ដោយៈ​ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត សម្រាប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល អនុវត្ត​សម្រេច បាន​លទ្ធផល​ការងារ ប្រមាណ​ជា ៧០ ភាគរយ នៃ​គម្រោង​ទាំងមូល​ហើយ ពោលគឺ អាច​ដោះស្រាយបាន នូវ​បញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត បាន​មួយផ្នែកធំ សម្រាប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចាប់ពី​ក្នុង​រដូវវស្សា​នេះ​ទៅហើយ​។​

​លោក ជា សុខ​នី នាយករង​ខុទ្ទកាល័យ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​ថាៈ គម្រោង​សាងសង់ ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ ខេត្តកណ្តាល ពេលនេះ (៣១​សីហា​) អនុវត្ត​ការងារ​សម្រេចបាន លទ្ធផល​ប្រមាណ​ជា ៧០ ភាគរយ នៃ​គម្រោង​ទាំងមូល​ហើយ​។ គម្រោង​នេះ នឹង​កាត់បន្ថយ​បាន នូវ​ការគំរាមកំហែង ពី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ដែល​តែងតែ​កើតមាន លើ​រាជធានី និង​ក្រុង​តាខ្មៅ មួយផ្នែកធំ​ហើយ​។​

​គម្រោង​ខាងលើនេះ អនុវត្ត​ដោយ​ក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. ដោយ​ប្រើប្រាស់ ជំនួយ​ហិរញ្ញប្បទាន​សម្បទាន បានមកពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន ជា​គម្រោង​ដ៏​មាន​សារៈសំខាន់​ក្នុងការ​កាត់បន្ថយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​តែងតែ​យាយី​ដល់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

​គម្រោង​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​នេះ រួមមាន ការងារ​ស្តារ​ស្ទឹង​ព្រែក​ត្នោត ប្រវែង ២៦ គីឡូម៉ែត្រ , ស្តារ​ស្ទឹងតូច​ប្រវែង ២,៥ គីឡូម៉ែត្រ ពង្រឹង​ទំនប់​សណ្តរ​ការពារ​ទឹកជំនន់ សងខាង​ស្ទឹង​ព្រែក​ត្នោត ប្រវែង​ត្រូវ​បុក​ដែក​សន្លឹក (Sheet pile) ខាងឆ្វេង​ច្រាំង​ប្រវែង ៨,៨២ គីឡូម៉ែត្រ ខាងស្តាំ ប្រវែង ៦,៥៥ គីឡូម៉ែត្រ​។ ចំពោះ​កំណាត់​ច្រាំង ដែល​ងាយ​ច្រោះ​ដី ត្រូវបាន​ការពារ​ដោយ​សំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូម៉ែត្រ និង​រៀប​ជញ្ជាំង​ការពារ ប្រវែង ៤១៧ ម៉ែត្រ ។ សាងសង់​និង​ជួសជុល​ប្រឡាយ ភា្ជ​ប់​លេខ​១ ប្រវែង ១៥០ ម៉ែត្រ​, ប្រឡាយ​ភា្ជ​ប់​លេខ​២ ប្រវែង ៩០០ ម៉ែត្រ (​ចាក់​បេតុង​ត្រង់​៥០០​ម៉ែត្រ​), ប្រឡាយ​ភា្ជ​ប់​លេខ​៣ ប្រវែង​ស្តារ ៥.៧០០ ម៉ែត្រ​, ប្រឡាយ​លេខ​៧៨ ធ្វើការ​ជួសជុល និង​ចាក់​បេតុង ប្រវែង ២.៨០០​ម៉ែត្រ​, ប្រឡាយ​ជីក​ថ្មី​ប្រវែង ៤.៥០០ ម៉ែត្រ​, ប្រឡាយ​ស្រោចស្រព​ហ​នុ មាន​ប្រវែង​ជួសជុល ៣.៦០០ ម៉ែត្រ (​ក្នុងនោះ​ចាក់​បេតុង ១.០០០​ម៉ែត្រ​), ព្រែក​ហូរ ប្រវែង​ស្តារ និង​ចាក់​បេតុង ៧.២០០ ម៉ែត្រ​, ព្រែក​យាយ​ជា​ប្រវែង​ស្តារ ១.៤០០ ម៉ែត្រ និង​ព្រែក​ថី ប្រវែង​ស្តារ និង​ចាក់​បេតុង ៣.៦០០ ម៉ែត្រ​។ សាងសង់​សំណង់​យក​ទឹក​មួយកន្លែង​, សំណង់​សម្រួល​ចរន្តទឹក ចំនួន ៤ កន្លែង​, សំណង់​បង្វែរ​ចរន្តទឹក ចំនួន ៣ កន្លែង​, សំណង់​ដោះ​ទឹក​ចំនួន ២ កន្លែង និង​សំណង់ តាម​ប្រឡាយ​ចំនួន ៥៨ កន្លែង ។​

​ក្រោយ​ការសាងសង់​រួច គម្រោង​ខាងលើនេះ ជួយ​កាត់បន្ថយ​ទឹកជំនន់ បាន​មួយផ្នែកធំ និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ បាន​ចំនួន ១០.១៥០ ហិកតា នៅ​រដូវប្រាំង​និង បាន​ចំនួន ១៧.៧៣០ ហិកតា នៅ​រដូវវស្សា ៕V/ N