​ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​៖ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា ថ្នាក់​អគ្គបញ្ជាការដ្ឋាន និង​តែងតាំង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មាស យ៉​ត ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ជំនួស​វិញ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថាៈ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​បរិយាកាស ទីកន្លែង​ធ្វើការ​ងារ ការផ្លាស់ប្តូរ​មុខតំណែង គឺមាន​អត្ថប្រយោជន៍ ៤ ជា​គន្លឹះ
១- ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន
២- រៀបចំ​ធនធានមនុស្ស ឱ្យស្រប​នឹង​សមត្ថភាព​ជំនាញ និង​និស្ស័យ​
៣- ជាការ​ផ្តល់ឱកាស​សម្រាប់​អ្នក​បន្តវេន​
៤- ជាការ​ចែករំលែក​បទ​ពិសោធន៍​ល្អ ក្នុង​បំណង​ធ្វើឱ្យ​អង្គភាព ស្ថាប័ន​រីកចម្រើន ព្រមៗ​គ្នា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ថាៈ លក្ខខណ្ឌ​ក្នុងការ​តែងតាំង​នាយទាហាន ដឹកនាំ​បញ្ជា ក៏ដូចជា ប្រធាន​បណ្តា​ស្ថាប័ន ក្នុង​កងរាជអាវុធហត្ថ ទាមទារ​នូវ​លក្ខណៈសម្បត្តិ​គឺ សុខភាព​ល្អ កាយសម្បទា​មាំមួន មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ​និង​បទពិសោធន៍ ក្នុងការ​ដឹកនាំ​បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការលះបង់ តម្រូវ​ឧស្សាហ​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល ទណ្ឌកម្ម​តាមច្បាប់​លក្ខន្តិកៈ នៃ​កងយោធពល​ខេមរភូមិន្ទ ឬ​ការផ្តន្ទាទោស តាមផ្លូវ​តុលាការ ព្រមទាំង​ទទួលបាន​នូវ ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ ក្នុង​អង្គភាព និង​មហាជន ប្រជាជន​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ដែល​បាន​ជួយ​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងការ​ដឹកនាំ បញ្ជា គ្រប់គ្រង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់ចេញ ប្រកបដោយ​កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង ដោយ​ពុំមាន​កំហុស​ខុសឆ្គង ឬ​ទទួល​វិន័យ​ទណ្ឌកម្ម និង​សូម​ជូនពរ​លោក​ឧ​ត្ត​ម​សេនីយ៍ ទទួល​តួនាទី ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួលបាន​ជោគជ័យ​។​

 

​ចំពោះ​មេបញ្ជាការ ដែល​ត្រូវ​ទទួលបាន​នូវ​ការតែងតាំង នា​ថ្ងៃនេះ គឺ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មាស យ៉​ត គប្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល ត្រូវ​យល់ដឹង និង​អនុវត្ត ៧​ចំណុច រួមមាន ហូប​, ស្លៀកពាក់​, ស្នាក់នៅ​, សុខភាព​, អប់រំ​រៀនសូត្រ​, មធ្យោបាយ​ធ្វើដំណើរ​, កំសាន្ត​សប្បាយ និង​ដោះស្រាយ​ទុក្ខលំបាក​, ថែទាំ​មធ្យោបាយ បរិក្ខារ និង​គ្រឿង​បំពាក់​, គ្រប់គ្រង​អចលនទ្រព្យ ដំណើរការ​ការងារ តាម​បែបបទ​រដ្ឋបាល និង​ឋានានុក្រម​កងទ័ព​, ការងារ​កសាង​អង្គភាព​ទីកន្លែង​ធ្វើការ​ងារ​, ទីកន្លែង​អប់រំ ហ្វឹកហ្វឺន រៀនសូត្រ​, ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​កងទ័ព​ក្នុង​អង្គភាព​, ការងារ​ដឹកនាំ គ្រប់គ្រង បញ្ជា​អង្គភាព​មាន​សណ្តាប់ធ្នាប់ កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់ច្បាស់​នូវ តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ សហការ​សម្រេច​ភារកិច្ច ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ចំពោះ​ប្រជា ត្រូវតែ​បម្រើ ច្បាប់ ត្រូវតែ​គោរព បទល្មើស ត្រូវតែ​បង្ក្រាប​៕V/ N