​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ (Mikhail Gorbachev) ដែល​បាន​ប្រឹង​ធ្វើ​ឱ្យ​សហភាពសូវៀត​មាន​ជីវិត​រស់​ឡើង​វិញ​ប៉ុន្តែ​ចុងក្រោយ​បាន​បញ្ចេញ​នូវ​កម្លាំង​ដែលនាំឱ្យ​មាន​ការដួលរលំ​នៃ​លទ្ធិកុម្មុយនីស្ត ការ​បំបែក​រដ្ឋ និង​ការបញ្ចប់​សង្គ្រាមត្រជាក់​នោះ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​។

​មេដឹកនាំ​សូ​វៀត​ចុងក្រោយបង្អស់​រូបនេះ​បាន​ទទួល​មរណភាព​នៅ​អាយុ ៩១ ឆ្នាំ​។​

​មន្ទីរពេទ្យ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​ហ្គោ​បា​ឆូវ​បាន​ស្លាប់​បន្ទាប់ពី​រង​នូវ​ជំងឺ​ជាច្រើន​ឆ្នាំ​។ មិនទាន់​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ត្រូវបាន​ផ្តល់​ឱ្យ​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​នានា​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការស្លាប់​របស់​លោក​ហ្គោ​បា​ឆូវ ហើយ​នឹង​ផ្ញើ​ទូរលេខ​ផ្លូវការ​ទៅកាន់​ក្រុមគ្រួសារ​របស់​លោក​ហ្គោ​បា​ឆូវ​នៅ​ពេល​ព្រឹក​។​

​ទោះបី​កាន់អំណាច​តិច​ជាង​ប្រាំពីរ​ឆ្នាំ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​ហ្គោ​បា​ឆូវ​បាន​បញ្ចេញ​នូវ​ការផ្លាស់ប្តូរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ទាំង​នោះ​បាន​វ៉ា​គាត់​យ៉ាង​លឿន​ហើយ​បាន​បណ្តាលឱ្យ​មាន​​ការដួលរលំ​នៃ​រដ្ឋ​ផ្តាច់ការ​សូ​វៀត ការ​ដោះខ្លួន​របស់​ប្រទេស​អឺរ៉ុប​ខាង​កើតចេញពី​ការត្រួតត្រា​របស់​រុស្ស៊ី​និង​ការបញ្ចប់​ការប្រឈមមុខ​ដាក់​គ្នា​ខាង​នុយក្លេអ៊ែ​រវាង​លោក​ខាងកើត​-​ខាងលិច​ជា​ច្រើន​​ទសវត្សរ៍​។​

​ការដួលរលំ​របស់គាត់​គឺជា​ការ​អាម៉ាស់​ណាស់​។ អំណាច​របស់​គាត់​បាន​ចុះខ្សោយ​ដោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​គាត់​នៅ​ខែ​សីហា​ឆ្នាំ ១៩៩១​គាត់​បាន​ចំណាយពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​របស់​​គាត់​នៅក្នុង​ការិយាល័យ​របស់​គាត់​ដោយ​មើល​សាធារណរដ្ឋ​មួយ​ហើយ​មួយទៀត​ប្រកាស​ឯករាជ្យ​រហូតដល់​គាត់​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ២៥ ខែ​ធ្នូ​ឆ្នាំ ១៩៩១​។​សហភាពសូវៀត​បាន​ដួលរលំ​នៅ​មួយថ្ងៃ​​ក្រោយ​មក​នោះ​៕

​លោក​ហ្គោ​បា​ឆូវ​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅ​អាយុ ៩១ ឆ្នាំ​