ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រណាំង​រថយន្ត Off Road គម្រប់​ខួប ២០ ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត​កា​ឆា​ណាក់​បូរី ប្រទេស​ថៃ​បានបញ្ចប់​ដោយ​ជោគជ័យ​។​

​លោក ព្រំ​រស្មី ប្រធាន​ក្រុម​ខេ​ម​បូ 4×4 បានបញ្ជាក់​ថាៈ យើង​ទទួលបាន​បទពិសោធន៍ច្រើន ទោះ​លទ្ធផល​មិន​ទទួលបាន ដូច​ការគ្រោងទុក តែ​ពេញចិត្ត ដោយ​លទ្ធផល​ឈរនៅលើ ២១ ក្រុម ក្នុងចំណោម ៣៤ ក្រុម សរុប ១០៤ រថយន្ត មកពី ៤ ប្រទេស​ចូលរួម​។
​លោក ព្រំ រស្មី បាន​បន្ថែមថាៈ ការប្រណាំង​ថ្ងៃទី​១ មាន​៤​ជុំ ក្រុម ១១៧ ឈរ​លេខ​៣១​ដោយ​ខកខាន​ប្រកួត ១​ជុំ​។ ថ្ងៃទី​២ មាន​២​ជុំ ឈរ​លេខ​១៨ និង​ថ្ងៃទី​៣ មាន​២​ជុំទទួលបាន​ចំណាត់ថ្នាក់​លេខ​១៣ ហើយ​ប្រសិនបើ​មិនមាន​បញ្ហា​បច្ចេកទេសនឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ពី​លេខ​៦ ទៅ​លេខ​៧​។ ប្រធាន​ក្រុម​ខេ​ម​បូ 4×4 រូបនេះ​បាន​សរសើរ​ក្រុម B M និង​ក្រុម​គោព្រៃ​មណ្ឌល​គី​រី ថា​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ប្រណាំងកម្រិត​អន្តរជាតិ ប៉ុន្តែ​នៅ​ខ្វះ​បទពិសោធន៍​បច្ចេកទេស និង​ការប្រណាំង​ជា​ក្រុមដែលជា​វិញ្ញាសា​ថ្មី​។​

​លោក​បាន​បន្តថាៈ នៅ​ខែតុលា ឆ្នាំ​២០២២ នេះ ក្រុម​កម្ពុជា នឹងចូលរួម​ប្រណាំង​ជា​លក្ខណៈ​អន្តរជាតិ នាទី​ក្រុង​បាងកក ប្រទេស​ថៃ ហើយ​លោក បាន​អំពាវនាវ​ឲ្យ​កីឡាករOFF ROAD កម្ពុជា សូម​ចូលរួម ពីព្រោះ​មាន​វិញ្ញាសា​ច្រើន មានដូចជវិញ្ញាសាឯកត្តជន និង​វិញ្ញាសា​ក្រុម ដើម្បី​ទទួលបាន​បទពិសោធន៍ យកទៅ​ចែករំលែកនៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ឆ្លងកាត់​ការប្រកួត រយៈពេល ៣​ថ្ងៃ យ៉ាង​ស្វិតស្វាញ​នេះ កម្ពុជា​ទាំង ៣ក្រុម ធ្វើ​បានល្អ ដោយ​ក្រុម Off Road ខេ​ម​បូ 4×4 ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៣, ក្រុម Off Road B M លេខ​២៧ និង​ក្រុម Off Road គោព្រៃ​មណ្ឌល​គី​រី​ទទួលបាន​លេខ​២៩ ពី​ការប្រណាំង​រថយន្ត Off Road គម្រប់​ខួប ២០​ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត​កា​ឆា​ណាក់​បូរី ប្រទេស​ថៃ ដោយមាន ៤ប្រទេស​ចូលរួម គឺមាន ឡាវ ម៉ាឡេស៊ី កម្ពុជា និង​ថៃ ជា​ម្ចាស់ផ្ទះ​៕/V​