ដោយៈ​វ៉ៃ​កូ / ស្វាយរៀង​: លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចេតិយ៍ ១​កន្លែង (​ប្រាសាទ​វត្ត​ទួល​) ដែល​បាន​សាងសង់​ក្នុងអំឡុង​ឆ្នាំ​១៩៦៨ ស្ថិតនៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ដើម្បី​សិក្សា​រៀបចំ​ទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ។

​លោក អ៊ុង សារិន អាយុប្រមាណ​ជាង ៦០ ឆ្នាំ សព្វថ្ងៃ រស់នៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​-​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​: អ្នក​កសាង​ចេតិយ៍​នេះ​ត្រូវជា អ៊ំ របស់គាត់​ឈ្មោះ អ៊ុង សាវុធ​មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក្នុងសម័យ​លន់ ណុល​រស់នៅ​រាជធានី​ភ្នំពេញ បាន​កសាង​នៅ​ឆ្នាំ​១៩៦៨ ហើយ​បាន​យក​ជាង​ដែលជា​អ្នក​សាងសង់ វិមានឯករាជ្យ យកមក​ធ្វើ​ចេតិយ​ហ្នឹង​រូបចម្លាក់​រចនាបថ​នេះ គឺ​ស្រដៀង​នឹង​វិមានឯករាជ្យ​ទាំងអស់ រហូតដល់​សង្គ្រាម​ឆ្នាំ​យៀកកុង​ចូល កំឡុង​ឆ្នាំ​១៩៧០ ជាង​សាងសង់​បាន​រត់​រប៉ាត់រប៉ាយ​ចោល​ទាំងអស់​ដោយបាន​បន្សល់​ទុក​នៅ​ក្បាច់ក្បូរ​នៅទីនេះ​ទាំងអស់ ។ កាលនោះ ចេតិយ៍​នេះ ធ្វើ​មិនទាន់​ហើយ​ទេ គម្រោង​របស់គាត់​ចាក់សាប​ក្នុង​ខឿន​នោះ តែ​មិនទាន់បាន​ចាក់សាប​ទេ ហើយ​ស៊ីម៉ង់​ដែល​បាន​ទិញ​នោះ នៅ​ខាងក្នុង​ទុកចោល​ពេញ​ហ្នឹង គាត់​ក៏​រត់ចោល ជាង​ក៏​រត់ចោល​ដោយ​បន្សល់ទុក​នូវ​របស់រ​បរ​ពេញ​ហ្នឹង ហើយ​គំរោង​របស់គាត់ គឺ​ធ្វើ​ថ្នល់​ក្រួស​បន្ត ចាប់ពី​ផ្លូវ​លេខ ១៣ រហូតដល់​ចេតិយ៍​ហ្នឹង​បន្ថែមទៀត​។

​លោក​បាន​បន្តទៀតថា​: គម្រោង​គាត់ នៅពេល​ធ្វើ​ហើយ នឹងធ្វើ​បុណ្យ​ឆ្លង​ចេតិយ៍ តែ​មិនទាន់បាន​ឆ្លង​ទេ ក្រោយមក រូបលោក​និង​បងប្អូន កូនចៅ​នៅ​ភ្នំពេញ បាន​ចូលគ្នា​យក​ស៊ីម៉ង់​មកចាក់​សាប​បំពេញ​ខឿន ហើយ​រូប​តោ ដែល​នៅ​ជុំវិញ​ចេតិយ៍ បាន​បាត់បង់​អស់ហើយ ពីព្រោះ​ក្នុងសម័យ​ប៉ុលពត ត្រូវបាន​វា វាយកម្ទេច​ចោល​ទាំង​បង្កាន់ដៃ​សងខាង ខ្ទេចខ្ទីរ​អស់ហើយ​ឥឡូវនេះ បាន​ជួសជុល​បាន​ស្អាត​ឡើងវិញ​។

​លោក​បាន​បន្ថែមទៀតថា​: នៅពេល​មុន (​សម័យ​លន់ ណុល​) រហូតដល់​បច្ចុប្បន្ននេះ ក៏មាន​សិស្សានុសិស្ស បានមក​លេង និង​ថតរូប​នៅ​ចេតិយ៍​ទីនេះ មិនដែល​ដាច់​នោះទេ​។

​ដោយឡែក ស្ត្រី​ចំណាស់​ម្នាក់ ឈ្មោះ ព្រាប​សាមឿន មាន​អាយុប្រមាណ ៧០ ឆ្នាំ ក៏បាន​រៀបរាប់​ឱ្យដឹង​ផងដែរ​ថា​: កាលដើមឡើយ នៅទីនេះ គឺជា​ទីទួល រូបគាត់​កើតមក​ឃើញតែ​ម្ដង ហើយ​ទីនេះ ក៏មាន​ព្រះសង្ឃ​គង់នៅ​ផងដែរ​ដោយមាន​កុដិ​តូចៗ និង​សាលាឆាន់​សម្រាប់​ឲ្យ​ព្រះសង្ឃ​គង់នៅ​ស្នាក់អាស្រ័យ រៀន​ធម៌អាថ៌​ហើយ​នៅ​ជុំវិញ​តួ​នេះ ក៏មាន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ​ធម្មតា គឺ​ស្រែ​ជម្រៅ មាន​ផ្លូវ​ចូល​ដូច​អង្គរវត្ត​ផងដែរ​៕V​/ N