ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣ លោក ណ​យ ផា​ណា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​កីឡា​កាយ សម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ ថ្នាក់ដឹកនាំ​គ្រូបង្វឹក គ្រូ​ជំនួយ អាជ្ញា​កណា្ត​ល និង​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ចំនួន​១៨​នាក់ ទៅ​ចូលរួម​ការប្រកួត​កីឡា​កាយ សម្ព័ន្ធ​អេ​រ៉ូ​ប៊ិក​ជើង ឯក​អាស៊ី​លើក​ទី​៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នៅ​ប្រទេស​ថៃ ។

​លោក ណ​យ ផា​ណា បាន​មានប្រសាសន៍ថាៈ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​អេ​រ៉ូ​ប៊ិក​ជើងឯក​អាស៊ី លើក​ទី​៧ ឆ្នាំ​២០២២ (7thAerobic Gymnastic ASIAN Championships 2022) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ថៃ ពីថ្ងៃ​ទី​៣១ ខែសីហា ដល់ទី ៦ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា នឹង​បញ្ជូន​ប្រតិភូ​ចំនួន ១៨ នាក់ ទៅ​ចូលរួម រួមមាន ចៅក្រម​អន្តរជាតិ ២ នាក់ គ្រូបង្វឹក និង​គ្រូ​ជំនួយ ៣ នាក់ ព្រមទាំង​កីឡាករ -​កីឡាការិនី ១៣ នាក់ ក្នុងនោះ មាន​កីឡាការិនី ៨ នាក់ និង​កីឡាករ ៥ នាក់ លោក​បានដាក់​គោលដៅ​ច្បាស់លាស់ ក្នុងការ​ដណ្តើមយក​មេ​ដាយ​ជូន​ជាតិ ។

​ការប្រកួត​លើក​នេះ មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​សហព័ន្ធ ព្រោះ​ជា​ព្រឹត្តិការណ៍​ធំ​ដែលមាន​ប្រទេស​សម្បូរ​ទៅដោយ​កីឡាករ​-​កីឡាការិនី​ល្អ និង​ខ្លាំង​ដូចជា​ប្រទេស​ជប៉ុន ប្រទេស​អ៊ីរ៉ង់ ប្រទេស​កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និង​ប្រទេស​វៀតណាម ប៉ុន្តែ​រូបលោក នៅតែមាន​សង្ឃឹម ជានិច្ច​ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ ហើយក៏​ជាការ​ប្រកួត ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ – កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ។

​ព្រឹត្តិការណ៍​នេះ ក៏​នាំ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​បាន​ស្គាល់​លក្ខណៈ​បច្ចេកទេស​កម្រិត​អន្តរជាតិ កាន់តែច្រើន ឲ្យ​បាន​ច្រើន​ថែមទៀត ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ ឆ្ពោះទៅរក​ការអភិវឌ្ឍ​បច្ចេកទេស ហើយ​ជា​ចំណុច​សំខាន់បំផុត ដើម្បី​ស្ទាបស្ទង់​សមត្ថភាព និង​ឈាន​ជើង​ទៅដល់​កម្រិតណា SEA GAMES ២០២៣ ។

​ការប្រកួត​កីឡា​កាយសម្ព័ន្ធ អេ​រ៉ូ​ប៊ិក​ជើងឯក​អាស៊ី​ឆ្នាំ​២០២២ នេះ មាន​ចំនួន ១៣ ប្រទេស ដោយមាន​ក្រុម​កីឡាករ​-​កីឡាការិនី ចំនួន ២៩៥ នាក់ ច្រើនជាងគេ​បំផុត នៃ​ការប្រកួត ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា មាន​៨ វិញ្ញាសា ប្រភេទ​អាយុ​លើសពី ១៨ ឆ្នាំ មាន ៤ វិញ្ញាសា ឯកត្តជន​បុរស​ប្រកួត​គូ ទ្រី​យ៉ូ និង​ប្រកួត​ជា​ក្រុម ប្រភេទ​អាយុ​ក្រោម ១៨ ឆ្នាំ មាន ៣ វិញ្ញាសា ឯកត្តជន​នារី គូ​ចម្រុះ និង​ទ្រី​យ៉ូ ហើយ​ទី​៣ ប្រភេទ​យុវជន​អាយុ​ពី ១៥ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលមាន​ការប្រកួត​វិញ្ញាសា​ឯកត្តជន​នារី និង​ប្រកួត​ជា​ក្រុម​។

​ការប្រកួត​សម្រាប់​អាយុ​លើស ១៨​ឆ្នាំ អាយុ​ក្រោម​១៨ ឆ្នាំ និង​យុវជន​អាយុ​ចាប់ពី ១៥ ដល់ ១៧​ឆ្នាំ ត្រូវតែ​ស្វែងរក​ឲ្យ​បាន​មេដាយ​ដូចគ្នា​ទោះ​មេដាយ​កម្រិត​ណាក៏ដោយ ឲ្យ​តែ​យើង​ដណ្តើម​ឲ្យ​បាន តែ​គោលដៅ​ធំ​របស់​យើង គឺ​ឈានទៅរក​មេដាយ​។

​លោក​បាន​បន្តថាៈ ដោយសារ​មានការ​ដាក់ចេញ នូវ​សេចក្តីណែនាំ​ពី​លោក​បណ្ឌិត ថោង ខុន ជា​ប្រធាន​សហព័ន្ធ គឺ​យើង​ពិនិត្យឃើញថា ការអនុវត្ត​ការងារ​របស់​យើង​សព្វថ្ងៃនេះ បាន​ដើរចូល​ទៅក្នុង​គន្លង​ផែនការ​ដែល​យើង​បាន​ព្រាងទុក​។ ការប្រកួត​នេះ នឹងមាន​លទ្ធផល​ល្អ ដោយ​យើង​មាន​ភាព​ស្តង់ដា​ក្នុងការ​ឈានទៅ​ដណ្តើមបាន​មេដាយ​ចូល​ជាង ៩០ ភាគរយ​ទៅហើយ ៕/V​