​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ដឹកនាំ​វិស័យ​ឯកជន​ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​មក​ពិនិត្យ​ក្រុមហ៊ុន ណេ​តា​ហ្វី​ម ( Netafim )​ក្នុង​បំណង​សិក្សា​ស្វែងយល់​អំពី​បច្ចេកទេស​កសិកម្ម​ថ្មី​ទំនើប​ទាក់ទង​ផ្ទះ​សំណាញ់ ការប្រើប្រាស់​ទឹក​ក្នុង​វិស័យ​កសិកម្ម ពិសេស​ប្រព័ន្ធ​ដំណក់ទឹក​។
​លោក អេ​លី ម៉ា​តាន ( Eli Matan) អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​នេះ បាន​ពន្យល់​ប្រាប់​ជា​ហូរហែរ​អំពី​ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម ការងារ​ស្រាវជ្រាវ ការបណ្តុះបណ្តាល និង​បង្ហាញ​… ហើយ សំខាន់​ជាងគេ គឺ​ការប្រើប្រាស់ និង​គ្រប់គ្រង​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ដំណាំ ដោយសារ​បរិមាណ​ទឹក​ត្រូវការ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​មាន​និន្នាការ​កើនឡើង​ជា​លំដាប់​។


​ដើមឡើយ​រដ្ឋ​អ៊ីស្រាអែល​ប្រើ​ទឹក​សំណល់​ពី​ទីក្រុង និង​ទីប្រជុំជន ដែល​បាន​ច្រោះ​សំអាត​រួចហើយ ដោយសារ​វិស័យ​កសិក​ម្ម​មានការ​រីកចម្រើន សេចក្តីត្រូវការ​ទឹក​ក៏​កើនឡើង ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវការ​វិនិយោគ​យ៉ាងច្រើន​ដើម្បី​ទាញយក​ទឹកសមុទ្រ​មក​ច្រោះ ចំរាញ់​ប្រើប្រាស់​បន្ថែម​។ បច្ចុប្បន្ន ការអនុវត្ត​ប្រព័ន្ធ​ដំណក់ទឹក​ក្នុង​កសិដ្ឋាន​ត្រូវបាន​វិវឌ្ឍន៍​យ៉ាង​ទូលំទូលាយ ដោយសារ​បច្ចេកវិទ្យា​នេះ​បានផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដូចជា ប្រើ​បរិ​មាណទឹក​តិច ចំ​គោលដៅ គ្រប់គ្រង​ការ​លូត លាស់​រុក្ខជាតិ​គ្មាន​ប្រយោជន៍ និង​ការលូតលាស់​ពពួក​បាក់​តេ​រី និង​ផ្សិត​ចង្រៃ​បានល្អ ប្រើប្រាស់ ជី​ទឹក​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ដំណាំ កាត់បន្ថយ​ស្តេ​ស​របស់​ដំណាំ​ដោយ សារ​បរិមាណ​ទឹក​ជោគ​ជាំ​ពេក កាត់បន្ថយ​ពលកម្ម និង​ទទួលបាន​ទិន្នផល​ខ្ពស់ ។
​តាម​ការបញ្ជាក់​ពី​លោក អេ​លី ម៉ា​តាន ការ​បង្កប់​ទុយោ​ក្នុង​ដី​មាន​ប្រយោជន៍​ដោយសារ​ឬ​ស​ដំណាំ​ចាប់យក​ទឹក និង​សារធាតុចិញ្ចឹម​បានល្អ រក្សា​ស​ម្ងួ​ត​ផ្ទៃដី​ខាងលើ មិន​បង្កលក្ខណ​អំណោយផល​ឲ្យ​រុក្ខជាតិ​គ្មាន​ប្រយោជន៍​ដុះ​លូតលាស់​បាន និង​គ្រប់គ្រង​មិន​ឲ្យ​បាក់តេរី និង​ពួក​ផ្សិត​ចង្រៃ​រស់ និង​លូតលាស់​បាន​ងាយ​។​ល​។


​ចេញពី​កសិដ្ឋាន​នេះ លោក រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ផលិត​ទុយោ​តំណ​ត់​ទឹក​របស់​ក្រុមហ៊ុន ។ រោងចក្រ​អាច​ផលិត​បាន​ទុយោ ១​ពាន់​លាន​ម៉ែត្រ​/​ឆ្នាំ​។ រោងចក្រ​មាន​មន្ទីរពិសោធន៍​វត្ថុធាតុដើម ពិនិត្យ​គុណភាព​ផលិតផល​សម្រេច ប្រព័ន្ធ​តាមដាន​រាល់​បញ្ហា​ដែល​អាច​កើតឡើង​បន្ទាប់ពី​ផលិត​។​

​ក្រុមហ៊ុន ណេ​តា​ហ្វី​ម គឺជា​ក្រុមហ៊ុន​ធារាសាស្ត្រ​ស្រោចស្រព​ដ៏​ធំ​បំផុត និង​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ដំណោះស្រាយ​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព ដែល​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការខ្វះខាត​ស្បៀងអាហារ ទឹក និង​ដី ដើម្បី​អនាគត​ប្រកបដោយ​និរន្តរភាព ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៣៣ និង​រោងចក្រ​ផលិត​ចំនួន ២១ នៅ​ទូទាំង​ពិភពលោក​។

​ក្នុងឱកាស​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​ក្នុងការ​រៀបចំ​ស្រូវ​បង្ហាញ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ថ្មី​ទំនើប​នៅ​ស្ថានីយ​ផលិត​ពូជស្រូវ​។ ជាការ​ឆ្លើយតប ក្រុមហ៊ុន​បាន​រីករាយ​នឹង​ទទួល​សំណើ​របស់លោក​រដ្ឋមន្ត្រី ហើយ​សន្យាថា​នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ការប្រើប្រាស់​ប្រព័ន្ធ​តំណក់ទឹក​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ជាពិសេស​ដើម្បី​រក​ដំណោះស្រាយ​ទៅនឹង​បញ្ហា​កង្វះ​ទឹក​នា​រដូវប្រាំង​នៅ​កម្ពុជា​។​ N