​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ តៃវ៉ាន់​បាន​បាញ់​ព្រមាន​ដាក់ដ្រូន​ចិន​ដែល​ហោះ​នៅឯនាយ​កូន​កោះ​មួយ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ប្រធានាធិបតី សាយ អ៊ីង​វិន របស់​កោះ​នេះ​បាន​និយាយថា​លោកស្រី​​បាន​បញ្ជា​អោយ​យោធា​តៃវ៉ាន់​«​ចាត់វិធានការ​ត​តប​ខ្លាំងក្លា​»​ប្រឆាំង​នឹង​អ្វី​ដែល​លោកស្រី​ហៅថា​ការបង្ក​រឿង​ពី​ចិន​។​

​វា​ជា​លើកដំបូង​ដែល​តៃវ៉ាន់​បាញ់​ព្រមាន​ដូច្នេះ​ក្នុងអំឡុងពេល​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​ចិន​ប៉េកាំង​នឹង​កងកម្លាំង​គាំទ្រ​ឯករាជ្យភាព​នៅ​កោះ​តៃវ៉ាន់​។​

​ចិន​ប៉េកាំង​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​របស់​ខ្លួន​និង​រង់ចាំ​តែ​ពេល​ធ្វើ​ការបង្រួបបង្រួម​គ្នា​ឡើង​វិញ​តែ​ប៉ុណ្ណោះ តែ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​មិន​ព្រម​ទទួលយក​គោលការណ៍​ចិន​តែ​មួយ​ដោយ​នៅ​ក្រោម​ការ​គ្រប់​​គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ថា​មាន​តែ​ប្រជាជន​តៃវ៉ាន់​ប៉ុណ្ណោះ​អាច​កំណត់​ជោគវាសនា​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​យោធា​ម្នាក់​បាន​និយាយថា ដ្រូវ​បាន​ត្រឡប់​ក្រោយ​ទៅ​ខាងចិន​ក្រោយ​ការបាញ់​ព្រមាន​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​បាន​ត្អូញត្អែរ​យូរហើយ​អំពី​ដ្រូ​ន​ចិន​ហោះចូល​កៀកៗ​ក្រុម​កូន​កោះ​របស់​ខ្លួន​នៅ​ក្បែរ​ឆ្នេរ​របស់​ចិន ជា​ផ្នែក​នៃ​សមយុទ្ធ​យោធា​របស់​ចិនដីគោក​និង​ចុងក្រោយ​បំផុត​នៅក្បែរកោះ​​គីន​មិន​(Kinmen)​។​

​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ប្រធាន​សភា​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​កោះ​នេះ​ភ្លាម​កាលពីដើម​ខែ​។​

​អ្នកនាំពាក្យ​បញ្ជាការ​យោធា​កោះ​គីន​មិនបាន​និយាយថា មាន​ការបាញ់​គ្រាប់​ពិត​សំដៅ​ដ្រូ​ន​ដែល​ហោះ​តំរង់​មក​កូន​កោះ​អឺ​ដាន​(Erdan)​នៅមុន​ម៉ោង​៦​ល្ងាច​។​ដ្រូ​ន​នោះ​បន្ទាប់​មក​ហោះ​ត្រឡប់​ទៅខាង​​ចិន​វិញ​។​

​នៅ​មិនទាន់មាន​ចម្លើយ​តប​យ៉ាង​ណា​ពី​ចិន​នៅ​ឡើយ​ទេ តែ​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​ចិន​បាន​ច្រាន​ចោល​ការតវ៉ា​របស់​តៃវ៉ាន់​អំពី​ដ្រូ​ន​ចិន​ដោយ​ថា​«​គ្មានអ្វី​ត្រូវ​ត្អូញត្អែរ​តវ៉ា​អំពី​វា​»​ទេ​៕