​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​: លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​រួមមាន លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​អាគារ “​ឃ ” សាលា ខេត្តស្វាយរៀង ។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​: ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត លោក​សូម​ចូលរួម​អបអរសាទរ និង​មាន​សេចក្ដីសង្ឃឹម ជឿជាក់​យ៉ាង​មុតមាំ​ថា លោក លោកស្រី អភិបាលរង​ខេត្ត​ថ្មី ដែល​ត្រូវ​ប្រកាស​ចូលកាន់​មុខតំណែង​នៅថ្ងៃនេះ នឹង​អនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ប្រកបដោយ​ការសហការ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង និង​ចូលរួមចំណែក​ធ្វើ​ឲ្យ​ការអនុវត្ត​ការងារ​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការលើកកម្ពស់​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ។

​ចំណែក លោក ឡាំ ជា បាន​ថ្លែង​នូវ​ការ​កោត សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​បានរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ជំរុញ​អភិវឌ្ឍ​ខេត្ត ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់​សាធារណៈ​សង្គម បានល្អ​ប្រសើរ នាពេល​កន្លងមក ជាពិសេស ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាលខេត្ត ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការកសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ធ្វើ​ការកសាង និង​កែលម្អ​សោភ័ណភាព​ក្នុង​ក្រុង​ស្វាយរៀង យ៉ាង​ស្រស់បំព្រង​ផងដែរ​។

​សូមបញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ ៦៧៣ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានតែងតាំង​លោក ប៉េង ពោធិ៍​សា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​អភិបាល ថ្នាក់​លេខ​៦ , លោក ម៉ែន អេង ឋានន្តរស័ក្តិ ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ , លោក សុខា រ៉ា​ម ឋានន្តរ​ស័​ក្កិ​វរមន្ត្រី ថ្នាក់​លេខ​១ , លោកស្រី យក់ ស៉ី​ណាត ឋានន្តរ​ស័​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ៕V / N

លោកស្រី យក់ ស៉ី​ណាត ឋានន្តរ​ស័​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង