​ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់​: នៅ​រសៀល​ថ្ងៃទី​២៩ សីហា ២០២២ លោក កែវ រតនៈ ប្រតិភូ​អម​រាជរដ្ឋាភិបាល ទទួល​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បានប្រគល់​ថវិកា ចំនួន ៣០៥.០០០ ដុល្លារ​អាមេរិក ដែល​បានមកពី​កៀងគរ​ស្វែងរក​មូលនិធិ ទាំង​ក្នុង​និង​ក្រៅប្រទេស ជូន​ដល់​សាខា​កាកបាទ ក្រហម​ខេត្តពោធិ៍សាត់ នៅក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំនេះ ក្រោម​ប្រធានបទ «​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន​សហគមន៍​» ។

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា បានប្រគល់​ថវិកា​ចំនួន ៣០៥,០០០​ដុល្លារ​អាមេរិក ត្រូវបាន​ប្រគល់ជូន ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ នៅ​ស្នាក់ការ​សាខា​។

​លោក កែវ រតនៈ បានឱ្យដឹងថាៈ ថវិកា​ចំនួន ៣០៥.០០០ ដុល្លារ​អាមេរិក ដែល​បាន​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេ​ត្ក​ពោធិ៍សាត់ នាពេលនេះ គឺ​បានមកពី​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្គភាព​អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា សប្បុរសជន និង​បណ្តា​ក្រុមហ៊ុន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស ជាការ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០២១ ស្ថិតក្រោម ប្រធានបទ «​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន​សហគមន៍​» ។

​ជាមួយគ្នា​នោះ លោក បាន​សម្តែង​នូវ​ការកោតសរសើរ​លើ​ការងារ​គ្រប់គ្រង ដឹកនាំ​របស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ទទួលបាន​ជោគជ័យ លើ​វិស័យ​មនុស្សធម៌ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ បាន​ទាន់ពេលវេលា នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។

​លោក ជាវ តា​យ បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក កែវ រតនៈ ដោយបាន​បញ្ជាក់ថាៈ ជា​រៀងរាល់ឆ្នាំ រូបលោក​ផ្ទាល់ តែងតែ​ខិតខំ​និង​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​គៀងគរ​ស្វែងរក​មូលនិធិ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ ។

​លោក ជាវ តា​យ បាន​ថ្លែង​ជម្រាបជូន​ថាៈ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​សន្យា​យក​ថវិកា​ទាំងនេះ ទៅប្រើ​ប្រាស់​ចាត់ចែង និង​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ឱ្យបាន​ទាន់ពេលវេលា ស្របទៅតាម​គោលការណ៍​ច្បាស់លាស់ និង​ចំ​គោលដៅ ដូច​ពាក្យ​ថា «​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​» ៕/V​