​ដោយ​:​ពៅ​និមល / ភ្នំពេញ​៖ តាមរយៈ​ជំនួប​ការងារ កាលពី​កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ សម្របសម្រួល និង​ជំរុញ​សកម្មភាព​ធុរកិច្ច និង​វិនិយោគ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោយ​ចប់​ជំនួប ការងារ រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​សភា សហរដ្ឋ​អាម៉េរិក ដែល​ដឹកនាំ​ដោយ លោកស្រី ខា​រ៉ូ​ល មី​ល័​រ (Carol Miller) សមាជិកសភា​សហរដ្ឋ​អាម៉េរិក​ប្រចាំ​រដ្ឋ West Virginia ក្នុង​គោលបំណង ឈ្វេងយល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បាន​លើកឡើងថា ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ ព្រមទាំង​សហការី ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច ដោយផ្ទាល់​នៅ​ក្រសួង និង​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាម៉េរិក ក្នុងការ​ផ្តល់នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ប្រមាណ​ជាង ៣​លាន​ដូ​ស ដល់​ប្រជាជន​កម្ពុជា ដែល​នេះ​ជាការ​រួមចំណែក​យ៉ាងសំខាន់ ដល់​ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឡើងវិញ​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​វឌ្ឍន​ភាពជោគជ័យ នៃ​ការរៀបចំ​កិច្ច ប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ប្រធាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ជាពិសេស​ការត្រៀម កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ នៅ​សៀមរាប នាពេល​ខាងមុខនេះ​។ លោក ក៏បាន​លើកឡើង​ផងដែរ អំពី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក ដែលមាន​ការកើនឡើង យ៉ាង​ល្អប្រសើរ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីត​-១៩ ក៏ដោយ​។​

​លើសពីនេះ លោក​បាន​ជម្រាប ជូន​ជា​សង្ខេប​ពី គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្របខ័ណ្ឌ​ច្បាប់​នានា ដែល​គាំទ្រ​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​ឈានដល់​ការសម្រេច គោលដៅ​ក្លាយជា ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​អត្ថប្រយោជន៍​ដែល​កម្ពុជា ទទួលបាន​ពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក ដែល​បាន​ទាក់ទាញ​រោងចក្រ ផលិត​សម្ភារៈ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន ដល់​ប្រជាជន​កម្ពុជា​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​បាន​ស្នើឱ្យ​សមាជិកសភា សហរដ្ឋ​អាម៉េរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក ដល់​កម្ពុជា​បន្តទៀត ព្រមទាំង​បានបញ្ជាក់​ពី​តម្រូវ​ការចាំបាច់ របស់​កម្ពុជា នាពេល​បច្ចុប្បន្ន ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី នៃ​សង្គម​ឌីជីថល រួមមាន​៖ បច្ចេកវិទ្យា​ថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាដើម​។​

​ជាការ​ឆ្លើយតប ភាគី​សហរដ្ឋ​អាម៉េរិក បាន​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់ លោក​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បានទទួល​គណៈប្រតិភូ យ៉ាង​កក់ក្តៅ និង​បាន​សម្តែង​ចំណាប់អារម្មណ៍ ចំពោះ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា លើ​វិស័យ​សំខាន់ៗ​មួយចំនួន និង​ស្វែងយល់​ពី​សក្តានុពល​រប​ស់​កម្ពុជា និង​កិច្ចការ​នានា ដែល​សហរដ្ឋ​អាម៉េរិក អាចជួយ​ជ្រោមជ្រែង​ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​កម្ពុជា​៕/V​