ដោយៈ បូកគោ / កំពត: នៅក្នុងពិធីប្រកាសតែងតាំងលោក អុឹម ច័ន្ទសោធន ជាអភិបាលស្រុកទឹកឈូ ជំនួស លោក នាក់ សុវណ្ណារី ដែលបានផ្ទេរតំណែង ជាអភិបាលស្រុកឈូក នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកទឹកឈូ នោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈអភិបាលអភិបាលក្រុង ស្រុក ត្រូវប្រើប្រាស់តួនាទីខ្លួន ក្នុងការផ្តល់ភាពកក់ក្តៅ និងឆ្លើយតបរាល់តម្រូវការរបស់ ប្រជាពលរដ្ឋមូលដ្ឋាន។ ថ្នាក់ដឹកនាំមិនត្រូវប្រើតួនាទី របស់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋ មានភាពថ្នាំងថ្នាក់ឡើយ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ គ្រប់អភិបាលក្រុងស្រុក ទាំងប្រាំបួន ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ពិសេសត្រូវដឹងពីសុខទុក្ខ និងតម្រូវការ ប្រចាំថ្ងៃរបស់ពលរដ្ឋមូលដ្ឋាន។ តួនាទីគ្រប់គ្រងនាពេលនេះ បានកើតឡើងដោយសារ ប្រជាពលរដ្ឋ។ និយាយរួម តួនាទី ភារកិច្ចនេះ ជាអំរែកដែលលោក លោកស្រី ត្រូវរែករាស្ត្រ និងច្បាប់។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ តួនាទីក្នុងការរែករាស្ត្រ គឺត្រូវដឹងពីសុខទុក្ខ ក្តីលំបាក និងត្រូវដោះស្រាយ រាល់សំណូមពរ ក៏ដូចជា តម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ ពេលវេលា។ ចំណែកតួនាទីក្នុងការរែកច្បាប់ គឺលោក លោកស្រី ត្រូវចេះពិនិត្យ រួចដោះស្រាយបញ្ហាពាក់ព័ន្ធនឹងច្បាប់ ដោយធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ មានលទ្ធភាព ក្នុងការរស់នៅប្រចាំថ្ងៃ។ ថា្នក់ដឹកនាំក្រុងស្រុក មិនត្រូវយកតួនាទី ទៅប្រព្រឹត្តអំពើខុសច្បាប់ ឬបង្កក្តីឈឺចាប់ ចំពោះបងប្អូនប្រជាពលរដ្ឋដាច់ខាត៕V/ N