ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង ការគួរសម​ជាមួយ​លោក បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពី​រសៀល ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ ។ ការ​ចូលជួប​សម្តែង​ការគួរ​សមនេះ ក្នុងឱកាស​នៃ ការបំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​គណៈប្រតិភូ​ជាន់ខ្ពស់ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​រដ្ឋធានី​វៀងចន្ទន៍​។​

​ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី​ឡាវ បាន​ស្វាគមន៍​ចំពោះ ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ផ្លូវការ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​ការប្តេជ្ញាចិត្ត​រួម របស់​ប្រទេស​ទាំងពីរ ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន ក្នុង​ក្របខ័ណ្ឌ​នៃ “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​”​។ ជាពិសេស នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង អំពី​ទំនាក់ទំនង​សាមគ្គីភាព ដែលមាន​ប្រវត្តិ​ដ៏​យូរលង់ រវាង​ប្រទេស​ទាំងពីរ និង​បានបញ្ជាក់ អំពី​ការគាំទ្រ​ចំពោះ​ការ ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ឱ្យបាន​កាន់តែ​ជិតស្និទ្ធ និង​ប្រកបដោយ​ការទុកចិត្ត ទៅវិញទៅមក ដែលជា​ការចូលរួមចំណែក​យ៉ាង សំខាន់​ក្នុង​ការកសាង​ព្រំដែន​មិត្តភាព សន្តិភាព និង​វិបុលភាព​រួម ជាពិសេស​ការបង្ក​លក្ខណៈ​ដល់​តម្រូវការ​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​សេវា​សុខាភិបាល​។

​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ និង​កោតសរសើរ ចំពោះ​សមត្ថភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ជាពិសេស​ភាពឈ្លាសវៃរ​បស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ប្រឈម​ដោះស្រាយ បញ្ហា​តំបន់ និង​សាកល​ដែល​កំពុង​កើតមាន ប្រកបដោយ​ភាពត្រឹមត្រូវ​។​

​ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ លោក​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​តែង​បាន​ជួយ​ដល់​ប្រទេស និង​ប្រជាជន​ឡាវ ក្នុងអំឡុងពេល​វិបត្តិ​គ្រោះអាសន្ន​នានា ជាពិសេស​ការ​ផ្តល់ជំនួយ​ជា​ថវិកា និង​សម្ភារ​បរិក្ខារ​ពេទ្យ រួមទាំង​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ លោក នាយករដ្ឋមន្ត្រី​ឡាវ ចំពោះ​ការគាំទ្រ​ដល់​ការជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស្អិតរ​មួ​ត ដែល​កត្តា​ចូលរួម​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ចំណង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​តទៅ​អនាគត​។​

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​ឆ្លៀត​យក​ឱកាស​នោះ នាំ​ជូន​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក នាយករដ្ឋមន្ត្រី​ឡាវ និង​ចូលរួម​អបអរសាទរ ចំពោះ​ការ​ភិ​វ​ឌ្ឍ​រីកចម្រើន យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​របស់ ប្រទេស​ឡាវ ក្រោម​ការដឹកនាំ​របស់​បក្ស និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ព្រមជាមួយ​នឹង​ការ អរគុណ ចំពោះ​ប្រទេស​ឡាវ និង​ប្រជាជន​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា ក្នុងការ​បំពេញ​តួនាទី ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២២ នេះ​៕ V / N