ដោយៈមឿ​ន ហាច អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ មាឃ ទូច អាយុ​៧៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ម៉ៅ វង និង​ម្តាយ​ឈ្មោះ​តន់ ស៊ុន​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៧​នាក់ គឺ​ស្រី​ចំនួន​៤​នាក់ និង​ប្រុស​ចំនួន​៣​នាក់​។
​ពី​កុមារភាព ខ្ញុំ​រៀន​នៅ​សាលា​ផាន់​ផន ដល់​ថ្នាក់​ទី​១១​សង្គមចាស់​។ បន្ទាប់មក ខ្ញុំ​ក៏​ឈប់រៀន​ព្រោះ​ត្រូវ​នៅ​មើលថែទាំ​ឪពុក​ដែល​ធ្លាក់​ពីលើ​ចុង​ត្នោត​។ ក្រៅពីនោះ ខ្ញុំ​នៅ​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្តាយ​។ ខ្ញុំ​បាន​រៀបការ​នៅក្នុង​ឆ្នាំ​១៩៦៩ ជាមួយ​ប្តី​របស់ខ្ញុំ​ធ្វើជា​ទាហាន លន់ នល់​។ បន្ទាប់ពី​រៀន​ការ​រួច ខ្ញុំ​កើត​បានកូន​ប្រុស​ម្នាក់​ឈ្មោះ សម្បត្តិ​។

មាឃ ទូច អាយុ​៧៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅពេល​យោធា​ខ្មែរក្រហម​ចូលមក​គ្រប់គ្រង​ប្រទេស​កម្ពុជា ខ្ញុំ​និង​អ្នកភូមិ​ទាំងអស់​ត្រូវ​ជម្លៀស​ឲ្យ​ទៅ​រស់នៅក្នុង​ស្រុក​តានី​។ ខ្ញុំ​នៅ​ទី​នោះបាន​ប្រហែល​មួយឆ្នាំ ខ្មែរក្រហម​ផ្លាស់​ខ្ញុំ ឲ្យ​ទៅ​នៅ​វត្ត​សុ​បិ​ន្ត​ទៀត​។ នៅក្នុង​របប​ខ្មែរក្រហម កម្មាភិបាល​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​នៅ​ធ្វើការ​ក្នុង​កង​ចាស់ៗ ដក​ស្ទូង និង​រែក​អាចម៍គោ​ដាក់​ស្រែ​។ កាលនោះ យើង​អាច​ស្នាក់នៅ​ខ្ទម ឬ​ក្នុងផ្ទះ​របស់​យើង ប៉ុន្តែ​ត្រូវ​ហូបបាយ​រួម​នៅក្នុង​រោង​បាយ​ទាំងអស់គ្នា​។
​មាន​ថ្ងៃមួយ​កូនប្រុស​របស់ខ្ញុំ​ឃ្លាន​បបរ​ពេក ខ្ញុំ​ក៏​កាន់​ចាន​ទៅសុំ​បបរ​ពី​ចុងភៅ​មក​ឲ្យ​កូន​។ អ្នក​ដួស​បបរ​ខឹង​ក៏​យក​វែក​ដែល​កំពុង​ក្តៅ​ខ្លាំង​មក​វាយ​ត្រូវចំ​កូនដៃ​របស់ខ្ញុំ​បាក់ ដែល​បន្សល់ទុក​ស្លាកស្នាម​រហូតដល់​សព្វ​ថ្ងៃ​។

ពេលនោះ​ខ្ញុំ​អាណិត​កូនប្រុស​របស់ខ្ញុំ​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាច​រក​អាហារ​ឲ្យ​គាត់​ហូប​បាន​។ នៅក្នុង​ភូមិ​ខ្ញុំ​ឃើញ​សាកសព​មនុស្ស​៣​នាក់​ដែល​ខ្មែរក្រហម​សម្លាប់ចោល​រួច​ទម្លាក់​ចូលក្នុង​រណ្តៅ​តែមួយ​។ ខ្ញុំ​ឃើញបែបនេះ ខ្ញុំ​ពិតជា​តក់ស្លុត​ខ្លាំងណាស់ ព្រោះ​ខ្លាច​វាសនា​របស់ខ្ញុំ​ដូច​អ្នក​ទាំង​នោះដែរ​។ ខ្ញុំ​រស់នៅ​ទាំង​ភ័យខ្លាច​។ ខ្ញុំ​មិន​ហ៊ាន​និយាយស្តី និង​មិន​ហ៊ាន​តវ៉ា​អ្វី​ឡើយ ព្រោះ​ខ្លាច​ខ្មែរក្រហម​យកទៅ​វាយចោល​។
​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩ ខ្ញុំ​បាន​នាំ​គ្រួសារ​ត្រឡប់មកផ្ទះ​នៅ​ភូមិ​ដើម​បេង​វិញ​។ ប៉ុន្តែ​ជា​អកុសល ផ្ទះ​របស់ខ្ញុំ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើយ​។ ដូច្នេះ​ខ្ញុំ​បាន​សាង​សង់ផ្ទះ​ថ្មី​មួយទៀត​ដើម្បី​ស្នាក់នៅ​។ រយៈពេល​បី​ខែ​ក្រោយមក ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​ហើម ព្រោះ​កាលពី​របប​ខ្មែរក្រហម ខ្មែរក្រហម​ឲ្យ​គាត់​ហូប​តែ​បបរ​ប៉ុណ្ណោះ​។ ចំណែក​ប្តី​របស់ខ្ញុំ​ក៏​ស្លាប់​ដែរ​។ ក្រោយមក ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ទី​ពីរ​។ យើង​មានកូន​៣​នាក់​ជាមួយគ្នា​។

​បន្ទាប់ពី​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​របប​ខ្មែរក្រហម ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ័យខ្លាច ហើយ​មិន​ចង់​ឲ្យ​របប​នេះ​វិលត្រឡប់​មកវិញ​ទេ​។ សព្វថ្ងៃនេះ ខ្ញុំ​អាចរ​ស់បាន​ហើយ​ទោះបីជា​មិនមាន​បាន​ដូច​គេ ក៏ប៉ុន្តែ​ខ្ញុំ​មិន​ភ័យព្រួយ​រឿង​ហូប​មិន​ឆ្អែត​ទៀត​៕​សរន​

មាឃ ទូច ផ្តល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​ដល់​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)