​ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ យោងតាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​ចំពោះ​កិច្ច អំពី​ការស្រាវជ្រាវ ស៊ើបអង្កេត ចំពោះ​ពាក្យសុំ​អន្តរាគមន៍​របស់​ឈ្មោះ ជា វុទ្ធី ទៅ​ព្រឹទ្ធសភា និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​លោក​វរសេនីយ៍ទោ ភុយ ខ្វៃ ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ប្រើប្រាស់​អំណាច តួនាទី សម្លុត​គំរាមកំហែង​ពលរដ្ឋ និង​ឃុំឃាំង​ដោយ​គ្មាន​ដីកា​តុលាការ​។

​កាលពី​ថ្ងៃទី​១៩ ខែសីហា កងរាជអាវុធហត្ថ បានធ្វើការ​ឆ្លើយតប ដោយបាន​ផ្សព្វផ្សាយ​ជូន​សាធារណជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ ជ្រាបថា កងរាជអាវុធហត្ថ ទទួលយក​ពាក្យបណ្តឹង និង​ធ្វើការ​ស្រាវជ្រាវ​រក​ការពិត​។ ក្រុមការងារ​ចំពោះ​កិច្ច​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ចុះ​ដល់​ខេត្តស្ទឹងត្រែង ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ស្តាប់​ចម្លើយ​បុគ្គល​ពាក់ព័ន្ធ ត្រួតពិនិត្យ​ឯកសារ​សំណុំរឿង​របស់​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​ចុះ​ជួប​ផ្ទាល់​ជាមួយ​ស្ថាប័ន អង្គភាព​មួយចំនួន​ដែលមាន​ការពាក់ព័ន្ធ​។ ក្រុមការងារ​ចំពោះ​កិច្ច បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រកឃើញ​ការពិត​ដូចខាងក្រោម​៖

១-​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ពេល​ចុះបង្ក្រាប​ករណី​ខួង​រុករក​រ៉ែ​ខុសច្បាប់ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ បាន​រាយការណ៍​ជូន​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។ ជាមួយគ្នា​នោះដែរ ក្នុងពេល​ប្រតិបត្តិការ មាន​លោក ព្រះរាជអាជ្ញារង ០១​រូប ជា​អ្នកសម្របសម្រួល​កិច្ច​នីតិវិធី​។

២-​ពុំ​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​, លោក​វរសេនីយ៍ទោ ភុយ ខ្វៃ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស និង​លោកស្រី​អនុសេនីយ៍ឯក សាយ សុគន្ធា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស (​អ្នក​ស្តាប់​ចម្លើយ​ឈ្មោះ ជា វុទ្ធី កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២) បាន​ប្រើប្រាស់​អំណាច តួនាទី សម្លុត​គំរាមកំហែង និង​ឃុំឃាំង​ដោយ​គ្មាន​ដីកា​តុលាការ ទៅលើ​ឈ្មោះ ជា វុទ្ធី នោះទេ​។ រាល់​កិច្ច​ដំណាក់កាល​នៃ​នីតិវិធី​ក្នុង​សំណុំ​រឿងនេះ ជំនាញ​កងរាជអាវុធហត្ថ បានធ្វើការ​រាយការណ៍​គ្រប់​ដំណាក់កាល តាម​នីតិវិធី​ដូច​មានចែង​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការឃាត់ខ្លួន ឈ្មោះ ជា វុទ្ធី បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង តាម​ការដឹកនាំ​សម្របសម្រួល​របស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដូច​មានចែង​ក្នុង​មាត្រា​៩៦ “​ការឃាត់ខ្លួន​” និង​មាត្រា​១០៣ “​ការបញ្ជូន​ខ្លួន​បុគ្គល​ដែល​ត្រូវបាន​ឃាត់ខ្លួន​”​។

៣-​ឈ្មោះ ជា វុទ្ធី បាន​ឆ្លើយថា អ្នកធ្វើ​កំណត់ហេតុ​មិនបាន​សម្លុត គំរាមកំហែង​រូប​ខ្លួន​ទេ គ្រាន់តែ​ឱ្យ​ខ្លួន​ផ្តិតមេដៃ​តាម​កំណត់​ហេតុដែល​បានធ្វើ​រួច ហើយ​ប្រាប់ថា បើ​ព្រម​ផ្តិតមេដៃ​លើ​កំណត់ហេតុ​ទើប​រួចខ្លួន​។ ចំណុច​នេះ តាម​ចម្លើយ​របស់លោក​ស្រី អនុសេនីយ៍ឯក សាយ សុគន្ធា បាន​បញ្ជាក់ថា ឈ្មោះ ជា វុទ្ធី បាន​អាន​កំណត់ហេតុ​ស្តាប់​ចម្លើយ ពេល​អាន​ចប់ ព្រម​ទទួល​ផ្តិតមេដៃ​លើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​។ អនុលោម​តាម​មាត្រា​៩៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ “​កំណត់ហេតុ​ត្រូវ​ដកស្រង់​តាម​ដោយ​ត្រឹមត្រូវ នូវ​សេចក្តីរាយការណ៍​របស់​បុគ្គល​ដែល​ផ្តល់​ចម្លើយ​…” ផ្អែកលើ​មាត្រា​នេះ ការ​ស្តាប់​ចម្លើយ​មិន​ខុស​នឹង​នីតិវិធី​នោះទេ​។

