​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជនជាតិ​អ៊ីរ៉ាក់​ជា​អ្នកគាំទ្រ​បព្វជិត​ដ៏​មាន​ឥទ្ធិពល មុក​តា​ដា សាដ (Muqtada Sadr)​បាន​ដកខ្លួន​ចេញពី​តំបន់​បៃតង​នៃ​ទីក្រុង​បា​កដាដ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា បន្ទាប់​ពី​គាត់​បានទាមទារ​ឱ្យ​បញ្ចប់​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ស៊ី​អ៊ី​ត​ដែល​ជា​គូប្រជែង និង​កងទ័ព​អ៊ីរ៉ាក់ ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស ៣០ នាក់​និង​រាប់រយ​នាក់​រងរបួស​។​

​ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ចន្ទ​រវាង​ក្រុម​អ្នក​ស្មោះត្រង់​នឹង​លោក​សាដ​ប្រឆាំង​នឹង​ក្រុម​និកាយ​ស៊ី​អ៊ី​ត​គាំទ្រ​ដោយ​ប្រទេសជិតខាង​អ៊ីរ៉ង់​ដែល​ជា​អំពើ​ហិង្សា​មួយ​ញ៉ាំងឱ្យ​ប្រធានាធិបតី​អ៊ីរ៉ាក់​ជំរុញ​​ឱ្យមាន​ការបោះឆ្នោត​មុន​កាល​កំណត់​និង​នាយករដ្ឋមន្ត្រី​គំរាម​លាលែង​ពី​តំណែង​។​

​លោក​សាដ ជា​បព្វជិត​ស្កូវ​ពុកចង្ការ​ជាមួយនឹង​អ្នកដើរ​តាម​រាប់លាន​នាក់ ដែល​ធ្លាប់​ដឹកនាំ​កងជីវពល​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល​អាម៉េរិក​និង​អ៊ីរ៉ាក់ បាន​ផ្តល់​ពេល​ឱ្យ​អ្នកដើរ​តាម “៦០ នាទី​” ដើម្បី​ដក​ខ្លួន​ចេញ បន្ទាប់មក​ទៀត​គាត់​គំរាម “​ឈប់​គាំទ្រ​” អ្នក​ដែល​នៅ​បន្ត​តវ៉ា​។​

​លោក​សាដ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ពី​មូលដ្ឋាន​របស់​គាត់​នៅ​ទីក្រុង​ដ៏​ពិសិដ្ឋ ណា​ចា​ហ្វ (Najaf) របស់​និកាយ​ស៊ី​អ៊ី​ត​ថា “​ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រជាជន​អ៊ីរ៉ាក់​ដែល​ជា​អ្នក​រង​ផលប៉ះពាល់​ដោយ​​ព្រឹត្តិការណ៍​នេះ​”​។​

​លោក​បាន​និយាយថា “​អាម៉ាស់​ណាស់​ចំពោះ​បដិវត្តន៍​នេះ​…​មិន​ថា​អ្នកណា​ជា​អ្នក​ផ្តួចផ្តើម​នោះទេ បដិវត្តន៍​បែបនេះ ដរាបណា​វា​ត្រូវបាន​ញាំញី​ដោយ​អំពើ​ហិង្សា មិនមែន​ជា​បដិវត្តន៍​នោះទេ​”​។​

​លោក​បាន​បន្ថែមថា “​ខ្ញុំ​សូម​អរគុណ​កងកម្លាំង​សន្តិសុខ​និង​សមាជិក​កងកម្លាំង​ហា​សេដ​អាល់​សា​អាប៊ី (Hashed al-Shaabi)”​។​

​នៅក្នុង​សារ Twitter ក្រោយមកទៀត លោក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទូទាត់​សង​គ្រួសារ​ជនរងគ្រោះ​។​

​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​សាដ​ត្រូវបាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ អ្នកគាំទ្រ​របស់​គាត់​បា​ន​ចាប់ផ្តើម​រុះរើ​ជំរំ​និង​បោសសម្អាត​តំបន់​បៃតង​ជា​កន្លែង​ដែល​បុគ្គលិក​សាលាក្រុង​បាន​​ចាប់ផ្តើម​សម្អាត​សំបក​គ្រាប់​ដែល​បន្សល់ទុក​នៅ​ពេល​មាន​ចលាចល​។​

​កងទ័ព​បាន​ដក​បម្រាម​គោចរ​ទូទាំងប្រទេស ដោយរ​បាំង​បេតុង​ទាំងអស់​ត្រូវបាន​ដក​ចេញពី​ផ្លូវ​សំខាន់ៗ ហើយ​ចរាចរណ៍​បាន​បន្ត​ដំណើរការ​ធម្មតា​ឡើងវិញ​សន្សឹមៗ​។​

​ខណៈ​ភាពស្ងប់ស្ងាត់​បាន​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី បា​ហាម សា​ឡេស (Barham Saleh) បាន​លើកទឹកចិត្ត​ឱ្យមាន “​ការបោះឆ្នោត​ថ្មី​មុន​កាលកំណត់​ស្រប​តាម​ការឯកភាព​ជាតិ​” ដោយ​និយាយថា ការបោះឆ្នោត​អាច​ផ្តល់ “​ច្រក​ចេញ​ពី​វិបត្តិ​ដ៏​លំបាក​”​។​

​នាយករដ្ឋមន្ត្រី មូស្តា​ហ្វា អាល់​កា​ដេមី (Mustafa al-Kadhemi) បាន​និយាយថា ការស៊ើបអង្កេត​ត្រូវបាន​ចាប់ផ្តើម​ចំពោះ​ភាពចលាចល​នេះ ហើយ​បាន​គំរាម​លាលែង​ពី​តំណែង​ប្រសិនបើ​ការ​​ជាប់គាំង​នយោបាយ​នៅតែ​បន្ត​។​

​លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​ថា “​ប្រសិនបើ​ពួក​គេ​ចង់​បន្ត​បង្កចលាចល ជម្លោះ ការមិនចុះសម្រុង​គ្នា និង​ការ​ប្រជែង​គ្នា​… ខ្ញុំ​នឹង​បោះ​ជំហាន​ដែល​មាន​សីលធម៌​និង​ស្នេហា​ជាតិ ហើយ​លាលែង​ពី​តំណែង​នៅ​ពេលវេលា​សមស្រប​”៕

​លោក​សាដ​ផ្តល់​ពេល ៦០ នាទី​ឱ្យ​បាតុករ​បំបែកជួរ​នៅ​ទីក្រុង​បា​កដាដ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ស៊ី​អ៊ី​ត​ដែល​ជា​គូប្រជែង និង​កងទ័ព​អ៊ីរ៉ាក់ ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស ៣០ នាក់​និង​រាប់រយ​នាក់​រងរបួស​