ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែ កញ្ញា​នេះ​ដួង​រាសី​បាន​ត្រឡប់មក​ធ្លាក់​ស្រុតចុះ​វិញ​ធ្វើឱ្យ​អ្វីៗ​ដែល​ធ្លាប់​រលូន​នឹង​ផ្លាស់ប្តូរ​មកជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​គឺ​ងាយ​ភ្លាំងភ្លាត់​ខ្ពស់ ហេតុនេះ​ត្រូវ​ចេះ​ចាត់ចែង និង​ប្រយ័ត្នប្រយែង​ការងារ​ចាស់ៗ​ក៏​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
ចំពោះ​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​អាច​ទទួលដំណឹង​ល្អ និង​ទទួល​អ្វីដែល​ល្អៗ​ទៀតផង​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោរម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
គូស្នេហ៍​ប្រុស​ស្រី ប្រកបដោយ​ភាព​ផ្អែមល្ហែម​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ឆ្លង​ចូល​ខែ​ថ្មី​កញ្ញា​នេះ​ដួង​រាសី​ខែ​បាន​ឡើងមក​កម្រិត​ល្អជា​មធ្យម​វិញ ពីព្រោះថា ខែ សីហា​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ផល​លំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក ពុំ​សូវ​មានការ​រីកលូតលាស់ ប៉ុន្មាន​ទេ​ពោលគឺ​មាន​ភាព​នឹងថ្កល់​ជាប់​មួយកន្លែង ហើយ​បើ​មានការ​រីកចម្រើន​នោះ​ក៏​តិចតួច​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​អ្វីមួយ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។
​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ការរស់នៅ​បើ​ចង់​ធ្វើ​អ្វី​គឺ​មិនបាន​ដូច​គាប់​បំណង​ឡើយ ហើយ​ពិសេស​អាច​នឹង​មានការ​រំលោភបំពាន​ពី​អ្នកដទៃ​ថែមទៀត​។​ការ​ធ្ងើ​ជំនួញ​ទី​ឆ្ងាយ​ជិត​ចំណូល​ពុំ​ឃើញ​មាន​ចូល​ជា​គួរកត់សម្គាល់​ទេ​គឺ​នៅតែ​ខ្សត់​ភាគ​ច្រើនជាង​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​អ្នកធ្វើ​ជំនួញ​តូចធំ​ត្រូវ​ចងចាំ​ថា​កុំ​រកបាន​ដោយ​តានតឹង ហើយ​ចាយ​ធូរ​ខ្ជះខ្ជាយ​ឱ្យសោះ ប្រយ័ត្ន​ជួប​អាសន្ន​អន់ក្រ​គ្មាន​អ្នក​ជួយ​នាគ្រា​ខាងមុខ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​ដោយសារតែ​ភាព​ចង់​ចាញ់​គ្នា​មិនតិច​ដែរ​ទេ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំរោង​ឆ្លង​ចូល​ខែកញ្ញា​នៅ​ថ្ងៃស្អែក​នេះ​ដួង​រាសី​ខែ​នៅតែ​ល្អប្រសើរ​ទេ ប៉ុន្តែ​យ៉ាងណាក្តី​សម្រាប់​ស្ត្រី​មិនសូវ​ល្អ​ដូច​បុរស​ទេពី​ព្រោះថា មាន​ឧបទ្រព​មិនល្អ​យាយី​មួយចំនួន​នៅ​លាយឡំ​។​ការប្រកប​ការងារ​ជា​ក្រុមហ៊ុន​ឯក ជន ឬ​មន្ត្រីរាជការ​ក្តី​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ទទួលជោគជ័យ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​បើ​ចង់​ទិញ​របស់​ទុក​គ្រាន់​លក់​យកចំណេញ​ទៅ​ថ្ងៃក្រោយ ឬ​ចង់​ចរចា​ដោះដូរ​ទិញ​អ្វីមួយ​តែង​សម​ដូច​ប្រកប​គួរសម​។​
សេចក្តី​សេ្ន​ហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង កំពុងមាន​ភាព​ផ្អែមល្ហែម​គួរសម​ឡើងវិញ​៕

 

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំម្សាញ់​ដួង​រាសី​ខែ​នៅតែ​ល្អប្រសើរ ហើយ​បើ​ចង់​ធ្វើ​អ្វី​ឃើញថា​មិន​ទាស់ខុស​ទេពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ជួប​គ្រោះ​យាយី​មួយចំនួន ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​បណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ និង​ពិសេស​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​សេះ​នៅ​ខែកញ្ញា​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​តែង​ជួប​នូវ​ស្ថាន​ភាពលំបាក​បន្តិច​វិញ​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​តែង​លេច​នូវ​រឿង​រាវ​រកាំចិត្ត ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ពពែ​ឆ្លង​ចូល​ខែកញ្ញា​នេះ​ដួង​រាសី​ល្អជា​មធ្យម ម្ល៉ោះហើយ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ដោយឡែក​ការប្រកប​ការងារ​បើទោះបី​ជួប​ការលំបាក​ម្តេច​ម្តា ប៉ុន្តែ​បើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។​ការធ្វើដំណើរ​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អៗ​ចូលមក​វិញ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​សម្រាប់​ការបំពេញ​ការងារ អ្វី​លោកអ្នក​ត្រូវ​ចងចាំ​ថា​មានតម្លៃ​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។
សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ចំពោះ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​មានការ​ចម្រើន​លូតលាស់ និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វី​តែង​មិន​ទទួល​ជា​លទ្ធផល​ឡើយ ពិសេស​ងាយ​កើតជា​រឿង​រាវ​ថែមទៀត​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ ក៏​ប្រសើរ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