៤-​មូលហេតុ​ដែល​ឈ្មោះ ជា វុទ្ធី ធ្វើ​ពាក្យសុំ​អន្តរាគមន៍​ទៅ​ព្រឹទ្ធសភា និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយសារ​ក្រោយពី​ពេល​លោក​ព្រះរាជអាជ្ញារង ជា សុភ័ក្ត្រ សម្រេច​ដោះលែង​ឱ្យឈ្មោះ ជា វុទ្ធី មាន​សេរីភាព​វិញ ប៉ុន្តែ​មិនបាន​ប្រគល់​ម៉ូតូ ទូរស័ព្ទ និង​ប្រាក់​ចំនួន​១០០.០០០​រៀល ដែល​ត្រូវបាន​ដកហូត​ឱ្យទៅ​ឈ្មោះ ជា វុទ្ធី វិញ ទោះបីជា​ឈ្មោះ ជា វុទ្ធី បាន​ទៅ​ស្នើសុំ​ពី​ក្រឡាបញ្ជី និង​លោក​ព្រះរាជអាជ្ញារង​ផ្ទាល់ ជាច្រើនលើក​ច្រើនសា​ក៏ដោយ​។ ម្យ៉ាងទៀត​ដោយសារ​អត់​ម៉ូតូ​ជិះ​ធ្វើការ អត់​ប្រាក់ចំណូល ម្ចាស់​ផ្ទះជួល​ដេញចេញ មាន​អារម្មណ៍​ម៉ួ​ម៉ៅ កើត​ចិត្ត​ខឹង​យល់ថា ដើមហេតុ​មកពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចាប់ខ្លួន ឈ្មោះ ជា វុទ្ធី ក៏​ពឹង​បុគ្គល​ម្នាក់ ជួយ​ធ្វើ​ពាក្យសុំ​អន្តរាគមន៍​រក​យុត្តិធម៌ ទៅ​ព្រឹទ្ធសភា និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

៥-​នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច ធ្វើការ​សម្របសម្រួល​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ប្រគល់​ម៉ូតូ ទូរស័ព្ទ ប្រាក់​ចំនួន ១០០.០០០​រៀល ទៅឱ្យ​ឈ្មោះ ជា វុទ្ធី វិញ​តាម​នីតិវិធី​របស់​តុលាការ​។ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ឈ្មោះ ជា វុទ្ធី បានទទួល​ម៉ូតូ ទូរស័ព្ទ និង​ប្រាក់​ចំនួន​១០០.០០០​រៀល​វិញ​។​

៦-​ឈ្មោះ ជា វុទ្ធី បាន​ថ្លែងអំណរគុណ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច ចុះ​ស្រាវជ្រាវ​រក​ការពិត​ក្នុងករណីនេះ និង​បាន​ជួយ​សម្របសម្រួល ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ប្រគល់​ម៉ូតូ ទូរស័ព្ទ និង​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ឱ្យ​រូប​ខ្លួន​វិញ ដើម្បី​យកមកប្រើ​ប្រាស់​ធ្វើជា​មធ្យោបាយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ព្រមទាំង​សូម​សំណូមពរ​ស្នើសុំ​សំណង​ជួសជុល​ការខូចខាត និង​ការប៉ះពាល់​កិត្តិយស ហើយ​នៅពេល​ក្រុមការងារ​ចំពោះ​កិច្ច​ស្រាវជ្រាវ​រកឃើញ​ការពិត សូមកុំ​ឱ្យ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ជាពិសេស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី និង​លោក ភុយ ខ្វៃ មានការ​គុំ​គួ​ន​មកលើ​រូប​ខ្លួន ហើយ​រូប​ខ្លួន​យល់ព្រម​ដក​ពាក្យបណ្ដឹង​នៅ​ព្រឹទ្ធសភា​, នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។

​ជាមួយគ្នានេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជម្រាបជូន​ថា ដំណើរ​រឿងហេតុ និង​លទ្ធផល​នៃ​ការស្រាវជ្រាវ ស៊ើបអង្កេត​ដូច​បាន​រៀបរាប់​ខាងលើ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង មិនបាន​អនុវត្ត​ខុស​នីតិវិធី ឬ​ប្រើប្រាស់​អំណាច តួនាទី សម្លុត​គំរាមកំហែង និង​ឃុំឃាំង​ដោយ​គ្មាន​ដីកា​តុលាការ ដូច​ការលើកឡើង​រប​ស់​ឈ្មោះ ជា វុទ្ធី តាម​ពាក្យសុំ​អន្តរាគមន៍​នោះទេ​។ ដោយសារ​តាម​សំណូមពរ​របស់​ឈ្មោះ ជា វុទ្ធី កងរាជអាវុធហត្ថ​យើងខ្ញុំ​ក៏​ស​ម្រ​ច​ចិត្ត​មិន​ប្រគល់​សិទ្ធិ​ជូន​មេធាវី​ប្តឹង​ឈ្មោះ ជា វុទ្ធី វិញ​ទេ​៕/V​

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី និងលោក ជា វុទ្ធី