ដោយៈ​សុផល​/​ភ្នំពេញ​៖ វិនិយោគិន​ជប៉ុន​មួយក្រុម បានបង្ហាញ​គោលបំណង​ចង់​ជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ជាពិសេស​សាលារៀន​នៅ​ជនបទ​ដាច់ស្រយាល និង​អត្តខាត់ ព្រមទាំង​សិស្សានុសិស្ស​ដែល​ជួប​ការលំបាក និង​ខ្វះខាត​។​

​លោក យូ​ម៉ា ម៉ូ​រ៉ានូ​ស៊ី​(Yuma Muranusi) នាយក​មូលនិធិ​អំណោយ​ជប៉ុន (Nippon Donation Foundation )​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្យូ​តុ នា​ព្រឹក​ថ្ងៃទី​៣១​ខែសីហា បាន​អញ្ជើញ​មកជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទីស្តីការក្រសួង​អប់រំ ។​

​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​នី​កីឡា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ការពិភាក្សា​ថ្ងៃនេះ​ផ្ដោតលើ​គោលបំណង​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​របស់​មូលនិធិ​អំណោយ​ជប៉ុន​ជាពិសេស​ជួយ​ដល់​សិស្ស​និង​សាលារៀន​ដែល​ជួប​ការលំបាក​។​កន្លងមក​ក្រុមហ៊ុន​ជប៉ុន​នេះ​ធ្លាប់ជួយ​មួយចំនួន​នៅ​កម្ពុជា​ហើយ តែ​នៅ ពេលនេះ​គាត់​ចង់​បន្ត​ជួយ​ថែមទៀត​។​គាត់​មានបំណង​យក​មូលនិធិ​មកជួយ​សាលា​ដែលមាន​ការលំបាក​និង​ជួយ​ដល់​កុមារ​សិស្សសាលា​នៅតាម​ជនបទ​ដែលមាន​ការខ្វះខាត​។​

​លោក​រដ្ឋលេខាធិកា​បាន​បន្ថែមថា​៖​គោលបំណង​របស់លោក យូ​ម៉ា ម៉ូ​រ៉ានូ​ស៊ី គាត់​ចង់ឱ្យ​ក្មេងៗ​មាន​អនាគត​រុងរឿង​ដើម្បី​មានឱកាស​ជួយ​កសាង​ប្រទេស​ដែល​ធ្លាប់​ជួប​ការលំបាក​ដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​ខណៈដែល​ជប៉ុន​ធ្លាប់​ឆ្លងកាត់​សង្គ្រាមលោកលើកទី​២​។​ក្រុមហ៊ុន​ចង់​ជួយ​កសាង​អគារ​សិ​ក្សា បង្គន់​អនាម័យ និង​ទឹកស្អាត​ក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​មាន​សាលារៀន ទទួលបាន​ចំណេះដឹង និង​សុខភាព​រឹងមាំ​។​

​លោក យូ​ម៉ា ម៉ូ​រ៉ានូ​ស៊ី នាយក​មូលនិធិ​អំណោយ​ជប៉ុន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​លោក​មាន​គោលបំណង​ចង់​ជួយ​ដល់​ផ្នែក​អប់រំ​នៅ​កម្ពុជា ដូចជា​សាលាបឋមសិក្សា​នៅ​តំបន់​ដាច់ស្រយាល​ដែលមាន​ការខ្វះខាត ជួយ​ប្រព័ន្ធ​ទឹកស្អាត បង្គន់​អនាម័យ និង​សាងសង់​អគារសិក្សា​ជាដើម​។​

​លោក​បាន​បន្តថា​៖​បានជា​លោក​សម្រេចចិត្ត​មកជួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ដោយសារ​លោក​សង្កេតឃើញ​ថា​សាលារៀន​នៅតាម​ជនបទនិង​កុមារ​នៅ​កម្ពុ​ជាមាន​មានការ​ខ្វះខាត និង​ជួយ​ការលំបាក​ច្រើន​។​

​កន្លងមក មូលនិធិ​អំណោយ​ជប៉ុន​បាន​ជួយ​ជីក​អណ្ដូង​និង​បង្គន់​អនាម័យ​បាន​ជាង​២០​កន្លែង​ហើយ​។​នៅពេល​ខាងមុខនេះ គ្រោង​នឹង​ជួយ​សាងសង់​អគារសិក្សា ប្រព័ន្ធ​ទឹកស្អាត បង្គន់​អនាម័យ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត ក្នុង​វិស័យ​អប់រំ​៕Ph