ដោយ:ពៅនិមល/ភ្នំពេញ៖ តាមការកំណត់នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តបើកប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ឆ្នាំ២០២៣ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក ហេង សួរ សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋលេខាធិការ។

សូមជម្រាបជូនថា គិតមកដល់ពេលនេះ គឺជាលើកទី៣ហើយ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវណាត់ជួបប្រជុំគ្នា ដើម្បីពិភាក្សាឈានទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។ ខណៈភាគីសហជីពតំណាងកម្មករនិយោជិត បានស្នើរដំឡើងចំនួន ២១ដុល្លារ បន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្ន។ រីឯភាគីនិយោជក នៅប្រកាន់គោលជំហរប្រាក់ឈ្នួលឆ្នាំ២០២២ដដែល គឺចំនួន ១៩៤ដុល្លារ។
ជុំវិញការស្នើសុំដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតចំនួន ២១ដុល្លារសម្រាប់ឆ្នាំខាងមុខនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា ការទាមទារដំឡើងនេះ បន្ទាប់ពីក្រុមសហជីពបានពិភាក្សានិងឯកភាពគ្នាយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។ លោកបានបន្តថា ជាទម្លាប់ការជួបគ្នាបន្តបន្ទាប់នេះ នឹងជជែកគ្នាឡើងវិញអំពីទទ្ហ្បីករណ៍រៀងៗខ្លួន បន្ទាប់មកច្បាស់ណាស់ ភាគីនិយោជកនឹងអាចឡើង ហើយភាគីសហជីពនឹងអាចចុះ ដែលជានីតិវិធីនៅក្នុងការជជែកពិភាក្សាគ្នា។

ទន្ទឹមនេះ លោក អាត់ ធន បានបង្ហើបឲ្យដឹងទៀតថា កិច្ចចចារនៅឆ្នាំនេះ សក្តានុពលនៃការដំឡើងប្រាក់ឈ្នួលអប្បបរមា អាចនឹងសមរម្យជាង ២ឆ្នាំមុន (២០២០និង២០២១) បើតាមការលើកឡើងពីតំណាងរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំ ប៉ុន្តែចំនួនជាក់លាក់ យើងនឹងចាំមើលបន្តទៀតនៅរសៀលថ្ងៃនេះ។ លោកបន្តថា តាមអ្វីដែលយើងស្ទង់ស្ទាបពីខាងក្រសួង ក៏ដូចជាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) គឺក្រសួងអាចនឹងកើនជាបឋមនៅក្នុងយុទ្ធសាស្រ្តនេះ ប្រហែលជា ១៩៧ ទៅ១៩៨ ឬ១៩៩ដុល្លារ ហើយនឹងមានការផ្តល់ពីប្រមុខរដ្ឋាភិបាលផ្សេងទៀត ដូច្នេះមិនអាចតិចជាង ២០០ដុល្លារទេ។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ លោក លី ឃុនថៃ ប្រធានសមាគស្បែកជើងកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃ៣១ ខែសីហានេះថា ខាងភាគីនិយោជកសុំរក្សាប្រាក់ខែនៅ ១៩៤ដុល្លារដដែល ដោយសារកត្តាបញ្ជាទិញមានការធ្លាក់ចុះប្រហែល ៣០ទៅ៥០ភាគរយ ចាប់ប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ទៀតថា គិតក្នុងឆ្នាំ១៩៩៧ កម្មករ កម្មការនីក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទទួលប្រាក់ឈ្នួលអប្បបរមារចំនួន ៣៥ដុល្លារ និងកើនឡើងបន្តបន្ទាប់រហូតចំនួន ១៩៤ដុល្លារ នៅក្នុងមួយខែៗ គិតត្រឹមឆ្នាំ២០២២៕srn