ​បស់​បុគ្គលិក​និយោជិត ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ឯករាជ្យ និង​ដើម្បី​ប្រយោជន៍​រួម​របស់​បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ទាំងមូល​។

​លោកស្រី បាន​រៀបរាប់​បន្តថាៈ “​ចំពោះ​បុគ្គល​ដែល​តែងតែ​យក​សហជីព​របស់​យើង ទៅ​ភ្ជាប់​ជាមួយ​ស្ថានភាព​បញ្ហា​ដែល​ដុត​ភ្លើង​បង្ករ​ឡើង​ដោយ​បុគ្គល និង​ក្រុម​របស់​ពួកគេ ក្នុងនាម​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​សហជីព​ដែល​ទទួល​ដោយ​ច្បាប់ យើងខ្ញុំ​សុំឱ្យ​បុគ្គល​ដែល​តែ​តែ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត មកលើ​យើងខ្ញុំ​ដែលជា​ថ្នាក់ដឹកនាំ សូម​បញ្ឈប់​នូវ​រាល់​ទង្វើ​ងងើល បាត​ផ្សារ​របស់ខ្លួន​ជាបន្ទាន់ ប្រសិនបើ​បន្ត​រឹងទទឹង​ប្រព្រឹត្ត​នូវ​សកម្មភាព ពាក្យសម្តី​វាយប្រហារ​ប៉ះពាល់​មកលើ​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​សហជីព ក៏ដូចជា​ប៉ះពាល់​ដល់​ឈ្មោះ​សហជីព​របស់​យើងខ្ញុំ យើងខ្ញុំ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ទាំង​លើ​បុគ្គល ក៏ដូចជា​អាចឈាន​ទៅធ្វើ​ការប្តឹង​រំលាយ​អង្គការ​វិជ្ជាជីវៈ​របស់​ពួកគេ​ស្របតាម​ច្បាប់​ស្តីពី​សហជីព​ផងដែរ​។​”

​សូមបញ្ជាក់ថា កាលពីពេល​កន្លងមក ឃើញ​មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏​មួយចំនួន បាន​កូដកម្ម​តវ៉ា​ជា​ហូរហែរ ដើម្បី​ទាមទារ​ដំណោះស្រាយ​។ ក្នុងនោះ កត់សម្គាល់​ឃើញថា មាន​សហជីព​មួយចំនួន នៅតែ​បន្តសកម្មភាព​តវ៉ា បើទោះបី​ជាមាន​ការជួយ​អន្តរាគមន៍​នានា​របស់​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ លោកស្រី ហេង សោភិនី បាន​និយាយថាៈ ករណីនេះ​ហាក់ដូច ជា អ្នក​កាច់ចង្កូត​ព្យាយាម​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​អូសបន្លាយ ដោយនៅ​ពីក្រោយ​នៃ​ស្ថានភាព​នេះ អាចមាន​អ្វី​លើសពី​ការធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ធម្មតា ដែល​ទាក់ទង​នឹង​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​ដែលមាន​ក្នុង​ច្បាប់ ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រហែលជា​អាចមាន​បុគ្គល ឬ​ក្រុម​មួយចំនួន ដែល​ជួញ​កូដកម្ម (​យក​កូដកម្ម​ជា​មុខរបរ​) ព្យាយាម​ទាញ​មិន​ឲ្យ​ចប់ ដើម្បី​បុគ្គល និង​ក្រុម​ទាំងនោះ​កេងចំណេញ​តាម​គោលបំណង និង​មហិច្ឆតា​របស់​ពួកគេ​។ លោកស្រី បាន​បន្តថាៈ ក្នុងនាម​ជា​បុគ្គលិក​ដូចគ្នា គឺ​មានតែ​ពាក្យ​ថា សោកស្តាយ​ដែល​បងប្អូន​មួយចំនួន​តូច នៅ​បន្ត​ជឿ​តាម​បុគ្គល និង​ក្រុម​មួយ​ក្តាប់​នោះ ហើយ​បានធ្វើ​ឲ្យ​ខាតបង់​ដល់​ខ្លួន និង​ក្រុមគ្រួសារ​។

​ក្រុម​សហជីព​ខាងលើនេះ បាន​សម្តែង​ការ​អរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែល​បើកឱកាស​ឲ្យ​អ្នកវិនិយោគ​ពី​គ្រប់ទិសទី​ចូលមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​ក៏មាន​ថៅកែ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ មួយ​ផងដែរ ដែល​បង្ក​ឱកាស​ឲ្យ​បុគ្គលិក និយោជិត​ប្រមាណ​ជាង ៦ ០០០ នាក់​ផ្សេងទៀត មានការ​ងារ​ធ្វើ​។ កន្លែង​ការងារ​នេះហើយ គឺ​បាន​ផ្តល់នូវ​អ្វីៗ​គ្រប់បែបយ៉ាង​ដល់​ពួកគាត់ និង​អ្នកជំនាន់ក្រោយ​មកដល់​សព្វថ្ងៃនេះ ដែល​ពួកគេ​បានចាត់ទុក​កន្លែង​ការងារ​នេះ គឺជា​ផ្ទះ​ទីរ​ពីរ​៕/V​