ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៣០ សីហា នេះ បានរៀបចំ​ពិធីសែនក្រុងពាលី តាមបែប​សាសនា​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចំរើន​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី អ្នកថែរក្សា​ភូមិករ​ទីតាំង​ប្រារព្វ​ពិធី​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា​ស៊ីណា ឃួ​ង​ស្រេង​។

​តាម​ប្រពៃណី​សាសនា មុននឹង​មានការ​សាងសង់​សំណង់​អ្វីមួយ ឬ សម្ភោ​ធ​សមិទ្ធផល​ណាមួយ​ដែល​ទើបបាន​សាងសង់​រួច គេ​តែង​ប្រារព្វ​ពិធីសែនក្រុងពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ជូនដំណឹង​ដល់​អ្នកថែរក្សា​ទឹកដី​នោះ សុំ​ជួយ​បី បាច់​ថែរក្សា​ឱ្យ​ដំណើរការ​នៃ​ការសាងសង់​នោះ​សម្រេចបាន​ជោគជ័យ ប្រកបដោយ​សុវត្ថិភាព និង​រីកចំរើន​ជា​រៀងរហូត​ទៅ​។

​ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​មុន​មួយថ្ងៃ មុននឹង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស ២ កន្លែង ព្រម​គ្នា​បន្ថែមទៀត ក្នុង​រាជធានី​ភ្នំពេញ គឺ​នៅ​ព្រឹក​ថ្ងៃទី​៣១ សីហា ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ស្ពាន​អាកាស​ទាំង ២ កន្លែង​នេះ រួមមានៈ ទី​១ នៅត្រង់ចំណុច​ប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន​(​ផ្លូវ​៦០​ម៉ែត្រ​), និង​មហាវិថី​ព្រះ​មុន្នី វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ​(​ផ្លូវ​លេខ​២៧១)​។ ទី​២ ត្រង់ចំណុច​ប្រសព្វ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ជាមួយនឹង​វិថី​សម្តេចចៅហ្វា​វាំង​វរៈវៀងជ័យ​ធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​២០០៤)​។ នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ដែល​នឹង​លេចចេញ​ជា​រូបរាង ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ និយាយ​ដោយឡែក មានការ​អភិវឌ្ឍ​ន៏​រីកចំរើន​លើ​គ្រប់​វិស័យ បំរើឱ្យ​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ពិសេស​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ , គ្រោះថ្នាក់​ចរាចរណ៍ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ការកើនឡើង ទាំង​ចំនួន​មនុស្ស និង​មធ្យោបាយ​ធ្វើដំណើរ​។

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សុំ​ការយោគយល់​អធ្យាស្រ័យ ពី​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ត្រូវ​ប្រារព្វ​ពិធី នៅពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ចរាចរណ៍ ជា​បណ្តោះអាសន្ន ដើម្បី​បង្ក​ឱកាស​ក្នុងការ​ប្រារព្វ​ពិធី​ប្រកបដោយ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ល្អ ប្រសើរ ហើយ​នៅពេល​ពិធី​ចប់ ចរាចរណ៍ នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា​៕/V​