​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​ថា ម្ចាស់​ជើងឯក​វើល​ខា​ប់ ផូល ផុ​កបា (Paul Pogba) បាន​បង់​ប្រាក់​ចំនួន ១០០.០០០ អឺរ៉ូ (១០០.០០០ ដុល្លារ​) ដល់​ក្រុម​ចាត់តាំង​មួយ រួម​ទាំង​បងប្រុស​របស់​ខ្លួន ដែល​ព្យាយាម​ជំរិត​ទារប្រាក់​ពី​រូបគេ​រាប់លាន​។​

​រដ្ឋអាជ្ញា​បារាំង​កំពុង​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ថា ផុ​កបា​គឺ​ជា​គោលដៅ​នៃ​ការ​ជំរិត​ទារប្រាក់​ពី​សំណាក់​បងប្រុស​របស់​គាត់​ឈ្មោះ ម៉ា​ធៀ​ស ផុ​កបា (Mathias Pogba)​និង​មិត្តភក្តិ​ពី​កុមារ​​ភាព​ជា​ច្រើន​នាក់​។ ពួកគេ​បាន​ទាមទារ ១៣ លាន​អឺរ៉ូ​ពី​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ ហើយ​បាន​គំរាម​រូបគេ​ម្តង​ហើយ​ម្តងទៀត​ដោយ​អះអាង​ថា​ផុ​កបា​មិន​បាន​គាំទ្រ​ពួកគេ​បន្ទាប់ពី​រូបគេ​បាន​ក្លាយ​​ជា​តារា​បាល់ទាត់​អន្តរជាតិ​។​

​មន្ត្រី​ដឹង​ការស៊ើបអង្កេត​នេះ​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP​កាលពី​ថ្ងៃ​អង្គារ​ថា ផុ​កបា​បាន​ប្រាប់​អ្នក​ស៊ើបអង្កេត​ថា រូបគេ​បាន​បង់ប្រាក់​ចំនួន ១០០.០០០ អឺរ៉ូ​រួចហើយ​។​មន្ត្រី​រូប​នោះ​និយាយ​​ក្នុង​លក្ខខណ្ឌ​អនាមិក​ដើម្បី​ស្រប​តាម​ការអនុវត្ត​ផ្លូវការ​ក្នុងអំឡុងពេល​ស៊ើបអង្កេត​ដែល​កំពុង​បន្ត​។​

​យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង ផូល ផុ​កបា​បាន​ប្រាប់​អ្នក​ស៊ើបអង្កេត​ថា​ក្រុម​ចាប់ជំរិត​ចង់​បង្ខូចកេរ្តិ៍​ឈ្មោះ​គេ​ដោយ​អះអាង​ថា​ផុក​បាន​បាន​សុំ​ឱ្យ​គ្រូធ្មប់​ម្នាក់​ធ្វើ​អំពើ​លើ​តារា​​បារាំង​ម្នាក់​ទៀត​គឺ កាយ​លៀន អឹម​បា​ហ្វេ (Kylian Mbappe) ។ ផុ​កបា​បាន​បដិសេធការ​ចោទប្រកាន់​នេះ​។​

​ម៉ា​ធៀ​ស ផុ​កបា​កាលពី​ថ្ងៃ​អាទិត្យហាក់​បាន​ឆ្លើយតប​នឹង​ការអះអាង​អំពី​គ្រូធ្មប់​នៅក្នុង​សារ​បង្ហោះ​តាម Twitter ដោយ​សំដៅ​ទៅ​កាន់​អឹម​បា​ហ្វេ ថា “​កាយ​លៀន តើ​ឯង​យល់​ទេ​ឥឡូវនេះ​?​ខ្ញុំ​គ្មាន​អី​​ប្រឆាំង​ឯង​ទេ អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​ចង់​ឱ្យ​ឯង​ល្អ អ្វីៗ​គឺជា​ការពិត​និង​ត្រូវ​គេ​ដឹងឮ​អស់ហើយ គ្រូធ្មប់​គឺ​គេ​ស្គាល់​មុខ​ហើយ​!”​។​

​អឹម​បា​ហ្វេ​មិនបាន​ឆ្លើយតប​ទេ និង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងអាស្រូវ​ដែល​លេច​ចេញ​ពី​ជម្លោះ​ក្នុង​គ្រួសារ​នោះ​ទេ​៕

ផុ​កបា​បង់លុយ​១០​ម៉ឺន​អឺរ៉ូ​រួច​ហើយ​ដល់​ជន​ចាប់ជំរិត​