ផ្លូវជាតិ​លេខ​៦ រថយន្តបុក​ម៉ូតូ ស្លាប់​មួយ​គ្រួសារ​បួន​នាក់ ,​របួស​ប្រាំ​នាក់

1171
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ រថយន្ត​មួយគ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​ហើយ​បុក​ជាមួយ​ម៉ូតូ​ដែលមាន​មនុស្ស​ជិះ​ចំនួន​បួន​នាក់​បណ្តាល​ឲ្យ​ស្លាប់​ទាំងអស់​។​ចំណែក​រថយន្ត​ក៏បាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​របួស​មនុស្ស​ប្រាំ​នាក់​ដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដំណាក់​ស្លា​ញ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

ជនរងគ្រោះទាំងបួននាក់ដែលបាត់បង់ជីវិត

​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បញ្ជាក់ថា រថយន្ត​កាមរី ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q ០៩៣២​ដឹក​មនុស្ស​ពេញ​រថយន្ត​ដោយ​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​ហើយ​បានមក​បុក​ជាមួយ​ម៉ូតូ​។​ម៉ូតូ​បានធ្វើ​ដំណើរ​ពី​ទិស​កើ​តទៅ​ទិស​លិច​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជា​ប្តី​ប្រពន្ធ​និង​កូន​ចំនួន​បួន​នាក់​ស្លាប់​ទាំងអស់​។​រថយន្ត​បាន​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ហើយ​មាន​មនុស្ស​ជិះ​ចំនួន​៥​នាក់​បាន​រងរបួស​ដែរ​។​ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​បាន​រត់​គេចខ្លួនបាត់​។​

រថយន្តបង្ក

លោក​អធិការ​បាន​បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​នោះ​ឈ្មោះ សុន សែន ជា​ប្តី​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃ​ជ្រូកស្រុក​ពួក​ខេត្តសៀមរាប​។​សព​ត្រូវ​បានប្រគល់​ឲ្យ​បងប្អូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក ។​ចំណែក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម