​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាវា ដែល​ជួល​ដោយ​អង្គការសហប្រជាជាតិ​ផ្ទុក​ជាមួយ​ស្រូវ​សាលី​អ៊ុ​យក្រែន ២៣.០០០ តោន​សម្រាប់​ប្រជាជន​ស្រេកឃ្លាន​រាប់លាន​នាក់​នៅក្នុង​ប្រទេស​អេត្យូ​ពី បាន​ចូល​ចត​ក្នុង​ប្រទេស​ជី​ប៊ូ​ទី ដែល​នៅ​ជិតខាង​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​។​

​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អ​.​ស​.​ប​បាន​និយាយថា នាវា​ផ្ទុក​ដឹកទំនិញ MV Brave Commander​បាន​មក​ដល់​ទីក្រុង​កំពង់ផែ​របស់​ប្រទេស​នៅ​តំបន់​ស្នែង​អាហ្វ្រិក​នេះ​ពីរ​​សប្តាហ៍​បន្ទាប់​ពី​ចាកចេញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​ក្នុងប្រទេស​អ៊ុ​យក្រែន​។​

​លោក ម៉ៃ ដាន់​ហ្វ​ត (Mike Dunford) នាយក​ប្រចាំ​តំបន់​របស់ WFP សម្រាប់​អាហ្វ្រិក​ខាងកើត​បាន​និយាយ​នៅក្នុង​វីដេអូ​ដែល​ផ្តល់​ដោយ WFP ពី​កំពង់ផែ​ថា “​អាហារ​នៅលើ​នាវា Brave Commander នឹង​ផ្តល់​អាហារ​ដល់​មនុស្ស ១,៥ លាន​នាក់​សម្រាប់​រយៈពេល​មួយ​ខែ​នៅក្នុង​ប្រទេស​អេត្យូ​ពី​”​។​

“​ដូច្នេះ នេះ​ធ្វើឱ្យ​មាន​ផល​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ទាំងនោះ​ដែល​បច្ចុប្បន្ន​មិនមាន​អ្វី​ទាំងអស់​។ ហើយ​ឥឡូវនេះ WFP នឹង​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​តម្រូវការ​ជា​មូលដ្ឋាន​របស់​ពួកគេ​”​។​

​អង្គការ WFP បាន​និយាយ​នៅ​ដើមខែ​នេះ​ថា ប្រទេស​អេត្យូ​ពី រួមជាមួយ​នឹង​កេន​យ៉ា​និង​សូ​ម៉ាលី កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​នៃ​គ្រោះ​រាំងស្ងួត​ដ៏​សាហាវ ដែល​បណ្តាលឱ្យ​មនុស្ស ២២ លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពអត់ឃ្លាន​នៅ​ទូទាំង​តំបន់​ស្នែង​អាហ្វ្រិក​។​

WFP បាន​និយាយថា ស្រូវ​សាលី​ពី​នាវា Brave Commander កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅ​កាន់​ប្រតិបត្តិការ​របស់​វា​នៅក្នុង​ប្រទេស​អេត្យូ​ពី​។​

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​ការដឹកជញ្ជូន​នឹងរង​ផល​ប៉ះពាល់​ដោយ​ការប្រយុទ្ធ​គ្នា​ឡើងវិញ​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ធី​ហ្គ្រេ​យ៉ាន (Tigrayan) នៅ​ភាគ​ខាងជើង​ប្រទេស​ឬ​យ៉ាងណា​នោះទេ​។​

​អ៊ុ​យក្រែន ដែល​ជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក បាន​បង្ខំចិត្ត​បញ្ឈប់​ការ​ចែកចាយ​ស្ទើរតែ​ទាំងអស់​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ ដោយ​បង្កើន​ការបារម្ភ​អំពី​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​៕

​នាវា Brave Commander ដឹក​គ្រាប់​ធញ្ញជាតិ​មកដល់​ប្រទេស​ជី​ប៊ូ​ទី