​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន នៅ​ខេត្តព្រះវិហារ បាន​ឡើង​លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន រហូតដល់​កម្ពស់ ១,២៨ ម៉ែត្រ តែ​មិនបាន​ធ្វើឱ្យ​លិច​ក្រុង​ទេ ដោយមាន​ទំនប់​ការពារ គឺ​ទឹក​លិច​តែ​តំបន់​ទំនាប​នៅ​តំបន់​ជាយក្រុង​ប៉ុណ្ណោះ​។

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​ព្រះវិហារ នា​ល្ងាច​ថ្ងៃនេះ (៣០​សីហា​) បាន​ឡើងដល់​កម្រិត​កម្ពស់ ១២,៨២ ម៉ែត្រ គឺ​កាស​ឱ្យមាន​ការប្រុងប្រយ័ត្ន រហូតដល់​ជាង ១​ម៉ែត្រ តែ​ទឹក ស្ទឹង​នេះ មិនបាន​ហូរ​ចូល​លិច​ក្រុង​ទេ ដោយសារ​មាន​ទំនប់​ការពារ​ក្រុង ។ ទឹក​លិច​តែ​តំបន់​ទំនាប​នៅ​ជាយក្រុង​។

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ជំនន់​ទឹក​ស្ទឹងសែន​នៅក្នុង​ក្រុង​ព្រះវិហារ កាលពី​ព្រឹក មាន​កម្ពស់ ១២,៧២ ម៉ែត្រ ដល់ពេល​ល្ងាច កើន​ដល់ ១២,៨២ ម៉ែត្រ គឺ​បាន​កើនឡើង ០,១០ ម៉ែត្រ តែ​មិន​កើន​ច្រើន ដូច​កាលពី​ម្សិលមិញ​ក្នុង​រយៈពេល​មួយថ្ងៃ ដល់​ជិត​មួយ​ម៉ែត្រ​នោះទេ ។ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ១១,៥០ ម៉ែត្រ​។ ទឹកស្ទឹង​នេះ អាច​នៅ​នឹង​យប់​នេះហើយ​ចាប់ផ្តើម​ស្រក​នៅ​ថ្ងៃស្អែក តែ​នៅ​ក្រុង​កំពង់ធំ​ដែល​ទឹកបាន​ឡើង​លើស​កម្រិត​កម្ពស់​ត្រូវ ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ជា​លើក​ទី​២ ដល់ ០,០៧ ម៉ែត្រ អាច​នៅ​បន្ត​ឡើង​ថែម​បន្តិចទៀត​។ ទឹកស្ទឹង​សែន នៅក្នុង​កំពង់ធំ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ១៣,៥០ ម៉ែត្រ តែ​នៅ​ល្ងាច​នេះ ទឹកបាន​ឡើងដល់​កម្ពស់​១ ៣,៥៧ ម៉ែត្រ​។

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ទឹកស្ទឹង​សែន នៅ​ភាគ​ខាងលើ ក្រុង​ព្រះវិហារ បាន​ស្រក​អស់ហើយ និង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹងសែន ក្នុង​ខេត្តព្រះវិហារ ក៏​មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ​។ ទឹកស្ទឹង​សែន អាច​នឹង​ស្រក​ចុះ នៅ​ថ្ងៃស្អែក​ជា​លំដាប់​។

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង កាលពី​ថ្ងៃទី​២៩ ខែសីហា​ឆ្នាំ​២០២២​ថាៈ គិត​ម​ដល់​ថ្ងៃទី​២៩ ខែសីហា​នេះ ជំនន់​ទឹក​ស្ទឹងសែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ មាននៅ​ក្រុង​ស្រុក​ចំនួន​៤ គឺ​ក្រុង​ព្រះវិហារ ស្រុក​ជាំ​ក្សាន្ត ស្រុក​ជ័យ​សែន និង ស្រុក​ត្បែងមានជ័យ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៤៨៧ គ្រួសារ ស្មើនឹង ១.៩៤៨ នាក់​។ ផ្ទះ​ចំនួន ១៦៥ ខ្នង ត្រូវបាន​លិច និង​ខូច​មួយ​ខ្នង ប្រជាជន​ចំនួន ៧៤ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទឹកជំនន់​ស្ទឹងសែន ដែល​កំពុង​បន្ត​ជន់​ឡើង​លិច​តំបន់​ទំនាប​នៃ​ក្រុង​ព្រះវិហារ​នេះ បានធ្វើឱ្យ​ខូច​ដំណាំ​ស្រូវ​ចំនួន ៣.២៦២ ហិកតា ដំណាំ​រួមផ្សំ ២.០៨៣ ហិកតា និង ផ្លូវលំ​ជនបទ​មួយចំនួន​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣០ ខែសីហា បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី បក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​នៅ​ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​៥ ខែកញ្ញា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម អាច​បង្កឱ្យមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​​ដោយ​ផ្គរ រន្ទះ ។

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ​ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ៣២ ទៅ ៣៥ អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ជាមួយគ្នា​នោះ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទំនាប​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ អាចមាន​ភ្លៀង​ដោយ​អន្លើរ​ក្នុង​កម្រិត​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ជាមួយគ្នា​នោះ ផ្នែក​ខ្លះ​អាចមាន​ភ្លៀង ដោយ​អន្លើរ​ក្នុង​កម្រិត​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕/V​